BREAKING NEWS
Search

រោគ​សញ្ញា​ជំងឺ​​គ្រុន​ឈាម មាន​ប៉ុន្មាន​ចំណុច​នេះ ម្តាយ​ឪពុក​ សូម​មើល​កូនៗ​ឲ្យ​មែនទែន

ជំងឺគ្រុនឈាមជាទូទៅតែងតែកើតមាននៅលើកុមារ តែក៏មានករណីជំងឺនេះ កើតមាននៅលើមនុស្សពេញវ័យដូចគ្នា។ យើងសង្កេតឃើញថា ជំងឺនេះច្រើនកើតឡើងនៅរដូវវស្សាដោយហេតុថារដូវភ្លៀងជាអំណោយផលដល់ការកកើតពពួកមូសខ្លា ដែលជាភ្នាក់ងារចម្លងរោគ។

ក) រោគសញ្ញា៖

– ក្តៅខ្លួនខ្លាំង

– ឈឺក្បាល

– ឈឺសន្លាក់ដៃជើង និងសាច់ដុំ

– ស្នាមអុចក្រហមលើស្បែក

– អាចមានជាអាការៈចុកនៅក្នុងពោះ, ក្អួតចង្អោរ

ខ) ការវិវត្តន៍នៃជំងឺ និងផលវិបាក៖

១) ជាទូទៅរយៈពេលពី ៣ ទៅ ៤ថ្ងៃបន្ទាប់ពីមានរោគសញ្ញាដំបូង អ្នកជំងឺអាចស្តែងចេញនៅរោគសញ្ញាផ្សេងៗដូចជា៖

– ការហូរឈាមនៅក្នុងភ្នែក(Hémorragie Conjonctivale)

– ហូរឈាមតាមច្រមុះ

– ស្នាមជាំនៅលើស្បែក

ជំងឺនេះនឹងជាទៅវិញនៅចន្លោះ ១០ ទៅ ១៤ ថ្ងៃ ឬអាចយូរជាងនេះ

២) ជំងឺគ្រុនឈាមមួយចំនួនអាចវិវត្តន៍ទៅរកសភាពធ្ងន់ធ្ងរ ដែលបណ្តាលមកពីការហូរឈាមតាមសរីរាង្គនានា(ប្រព័ន្ធរំលាយ អាហារ ស្បែក និងក្នុងខួរក្បាល) ហើយដែលអាចបង្កអោយមានគ្រោះថ្នាក់ដល់អាយុជីវិត។

គ) ការកំណត់រោគវិនិច្ឆ័យ៖

– ការធ្វើរោគវិនិច្ឆ័យនៃជំងឺនេះ អាចត្រូវបានធ្វើឡើង ដោយការកំណត់រកមេរោគគ្រុនឈាម នេះនៅក្នុងឈាមអ្នកជំងឺ (PCR) ឬដោយការកំណត់រកពពួក អង់ទីហ្សែន (NS1) និងពពួកអង់ទីករ(IgM, IgG) របស់មេរោគនេះនៅក្នុងឈាមអ្នកជំងឺ។

– ក្នុងករណីដែលអ្នកជំងឺដែលមានអាការៈដូចបានរៀបរាប់ខាងលើ (ហើយដែលជាពិសេសអាការៈនោះកើតមានឡើងក្នុងរដូវភ្លៀង) គួរអញ្ជើញមកធ្វើការពិគ្រោះជាមួយ គ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីអាចធ្វើរោគវិនិច្ឆ័យពិតប្រាកដនៃជំងឺនេះ អោយបានឆាប់រហ័សដើម្បីទទួលបាននូវការព្យាបាលដែលសមស្របមួយ។

ឃ) ការព្យាបាល៖

មកទល់ពេលបច្ចុប្បន្ននេះ យើងនៅមិនទាន់មានការព្យាបាលចំពោះជំងឺគ្រុនឈាមនេះនៅឡើយទេ។ ការព្យាបាល គឺត្រូវបានធ្វើឡើងដើម្បីកាត់បន្ថយ និងទប់ស្កាត់ជំងឺនេះ កុំអោយវិវត្តន៍ទៅរកសភាពធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់អាយុជីវិតរបស់អ្នកជំងឺ។ ការប្រើប្រាស់ថ្នាំប្រភេទ Aspirine ដើម្បីបញ្ចុះកំដៅ ត្រូវបានហាមឃាត់ព្រោះអាចបណ្តាលអោយមានការហូរឈាមខ្លាំងក្នុងករណីអ្នកជំងឺមានផ្ទុកមេរោគគ្រុនឈាម។

ង) វិធីបង្ការ៖

យើងអាចការពារពីការឆ្លងជំងឺនេះដោយៈ

– លុបបំបាត់ជម្រកមូស

– ការពារពីមូសខាំ (ពេលព្រឹក និងពេលព្រលប់):

• គេងក្នុងមុង (ទាំងថ្ងៃ ទាំងយប់)

• ស្លៀកសំលៀកបំពាក់ជិតៗ (មានពណ៌ចាំង)

• ចៀសវាងនៅក្នុងទីងងឺត

• ប្រើផលិតផលការពារមូស (លាបលើស្បែក)៕រស្មី