លី រិទ្ធី អាច​យកឈ្នះ នី សុ​ភី បាន​ឬ​អត់? ក្នុង​ជំនួប​លើ​សង្វៀន​បិទទ្វារ​បាយ័ន​ស្ទឹងមានជ័យ​ព្រឹក​ថ្ងៃអាទិត្យ​នេះ

​លី រិទ្ធី អ្នក​ប្រដាល់​ស្រ​ក្រោយ​ក្លឹប​មី​ស្ទ័​រលី​គុន​ខ្មែរ ត្រូវ​គេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើងចាស់​នី សុ​ភី ឬ​ឡុង​សុ​ភី អ្នក​ប្រដាល់​ក្លឹប​កុលបុត្រ​គុន​ខ្មែរ​ នៅ​លើ​សង្វៀន​បិទទ្វារ Cambodia Beer បាយ័ន​ស្ទឹងមានជ័យ នា​ព្រឹក​ថ្ងៃអាទិត្យ​ទី​២៤​ឧសភា​២០២០​នេះ។ សម្រាប់​ការផ្គូផ្គង​នេះ គូប្រកួត​របស់ លី រិទ្ធី គឺជា​អ្នក​ប្រដាល់​ជើងចាស់ ​ដែល​មាន​ឈ្មោះ​ល្បី។ សម្រាប់​ការប្រកួត​លើក​នេះ នី សុ​ភី​ប្រកួត​ក្នុង​ទម្ងន់​៧១​គីឡូក្រាម។

​លី រិទ្ធី គេ​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ ធ្លាប់​ប៉ះ​ប្រកួត​ជាមួយ​ថៃ​ប៉ុន្មាន​នាក់​ ហើយ​តែ​លើក​នេះ​ជួប​នី សុ​ភី មិន​ដឹង​ថា​ ទៅ​រួច​ជាមួយ​សុ​ភី​បាន​ឬ​អត់​នោះ​ទេ ?។ ប៉ុន្តែ​យ៉ាងណា​លី រិទ្ធី គេ​មានចិត្ត​ប្រដាល់​ធំ​ស៊ូ​ចំពោះ​ការប្រកួត។ អ្នក​ប្រដាល់​ស្រករ​ក្រោយ​រូប​នេះ ខ្លាំង​គួរសម​ដែរ ដែល​នី សុ​ភី មិន​អាច​មើលស្រាល​បាន​ឡើយ។ ទោះជា​យ៉ាងណា រវាង​លី រិទ្ធី និង នី សុ​ភី​នេះ គ្មាន​នរណា​ហ៊ាន​សន្និដ្ឋាន​និង​ទាយ​មុន​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះ​ឡើយ បើ​ទោះ​បី​ជា​នី​សុ​ភី ស្គាល់​រេញ​មុន​រិទ្ធី ក៏ដោយ​នោះ។​ ចាំមើល លី រិទ្ធី អាច​យកឈ្នះ​នី សុ​ភី បាន​ឬ​អត់​ក្នុង​ជំនួប​លើកដំបូង​នេះ​?។

​ចំពោះ បាង កា​នុ​ន អ្នក​ប្រដាល់​ស្រករ​ក្រោយ​ក្លឹប​អាណាចក្រ​គុន​ខ្មែរ ត្រូវ​គេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ដូចគ្នា អាន ទាវ ក្លឹប​យុវ​វាល​ស្បូវ ដោយ​ប្រកួត​ក្នុង​ទម្ងន់ ៥៧ គ​.​ក្រ។ ចាំ​មើល រវាង​បាង កា​នុ​ន និង អាន ទាវ តើន​រណា​ជា​អ្នកឈ្នះ ​នៅ​ក្នុង​ការ​ជួប​គ្នា​លើកដំបូង​នេះ ?។ ជំនួប​រវាង​ខ្មែរ​និង​ខ្មែរ​ដែរ​នោះ ធា វាសនា អ្នក​ប្រដាល់​ក្លឹប​រាជសីហ៍​ខេត្តរ​តនគិរី នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ លី តឿន អ្នក​ប្រដាល់​ក្លឹប​មកុដ​រាជសីហ៍​។​ ពីរ​នាក់​នេះ ជួប​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម ហើយ​សូ​ដា ចិ​ត្រា អ្នក​ប្រដាល់​ក្លឹប​គោព្រៃ​គុន​ខ្មែរ ត្រូវ​ជួប​ប្រកួត​ជាមួយ​ ឯម​ ចន្ថា អ្នក​ប្រដាល់​ក្លឹប​ថ្មគោល​ពោធិ​សែន​ជ័យ ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣ គីឡូក្រាម៕
អត្ថបទ៖ ​វិ​សិទ្ធ
សូមចុចអាន៖ កីឡាករ adrian mariappa របស់​ក្លិប watford​ភ្ញាក់ផ្អើល​នឹង​ការធ្វើ​តេស្ត​វិជ្ជមាន​នៃ​ជំងឺ covid-19