BREAKING NEWS
Search

លី ឌី​ណា ចេញមុខ​ជម្រះ​មន្ទិល​ស្នេហ៍​ជាមួយ​ស្វាមី ឈិន ច័ន្ទ​សុធា​រី

​ភ្នំពេញ ​៖​ ក្រោយពេល​ផ្ទុះ​នូវ​រឿងរ៉ាវ​ដ៏​ចម្រូងចម្រាស​ទាក់ទង​ដំណឹង​ស្នេហា​ត្រីកោណ​រវាង​តារា​ប្រុស​លោក សុវណ្ណ មករា ជាមួយ​តារា​ស្រី​វ័យក្មេង​រូប​ស្រស់ កញ្ញា លី ឌី​ណា ខណៈ​ដែល​អតីត​ពិធី​ការិនី​ស្រី​និង​ត្រូវជា​ភរិយា លោក សុវណ្ណ មករា អ្នកនាង ឈិន ច័ន្ទ​សុធា​រី ដាក់​ការ​ចោទប្រកាន់ថា កញ្ញា លី ឌី​ណា បាន​ជ្រែក​ផ្តាច់​ស្នេហ៍​ចង់​ដណ្ដើម​មក​ប្តី​របស់ខ្លួន​នោះ ពេលនេះ​ត្រូវបាន​សាមីខ្លួន​កញ្ញា លី ឌី​ណា បាន​ចេញមុខ​បដិសេធ​ដើម្បី​ស្រាយ​ចម្ងល់​របស់​មហាជន​ថា ជា​រឿង​មិន​ពិត​ឡើយ​។​

ដើម្បី​ជម្រះ​មន្ទិល និង​ជា​ការ​ឆ្លើយតប​លើ​ការចោទប្រកាន់​របស់ អ្នកនាង ឈិន ច័ន្ទ​សុធា​រី ដែល​បាន​ចោទប្រកាន់​រហូត​មានការ​ទម្លាយ​ថា ​តារា​ស្រី​សម្តី​ស្រទន់ កញ្ញា លី ឌី​ណា បាន​ព្យាយាម​ចង់​ដណ្តើម​ប្តី​របស់ខ្លួន​នោះ​ កញ្ញា​លី ឌី​ណា​បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​ឲ្យ​ដឹងថា​ ករណី​នេះ​វា​គ្រាន់តែ​ជាការ​យល់ច្រឡំ និង​ជាការ​ចោទប្រកាន់​ដោយ​គ្មាន​ភស្តុតាង​ការពិត​នោះឡើយ​។​

តារា​សម្ដែង​ស្រី កំពុង​ឡើង​កូដ កញ្ញា លី ឌី​ណា បាន​និយាយទៀតថា ចាស បង រឿង​ហ្នឹង​គ្រាន់តែ​ជាការ​យល់ច្រឡំ​ប៉ុណ្ណោះ ព្រោះ​វា​មិនមែនជា​ការពិត​ឡើយ​។​

ម្យ៉ាងទៀត​ការយល់ច្រឡំ​នេះ ដោយសារតែ​ខ្ញុំ និង​បង សុវណ្ណ មករា ជា​អ្នក​រួម​ការងារ​សិល្បៈ​ជាមួយគ្នា​ ហើយ​យើង​ឧស្សាហ៍​ចេញទៅ​ថត​សម្តែង​នៅតាម​បណ្តា​ខេត្ត​រួមគ្នា ​ហេតុនេះហើយ​ទើបបានជា​ធ្វើ​ឲ្យ​ភរិយា​របស់គាត់ បងស្រី ឈិន ច័ន្ទ​សុធា​រី មានការ​យល់ច្រឡំ​លើ​ពួកយើង​។​

កញ្ញា លី ឌី​ណា បាន​បន្តថា បើ​និយាយ​ពី​រូបភាព ឬ​ភស្តុតាង​ដែល​បង សុធា​រី គាត់​ថា​មាន​នោះ គឺ​គ្មាន​ ​ ហើយ​អ្វីដែល​គាត់​និយាយ​ហ្នឹង គឺ​គ្រាន់តែ​ជា​ការ​និយាយ​ពុំ​មាន​ការពិត​ឡើយ ព្រោះ​តាំងពី​ដើមដំបូង​មក​ខ្ញុំ​ធ្លាប់​បាន​ប្រាប់​គាត់​ហើយ​ថា​ បើសិនជា​គាត់​(​ឈិន ច័ន្ទ​សុធា​រី​) មាន​ភស្តុតាង​ ខ្ញុំ​ក៏​មិន​ប្រកែក និង​ប្រឈម​លើ​ការពិត​ដែរ ​តែ​រូបភាព​ដែល​មាន​នោះ ​ត្រឹម​ជា​រូបភាព​ធម្មតាៗ​ប៉ុណ្ណោះ​។​

តារា​វ័យ​ជាង​២០​ឆ្នាំ​សាច់​សខ្ចី​ដូច​បណ្តូល​ចេក​កញ្ញា លី ឌី​ណា បានលើកឡើង​ទៀតថា ធម្មតា​ទេ តួ​សម្ដែង​ស្រី​ជាមួយ​បង សុវណ្ណ មករា ពេល​យើង​ធ្វើ​ការងារ​រួមគ្នា គឺ​រមែង​នៅ​ជិត​គ្នា​ច្រើន និង​មាន​ភាព​ស្និទ្ធស្នាល​រាប់អាន​គ្នា​លក្ខណៈ​ក្រុមការងារ​រួម​អាជីព​។ ដូច្នេះហើយ​ធម្មតា​មនុស្ស​ស្រី​ចិត្តជា​ប្រពន្ធ​នរណា​ក៏​តែងតែ​បារម្ភ ហើយ​មានការ​សង្ស័យ​ផងដែរ​។​

ជាមួយគ្នានេះ កញ្ញា លី ឌី​ណា ក៏បាន​បញ្ជាក់​បន្ថែមថា រវាង​នាង និង​លោក សុវណ្ណ មករា គឺ​រាប់អាន​គ្នា​ត្រឹម​មិត្ត​ភក្ដិ​រួម​អាជីព​ប៉ុណ្ណោះ ពោលគឺ​ចាត់ទុក​គាត់​ដូចជា​រៀមច្បង​។​

ម្យ៉ាងទៀត​រាល់ថ្ងៃ​នាង​ក៏មាន​គូ​កំណាន់ចិត្ត​ហើយ​ដែរ ប៉ុន្តែ​ដោយសារ​រឿង​នេះ​ទើប​ធ្វើ​ឲ្យ​ចំណង​មេត្រីភាព​ស្នេហា​របស់​នាង​ជាមួយ​គូសង្សារ​ហាក់​មាន​ការ​ក្នក់ចិត្ត​គ្នា​ខ្លះ ព្រោះតែ​រឿង​គ្មាន​ការពិត​ទាំងនេះ ​ដែល​បាន​កើតឡើង​កាលពី​ថ្មីៗ​កន្លង​មក​នេះ​៕​

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114