BREAKING NEWS
Search

រោងចក្រ​ជិត​២០០​​ព្យួរ​ការងារ GMAC ​អំពាវនាវ​ដល់​អ្នកបញ្ជា​ទិញ ​ទូទាត់​ប្រាក់​ឲ្យ​បាន​លឿន​

ភ្នំពេញ ​៖​ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ​ដែល​ហៅ​កាត់​ថា​ GMAC​ បាន​អំពាវនាវ​យ៉ាង​ទទូច​ដល់​អ្នកបញ្ជា​ទិញ​ទាំងអស់​ មេត្តា​ទូទាត់​ប្រាក់​ឲ្យ​បាន​លឿន​ ដើម្បី​ឲ្យ​រោងចក្រ​មាន​លទ្ធ​ភាព​បើកប្រាក់​ឈ្នួល​ដល់​កម្មករ​ ចៀសវាង​ការ​ព្យួរ​ការងារ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្មករ​រាប់​ម៉ឺន​នាក់​។​

យោងតាម​លិខិត​អំពាវនាវ​ដល់​អ្នកបញ្ជា​ទិញ​ទាំងអស់​ដែល​ទិញ​សម្លៀកបំពាក់​ស្បែកជើង ​និង​ផលិត​ផល​ធ្វើដំណើរ​ពី​កម្ពុជា​របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ដែល​ចេញផ្សាយ ​កាលពី​ថ្ងៃទី​០៤​ខែ​ឧសភា ​ឆ្នាំ​២០២០ ​បាន​ឲ្យ​ដឹងថា​ «ខណៈ​ផលិតផល​កំពុង​ត្រូវបានធ្វើ​ការនាំចេញ ​រោងចក្រ​ត្រូវតែ​ទទួលបាន​ការទូទាត់​នូវ​អ្វីដែល​ត្រូវបាន​ជំពាក់ ​ហើយ​ការផ្ដល់​អ្វី​តិចជាង​នេះ ​គឺ​មិន​ត្រឹម​ត្រូវ​លក្ខខណ្ឌ​ទូទាត់​ប្រាក់​។ ​លក្ខខណ្ឌ​ទូទាត់​ប្រាក់​អាច​ពិភាក្សា​គ្នា​បាន ​ប៉ុន្តែ​ការមិន​ទូទាត់​ គឺ​មិនអាច​ទទួល​យក​បានទេ​ ហេតុដូច្នេះ ​យើង​សូម​អំពាវនាវ​ដល់​អ្នក​បញ្ជា​ទិញ​ទាំងអស់ ​មេត្តា​ទូទាត់​បំណុល​របស់​ខ្លួន​។​

សមាគម​រោងចក្រ​កាត់ដេរ​បាន​បន្ត​ថា ​«​យើង​យល់​អំពី​ការ​លំបាក​ដែល​អ្នកបញ្ជា​ទិញ​កំពុង​ប្រឈម ​ប៉ុន្តែ​យើង​ពិតជា​អំពាវនាវ​យ៉ាង​ខ្លាំង​ទៅ​អ្នកបញ្ជា​ទិញ​ទាំងអស់ ​មេត្តា​គោរព​តាម​លក្ខខណ្ឌ​ទូទាត់​ប្រាក់​សម្រាប់​ទំនិញ​ដែល​បាន​ទទួល​រួចហើយ​ និង​ដែល​កំពុង​ដឹក​ទៅ​ឲ្យ​អ្នកបញ្ជា​ទិញ​ ព្រោះថា​រោង​ចក្រ​នៅ​កម្ពុជា ​កំពុង​រងគ្រោះ​រួចហើយ​ពី​ការលុបចោល​ការ​បញ្ជាទិញ​ជាច្រើន​ និង​ការ​គ្មាន​បញ្ជា​ទិញ​ថ្មីៗ​ ហើយ​មិន​អាច​រក​ទ្រាំទ្រ​នឹង​ការ​មិន​ទូទាត់​ប្រាក់​នោះ​ទេ​»​។

