រោងចក្រ​ជាង​១០​ ក្នុងចំណោម​រោងចក្រ​ព្យួរ​ការងារ​៥០​ បាន​បើក​ដំណើរការ​ឡើងវិញ

ភ្នំពេញ ​៖​ លោក សេង សក្តា អគ្គនាយក ​នៃ​អគ្គនាយកដ្ឋាន​ការងារ​ នៃ​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​មានប្រសាសន៍ថា ​រោងចក្រ​ជាង​១០ ​ដែល​បើក​ដំណើរការ​ឡើងវិញ​នេះ ​គឺ​ដោយ​សារ​តែ​ថ្មីៗ​នេះ ​រដ្ឋាភិបាល​ចិន​ បាន​ដឹក​វត្ថុធាតុដើម​សម្រាប់​បម្រើ​ឲ្យ​វិស័យ​កាត់ដេរ​មកដល់​ប្រទេស​កម្ពុជា​ដែល​ជួយ​សម្រួល​ដល់​ក​ម្មករ​និ​យោជិត​ចូល​ធ្វើការ​ជា​ធម្មតា​ឡើងវិញ។

លោក​បាន​បន្តថា ​រហូត​មកដល់ពេលនេះ​មាន​រោងចក្រ​ប្រមាណ​៥០​ បាន​ព្យួរ​ការងារ​ដែល​មាន​កម្ម​ករ​ប្រមាណ​ជាង​២​ម៉ឺន​នាក់ ​ក្នុងនោះ​មាន ​រោងចក្រ​កាត់ដេរ រោងចក្រ​ស្បែកជើង​ និង​រោងចក្រ​កាបូប​ដោយសារតែ​កង្វះខាត​វត្ថុធាតុដើម​ដែល​បណ្តាលមកពី​ការផ្ទុះ​ជំងឺ​កូ​វីដ​១៩​ នៅ​ប្រទេស​ចិន​។​

លោក​បាន​អំពាវនាវ​ដល់​បងប្អូន​កម្មករ​និយោជិត​ទាំងអស់​ កុំ​មានការ​ព្រួយបារម្ភ​ចំពោះ​ការ​ព្យួរ​ការងារ​នេះ ​ព្រោះ​រាជរដ្ឋាភិបាល​ បានស្នើ​សុំ​ឲ្យ​ភាគី​ចិន​ជួយ​ដឹក​ជញ្ជួន​វត្ថុធាតុដើម​សម្រាប់​បម្រើ​វិស័យ​កាត់ដេរ​ឲ្យ​បាន​លឿន ​ហើយ​ជា​លទ្ធផល​ភាគី​ចិន​បាន​ដឹក​មក​ជា​បណ្តើរ​ទៅតាម​សំណូមពរ​របស់​កម្ពុជា​។

លោក​បណ្ឌិត គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ឲ្យ​ដឹងថា មាន​កប៉ាល់​សរុប​១៦​គ្រឿង ដែល​ផ្ទុក​វត្ថុធាតុដើម​សម្រាប់​វិស័យ​កាត់ នឹងត្រូវ​បាន​ដឹក​ចូលមក​កម្ពុជា រហូតដល់​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០២០​។​

លោក​បាន​បន្តថា​ «​យើង​បានទទួល​ព័ត៌មាន​បន្ថែម​ទៀត កប៉ាល់​៧​គ្រឿង មក​ក្រុម​ទី​១, ក្រុម​ទី​២ មក​កប៉ាល់​៩​គ្រឿង​ទៀត តាម​កម្មវិធី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៩ ខែ​មីនា ដែល​ផ្ទុក​វត្ថុធាតុដើម សម្រាប់​វិស័យ​កាត់ដេរ ចំនួន​៧៤៩​កុងតឺន័រ​…​យប់មិញ​នេះ បាន​មក​ដល់​១​គ្រឿង​ហើយ​។ យើង​រំពឹង​ថា ក្រុម​ទី​៣ និង​ក្រុម​ទី​៤ នឹង​មក​បន្តបន្ទាប់​ទៀត​»។

លោក​បណ្ឌិត គុណ ញឹម ជឿជាក់ថា នឹងមាន​កប៉ាល់​បន្តបន្ទាប់​ទៀត បន្ដ​ចូល​មក​កម្ពុជា ដោយ​យោង​ទៅតាម​ស្ថានភាព​កែលំអ​ល្អ​ប្រសើរ​របស់​ប្រទេស​ចិន ខណៈ​ដែល​ប្រទេស​ចិន ជា​ប្រទេស​មួយ ផលិត​វត្ថុធាតុដើម សម្រាប់​ប្រទេស​កម្ពុជា​។

ចំណែក​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ​បាន​អះអាងថា ​វត្ថុធាតុដើម​សម្រាប់​បម្រើ​ឲ្យ​វិស័យ​កាត់​ដេរ​នៅ​ប្រទេស​កម្ពុជា ​បាន​ដឹក​មកដល់​កំពង់ផែ​ខេត្ត​ព្រះសីហនុ​ជា​ណ្តើ​រៗ​ហើយ​ ដើម្បី​ចែក​ចាយ​បន្ត​ដល់​រោងចក្រ​មួយចំនួន​ដែល​កំពុងមាន​ការ​ខ្វះខាត​វត្ថុធាតុដើម​ទាំងនេះ​ដែល​ជួយ​ធ្វើ​ឲ្យ​រោងចក្រ​ព្យួរ​ការងារ​មួយចំនួន​អាចមាន​លទ្ធភាព​ចាប់ផ្ដើម​ដំណើរការ​ឡើងវិញ​បណ្តើរៗ​។

ជា​មួយ​គ្នា​នេះ​ដែរ សមាគម ​បាន​ថ្លែង​អំណរគុណ​ចំពោះ​សាលា​រាជធានី​ភ្នំពេញ​ដែល​បាន​ជួយ​សម្រប​សម្រួល​ និង​បាន​អនុញ្ញាត​ជាពិសេស​ឲ្យ​រថយន្ត​ដឹក​កុងតឺន័រ​ទាំងនោះ​អាច​ធ្វើ​ចរាចរណ៍​បាន​ទាំង​យប់​ទាំង​ថ្ងៃ​ ដើម្បី​ដឹកជញ្ជូន​វត្ថុធាតុដើម​ទាំងនោះ​ទៅកាន់​រោងចក្រ​ផ្សេងៗ​បាន​កាន់តែ​ឆាប់​។​

គួរ​បញ្ជាក់ថា​ នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន​និស្សិត​វ៉ាន់ដា​ កាលពី​ព្រឹក​ថ្ងៃ​ទី​១០​មីនា សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ប្រទេស​ចិន​ បាន​បញ្ជូន​នាវា​ដឹក​កុងតឺន័រ ៧​គ្រឿង ដឹក​វត្ថុធាតុដើម​សម្រាប់​ផ្គត់ផ្គង់​ដល់​រោងចក្រ​នៅ​កម្ពុជា ដែល​នាវា​ចំនួន​៧​គ្រឿង​នេះ នឹង​ដឹក​វត្ថុធាតុដើម​ទៅមក​រហូត​ដល់​បញ្ហា​បណ្តាល​មកពី​ជំងឺ​កូ​វីត​១៩​ ត្រូវបាន​បញ្ចប់​។ ក្នុងនោះ​ នាវា​៥​គ្រឿង នឹង​ដឹកទំនិញ​ចូល​កំពង់ផែ​ក្រុងព្រះសីហនុ រីឯ​នាវា​២​គ្រឿង​ទៀត​ ដឹក​វត្ថុធាតុដើម​ចូល​ទីក្រុង​ហូជីមិញ ប្រទេស​វៀត​ណាម ហើយ​ដឹក​បន្ត​តាម​រថយន្ត​ទៅ​ផ្គត់ផ្គង់​រោងចក្រ​នានា​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង​៕​

អត្ថបទ ៖ សំអឿន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114