រោគសញ្ញា និងមូលហេតុនាំឲ្យក្មេងស្លេកស្លាំង ទៅជាខ្វះគ្រាប់ឈាមក្រហម

ជំងឺ​ស្លេក​ស្លាំង​លើ​កុមារ ជា​ជំងឺ​ធ្ងន់ធ្ងរ អាច​ប៉ះ​ពាល់​ការ​លូតលាស់ និង​ការ​អភិវឌ្ឍន៍​របស់​ក្មេង ដែល​តម្រូវ​ឲ្យ​ប៉ា​ម៉ាក់​យក​ចិត្ត​ទុក​ដាក់​ និង​តាមដាន​កូន​ឲ្យ​បាន​ដិត​ដល់។ តើ​ជំងឺ​ស្លេកស្លាំង​លើ​កុមារ​បណ្តាល​មក​ពី​មូលហេតុ​អីខ្លះ? ក្មេង​បែប​ណា​ងាយ​ប្រឈម​នឹង​ខ្វះ​ជាតិ​ដែក? ហើយ​សញ្ញា​សម្គាល់​វិញ មាន​អ្វីខ្លះ​ដែរ?

១. មូលហេតុ​នាំ​ឲ្យ​ក្មេង​ស្លេកស្លាំង

កូន​ក្មេង​កើត​ជំងឺ​ស្លេក​ស្លាំង ដោយ​តែ​រាង​កាយ​ទទួល​ជាតិដែក និង​វីតាមីន​សំខាន់ៗ​មួយ​ចំនួន​មិន​គ្រប់​គ្រាន់ តាម​រយៈ​របប​អាហារ ធ្វើ​ឲ្យ​ចំនួន​គ្រាប់​ឈាម​ក្រហម​ធ្លាក់​ចុះ។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ ក្មេង​ដែល​ងាយ​នឹង​ប្រឈម​នឹង​មាន​ជំងឺ​ស្លេកស្លាំង ដោយ​ខ្វះ​ជាតិ​ដែក​រួមមាន៖
– ក្មេង​កើត​មុនខែ ឬ​មិន​គ្រប់​គីឡូ
– ក្មេង​បៅ​ម្សៅ​ទឹកដោះ​គោ ឬ​ទឹកដោះ​ពពែ មុន​អាយុ១ឆ្នាំ
– ក្មេង​បៅ​ម្សៅ​ទឹកដោះ​គោ​ដែល​គ្មាន​ជាតិ​ដែក ឬ​មាន​តិច
– ក្មេង​ដែល​មាន​ជំងឺ​ឆ្លងរ៉ាំរៃ ឬ​តម​អាហារ
– ក្មេង​ដែល​មិនញ៉ាំ​ចំណី​អាហារ​សម្បូរ​ជាតិ​ដែក។

២. រោគសញ្ញា​ក្មេង​ខ្វះ​ជាតិ​ដែក

បើ​តាម​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេស​ជំងឺ​មហារីក និង​ឈាម នៅ​ពេល​ដែល​គ្រាប់​ឈាម​ក្រហម​ធ្លាក់​ចុះ ឯ​គ្រាប់​ឈាម​ស​នឹងកើន​ឡើង​ខ្លាំង ដែល​រោគ​សញ្ញា​មាន​ដូចជា៖
– ស្លេកស្លាំង
– អស់កម្លាំង
– បែកញើសស្អិត
– ត្រជាក់ដៃជើង
– ដង្ហើមខ្លី
– គ្រាប់​ឈាម​ក្រហម​ធ្លាក់​ចុះ បើ​ពិនិត្យ​ឈាម
– សន្លប់​ដោយ​គ្មាន​អុកស៊ីសែន​គ្រប់​គ្រាន់​ក្នុងឈាម (ករណីធ្ងន់ធ្ងរ)។

៣. វិធី​បង្ការ​មិន​ឲ្យ​កូន​កើត​ជំងឺ​ស្លេកស្លាំង

ជំងឺ​ស្លេក​ស្លាំង​បណ្តាល​មក​ពី​ខ្វះ​ជាតិ​ដែក ហើយ​ជាតិ​ដែក​បាន​មក​ពី​របប​ចំណី​អាហារ បែប​នេះ​ម៉ាក់ប៉ា​ចាំបាច់​ត្រូវ​តែ​យក​ចិត្តទុកដាក់​លើ​របប​ចំណី​អាហារ​របស់​កូន ពិសេស​គឺ​កូន​ម៉ឹម​​ម្សៅ​ទឹកដោះគោ គឺ​យើង​ត្រូវ​ជ្រើសរើស​ចំណី​អាហារ​ដែល​មាន​ជាតិ​ដែក​សមស្រប​តាម​តម្រូវការ​របស់​កូន។ ចំពោះ​កូន​ធំ អាច​ញ៉ាំ​ចំណី​អាហារ​បាន​វិញ យើង​អាច​ឲ្យ​ញ៉ាំ​ចំណី​អាហារ​ណា​ដែល​សម្បូរជាតិ​ដែក ក្នុង​នោះ​រួមមាន​សាច់គោ ជ្រូក ចៀម បេះដូង ថ្លើម សាច់​សត្វ​ស្លាប ស៊ុត ពពួក​សណ្តែក និង​បន្លែ​បៃតង​ចាស់។

៤. បរិមាណជាតិដែកក្មេងត្រូវការ

វិទ្យាស្ថាន​ជំងឺ​កុមារ American Academy of Pediatricsបាន​ណែ​នាំ​ឲ្យ​ប្រើ​អាហារ​បំប៉ន​ជាតិ​ដែក​សម្រាប់កុមារខាងក្រោមនេះ។

– សម្រាប់​ទារក​បៅ​ដោះ អាយុ៤-៦ ខែ ត្រូវ​ការ​ជាតិ​ដែក​សរុប ១ មិល្លីក្រាម/គីឡូ/ថ្ងៃ។
– ក្មេង​អាយុ ៦-១២ ខែ ត្រូវ​ការ​ជាតិ​ដែក ១១មិល្លីក្រាម/ថ្ងៃ ពី​ចំណី​អារហារ​ ឬ​អាហារ​បំ​ប៉ន។
– ចំពោះ​ទារក​កើត​មុន​ខែ ត្រូវ​ការ ២មិល្លីក្រាម/​គីឡូ/​ថ្ងៃ ប្រើ​ពេញ១​ឆ្នាំ​ដំបូង។ គួរ​តែ​ធ្វើ​បែប​នេះ​រហូត​ដល់​ក្មេងៗ​ទទួល​បាន​ជាតិ​ដែក​គ្រប់គ្រាន់​ពី​ទឹក​ដោះ​គោ ឬ​អាហារ។ ក្មេង​បៅ​ទឹក​ដោះ​គោ អាចទទួល​បាន​ជាតិ​ដែក​គ្រប់គ្រាន់។

– ក្មេង​អាយុ ១-៣ ឆ្នាំ អាច​ទទួល​បាន​ជាតិ​ដែក​គ្រប់​គ្រាន់​ពី​អាហារ​គេញ៉ាំ ដែល​តម្រូវ​ការ​ប្រចាំ​ថ្ងៃ ៧​មិល្លីក្រាម និង​អាច​បន្ថែម​អាហារ​បំប៉ន​ក្នុង​ករណី​ចាំ​បាច់៕

អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet