BREAKING NEWS
Search

រឿង សោ​ភ័​ណ្ឌ និង​អ៊ុំ ចំរើន កៀក​ស្មា​គ្នា​ឡើង​ប្រកួត​ម៉ា​រ៉ា​តុង​ជាមួយ​កីឡាករ​ថៃ

​ភ្នំពេញ ៖ កីឡាករ​ជើង​ខ្លាំង​ រឿង សោ​ភ័​ណ្ឌ អ្នក​ប្រដាល់​របស់​ក្លិប​ម្កុដ​រាជសីហ៍ កៀក​ស្មា​កីឡាករជើង​ខ្លាំង ​អ៊ុំ ចំរើន អ្នក​ប្រដាល់​នៃ​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ ម៉ា​ណាវ​ថង ណេ​ត​ណាំ​ឆ័យ និង​ កីឡាករ ហ្វា​ស៊ុ​រ៉ា​ក់ លាង​ប្រា​សឺត ប្រកួត​លក្ខណៈ​ម៉ា​រ៉ា​តុង លើសង្វៀន​ ស៊ី​អិន​ស៊ី នា​ថ្ងៃ​សៅរ៍​ ទី​០៩ ខែកញ្ញា ឆ្នាំ​២០១៧​នេះ​។

​ការប្រកួត​ប្រព្រឹត្តិ​ទៅតាម​រូបមន្ត​ជា Marathon គឺ​ចាញ់​ហាលអាវ ឈ្នះ​ត្រូវ​បន្ត​ការប្រកួត​ទៀត ទាល់តែរកឃើញ​ជើងឯក​ម្ចាស់​ពាន​ក្នុងពេល​តែមួយ​។ ការប្រកួត​ចែកចេញជា​ពីរ​ដំណាក់កាល ដែលដំណាក់កាល​ទី​១​ ប្រកួត​ជម្រុះមានតែ​បី​ទឹក​ប៉ុណ្ណោះ ​ដោយ​ក្នុង​មួយ​ទឹក​មាន​៣​នាទី ដើម្បី​ជម្រុះចោល​ពីរ​នាក់​ដែល​ចាញ់ ហើយពីរ​នាក់​ដែល​ឈ្នះ​នោះ ត្រូវ​ឡើងទៅ​ជួបគ្នា​ក្នុងដំណាក់កាល​ទី២ ជាការ​ប្រកួត​ផ្ដាច់ព្រ័ត្រមាន​៥​ទឹក តែ​មួយ​ទឹក​វាយ​តែ​២​នាទី​ទេ ដើម្បីដណ្តើម​ប្រាក់​ម៉ា​រ៉ា​តុង​នេះតែម្តង​។

​ក្នុងការ​ប្រកួត​នេះ​ផងដែរ ​ជុំ​ទី​១​ កីឡាករ​ជើង​ខ្លាំង ​​រឿង សោ​ភ័​ណ្ឌ ជួប​ជាមួយ​កីឡាករ​ថៃ ម៉ា​ណាវ​ថង ណេ​ត​ណាំ​ឆ័យ ក្នុង​ប្រភេទ​ទម្ងន់​ ៦៩ ​គីឡូក្រាម​។ ការប្រកួត​នេះ​ ត្រូវបាន​អ្នកតាមដាន​ប្រដាល់លើកឡើងថា រឿង សោ​ភ័​ណ្ឌ មានសង្ឃឹម​ឈ្នះ​ច្រើន​លើ​កីឡាករ​ជើង​ខ្លាំង​ថៃ ​ម៉ា​ណាវ​ថង ណេ​ត​ណាំ​ឆ័យ ព្រោះ ​សោ​ភ័​ណ្ឌ គេ​ជា​អ្នក​ប្រដាល់​ដែល​ឡើង​ប្រកួត​កម្រ​ចាញ់​គូរ​ប្រកួត​ណាស់ ដោយ​រូបគេប្រកួត​មិនចេះ​លាក់កម្លាំង​ និង​មាន​ស្នៀត​ពិសេស​ដើម្បី​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​ថែម​ទៀតផង។

