ព័ត៍មានទាន់​ហេតុការណ៏
Search

លួងលោម​រំលោភ​កូនចុង​អាយុ​៥​ឆ្នាំ​បាន​សម្រេច​២​ដង​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន

សៀមរាប ​៖​ នគរបាល​ស្រុក​វ៉ារិន បាន​ឲ្យ​ដឹងថា ដោយ​ទទួលបាន​បណ្តឹង​ពី​ជីដូន​របស់​ក្មេងស្រី​រងគ្រោះ ពី​ករណី​រំលោភ​សេពសន្ថវៈ កូនចុង​ដែល​​មាន​អាយុ​៥​ឆ្នាំ​ បាន​២​លើក កម្លាំង​នគរបាល​ជំនាញ​នៃ​ស្រុក​វ៉ារិន បាន​នាំ​ខ្លួន​ជនសង្ស័យ​ជា​ឪពុកចុង​មក​សួរនាំ។

លោក វរសេនីយ៍ ហុង ប៉ូ​ហេង បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៩​នេះ​ថា នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ វេលា​ម៉ោង​១២​និង​០៣​នាទី ​​​​កម្លាំង​នគរបាល​ស្រុក​វ៉ារិន បាន​ទទួល​បណ្ដឹង​ពី​ឈ្មោះ ឃួន វ៉ន ភេទ​ស្រី អាយុ ៧០​ឆ្នាំ មាន​ទីលំនៅ​ភូមិ គោក​កណ្តាល ឃុំ​ល្វា​ក្រាំង ស្រុក​វ៉ារិន ខេត្ត​សៀមរាប​​ថា ​​ឈ្មោះ ព្រឿង សំ ភេទ​ប្រុស​(​ជា​កូនប្រសា​)​ បាន​ប្រព្រឹត្ត​សកម្មភាព​ចាប់​រំលោភ​សេពសន្ថវៈ​ទៅលើ​ឈ្មោះ ស​.​ច​.​រ ភេទ​ស្រី​អាយុ ០៥​ឆ្នាំ (​ជា​ចៅស្រី​របស់​គាត់​)​កាលពី​ថ្ងៃ​ទី​មិន​ចាំ នៅ​អំឡុង​ខែ​ភ្ជុំបិណ្ឌ ក្នុង​ឆ្នាំ​២០១៩​នេះ។

លោក​បន្ថែមថា កាលពី​ថ្ងៃ​ទី​មិន​ចាំ ខែកក្កដា ឆ្នាំ​២០១៩ ជនសង្ស័យ​ខាងលើ​ត្រូវជា​ឪពុកចុង​របស់​ជនរង​គ្រោះ ឈ្មោះ ស​.​ច​.​រ​ ភេទ​ស្រី ​អាយុ​០៥​ឆ្នាំ មាន​ទីលំនៅ​ជាមួយគ្នា ឃុំ​ល្វា​ក្រាំង ស្រុក​វ៉ារិន ខេត្តសៀមរាប ​ បានធ្វើ​សកម្មភាព​លួងលោម​ជនរងគ្រោះ យកទៅ​រំលោភ​សេពសន្ថវៈ បានសម្រេច​ចំនួន​២​លើក នៅ​ចំណុច ត្រពាំង​ចា​រ្យ ស្ថិតនៅ​ខាងត្បូង​ភូមិ​កើតហេតុ​ខាងលើ។ ក្រោយ​ទទួលបាន​បណ្តឹង​កម្លាំង​ជំនាញ​ បាន​ចុះ​ស្រាវជ្រាវ​ដល់​ទី​កន្លែង​កើតហេតុ និង​នាំ​ជនសង្ស័យ​ខាងលើ​ មក​ធ្វើការ​សាកសួរ កំណត់ហេតុ។ ជនសង្ស័យ ​បាន​ឆ្លើយ​សារភាព​ប្រាប់​នគរបាល​ជំនាញ​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​សកម្មភាព រំលោភ​សេពសន្ថវៈ​លើ​ជនរងគ្រោះ​ចំនួន​២​លើក​ពិតប្រាកដ​មែន​។​

បច្ចុប្បន្ន​កម្លាំង​នគរបាល​ស្រុក​វ៉ារិន កំពុង​រៀបចំ​សំណុំ​រឿង​នេះ​ ទៅ​​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​ខេត្ត​សៀមរាប​ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114