បើ​តាម​សមាគម​រោងចក្រ​កាត់ដេរ​ ចាប់តាំងពី​ការអំពាវនាវ​របស់​ស​មា​គម​ទៅ​អ្នកបញ្ជា​ទិញ​ទាំងអស់​កាលពី​ថ្ងៃទី​០២​ ខែមេសា ​ឆ្នាំ​២០២០២​ សមាគម​ ទទួលបាន​ការ​ប្ដេជ្ញា​ចិត្ត​ពី​អ្នកបញ្ជា​ទិញ​មួយ​ចំនួន​ដែល​សមាគម​ និង​ប្រជាជន​កម្ពុ​ជា មាន​ការដឹង​គុណ​ ប៉ុន្តែ​ស្ថានភាព​ចាប់តាំងពី​ពេលនោះ ​កាន់តែ​អាក្រក់​ជាស​កល​ និង​ជាពិសេស​ក្នុង​ប្រទេស​កម្ពុជា​។​
​ ​
សមាគម​រោងចក្រ​កាត់ដេរ​បាន​បញ្ជាក់ថា ​«​គិត​ត្រឹម​ពេលនេះ​ សរសេរ​លិខិត​នេះ​ មាន​រោងចក្រ​ចំនួន ១៨០​ បាន​ព្យួរ​ប្រតិបត្តិការ​របស់ខ្លួន​ ហើយ​រោងចក្រ​ចំនួន​៦០​បន្ថែមទៀត​ នឹង​ឈានទៅរក​ការព្យួរ​ផង​ដែរ​ ដែល​កំពុង​ប៉ះពាល់​ដោយ​ដល់​កម្មករ​ជាង​១៥​ម៉ឺន​នាក់​ ដែល​ត្រូវ​បាន​ព្យួរ​ការងារ​ជា​បណ្ដោះ​អាសន្ន​រហូតដល់​ពេលនេះ​ ដោយ​មិន​ដឹង​ច្បាស់លាស់​ថា​ នឹង​បន្ត​ការងារ​វិញ​នៅ​ពេល​ណា ​ហើយ​កម្មករ​ជិត​២០​ម៉ឺន​នាក់ ​នឹង​ត្រូវ​ព្យួរការងារ​នាពេលខាងមុខ​ឆាប់ៗ​នេះ។​ ដែល​នឹង​ប៉ះពាល់​មិន​ត្រឹមតែ​កម្មករ​នោះទេ ​ប៉ុន្តែ​ថែមទាំង​សមាជិក​គ្រួសារ​ប្រមាណ​២​លាន​នាក់​ ដែល​ពឹង​ផ្អែកលើ​ពួកគេ​»​។​

សមាគម​រោងចក្រ​កាត់ដេរ​ បាន​រំលឹក​ដល់​អ្នកបញ្ជា​ទិញ​ថា ​កម្ពុជា ​ជា​ប្រទេស​មួយ​ក្នុង​ពិភពលោក​ដែល​ភ្ជាប់​ពាណិជ្ជកម្ម​ទៅ​នឹង​ស្តង់ដារ​ការងារ​។​ នៅ​ឆ្នាំ​២០០១ យើង​បាន​ចាប់​ដៃគូ​ជាមួយ​អង្គការ​អន្តរជាតិ​ខាង​ការងារ​(​អាយ​ឡូ​)​ ហើយ​បានចាប់ផ្ដើម​កម្មវិធី​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​ ដែល​តម្រូវ​ឲ្យ​រោងចក្រ​នាំ​ចេញ​សម្លៀកបំពាក់​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា​ ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​ពី​អាយ​ឡូ​ ដើម្បី​ធានា​អនុលោម​ភាព​ទៅតាម​ច្បាប់​ជាតិ​ និង​ស្តង់ដារ​ការងារ​អន្តរជាតិ ​ហើយ​កម្មវិធី​នេះ​ត្រូវ​បាន​អនុវត្ត​រហូត​រហូត​មក​ដល់​បច្ចុប្បន្ន​។​

សមាគម​រោងចក្រ​កាត់ដេរ​បាន​បន្ថែមថា​ «​យើង​មាន​មោទនភាព​ចំពោះ​កេរ្តិ៍​ដំណែល​នេះ ហើយ​នឹង​បន្ត​ធានា​ថា​ សិទ្ធិ​ការងារ​ និង​សិទ្ធិ​សង្គម​របស់​កម្មករ​យើង ​ត្រូវបាន​លើកកម្ពស់​ ខណៈ​យើង​បង្កើត​ចង្វាក់​ផ្គត់ផ្គង់​ចីរភាព​មួយ​»​។​

ជា​ចុងក្រោយ​ សមាគម​រោងចក្រ​កាត់ដេរ​បាន​លើក​ឡើង​ថា ​«​តាងនាម​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ ព្រមទាំង​កម្មករ​ទាំងអស់​នៅក្នុង​វិស័យ​ទាំងនេះ​ យើង​សូម​ថ្លែងអំណរគុណ​ដល់​អ្នកបញ្ជា​ទិញ​ទាំងអស់​ចំពោះ​ការ​គាំទ្រ ​និង​ទំនុកចិត្ត​ដែល​បានបង្ហាញ​ និង​ផ្ដល់​ឲ្យ​ឃើញ​ក្នុង​រយៈពេល​ជា​២​ទសវត្សរ៍​កន្លងមក​នេះ​ហើយ​យើង​ទន្ទឹង​រង់ចាំ​កិច្ចសហការ​ច្រើន​ឆ្នាំ​បន្ថែមទៀត​ជាមួយ​អ្នកបញ្ជា​ទិញ​ទាំងអស់​ដោយ​ស្មោះ​»៕

សូមចុចអាន ៖ ឡើង​ជែង​ខ្វះ​ការប្រុងប្រយ័ត្ន ដួល​ចូល​ក្រោម​កង់​រថយន្ត កិន​ស្លាប់​ម្នាក់ របួសធ្ងន់​២​នាក់​

អត្ថបទ ៖ ​សំអឿន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114