​កីឡាករ​ដែលមាន​ដើមកំណើតនៅ​ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល រឿង សោ​ភ័​ណ្ឌ មួយរយៈពេល​ចុង​ក្រោយនេះ​ មានការ​រីកចម្រើន​ជាង​មុន​ច្រើន​ ទាំង​ស្នៀតគុន​ ទាំង​កម្លាំង​ស៊ុ​ហ្វ ពោល គឺ​គេ​ហ្វឹកហាត់​បានជា​ប់​លាប់ ធ្វើឱ្យ​កម្លាំង​ស៊ុ​ហ្វ​របស់គេ​ធានាបាន​ក្នុងការ​ប្រកួត​ប្រាំ​ទឹកដោយ​គ្មាន​បញ្ហា​ឡើយ​។ ចាំមើល​ជួប​ជាមួយ​កីឡាករ​ថៃ ម៉ា​ណាវ​ថង ណេ​ត​ណាំ​ឆ័យ Konongdeth នេះ ​រឿង សោ​ភ័​ណ្ឌ អាច​យកឈ្នះ​បាន​ឡើងទៅ​វគ្គ​ផ្ដាច់ព្រ័ត្រដែរ​ ឫ​យ៉ាងណា​?​។

​ចំណែក​កីឡាករ​ អ៊ុំ ចំរើន អ្នក​ប្រដាល់​កំពុងមាន​ឈ្មោះ​បោះ​សំឡេង ​ត្រូវបាន​គេ​ផ្គូផ្គង​ឲ្យ​ឡើង​ប្រកួតម៉ា​រ៉ា​តុង​ជាមួយ​អ្នក​ប្រដាល់​ជនជាតិ​ថៃ ​ឈ្មោះ​ ហ្វា​ស៊ុ​រ៉ា​ក់ លាង​ប្រា​សឺត ជា​លើកដំបូង​ក្នុងអាជីប​របស់ខ្លួន ក្នុង​ប្រភេទ​ទម្ងន់​ ៦៩ ​គីឡូក្រាម​។ សម្រាប់​ការជួប​អ្នក​ប្រដាល់​ថៃ​នេះ អ៊ុំ ចំរើន ប្រហែលជា​មិនមាន​បញ្ហា​អ្វី​នោះឡើយ បើទោះជា​គេ​មិនដែល​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃម្នាក់នេះ​ក្តី ព្រោះ​គេ​មាន​លក្ខណៈសម្បត្តិ​ កាយសម្បទា ​និង​សមត្ថភាព​បច្ចេកទេស ល្អ​និង​រឹងមាំ​។

​កីឡាករ ​អ៊ុំ ចំរើន ជា​ជើង​ខ្លាំង​មួយរូប ចិត្ត​ប្រដាល់​របស់គេ​ធំ ហើយ​ស្ទាត់ជំនាញ​ខ្លាំង​ខាង​ប្រើកណ្តាប់ដៃ កែង និង​ជង្គង់ ​ដែលជា​ស្នៀត​ធ្លាប់​ផ្តួល​គូប្រកួតឲ្យ​សន្លប់​ និង​ចុះចាញ់​ជាច្រើន​នាក់មកហើយ​នោះ​។ មិនតែប៉ុណ្ណោះ ​អ៊ុំ ចំរើន ​ក៏ជា​កីឡាករ​ដែលមាន​កម្លាំង​ខ្លាំង​ផងដែរ ពេល​ឡើងប្រកួត​ម្តងៗ​គេ​មាន​ស៊ុ​ហ្វ​ដូច​ក្របី​ឡើងក​អញ្ចឹង​។ គូប្រកួត​ល្មមៗ​មិនអាច​ទប់ នៃ​ការ​វាយ​សម្រុក​របស់គេ​បានឡើយ ដែល​តែងតែ​ដើរ​ទៅរក​គូប្រកួត​ជានិច្ច​នោះ​។ ចាំមើល ​អ៊ុំ ចំរើន ឬ​កីឡាករ​ថៃ ​ហ្វា​ស៊ុ​រ៉ា​ក់ លាង​ប្រា​សឺត ជា​អ្នកឈ្នះ​ឡើងទៅ​វគ្គ​បន្ត​?៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114