លោកគ្រូ ប្រាក់ សុវណ្ណារ៉ា រៀបចំ​ទម្រង់​លេង ដើម្បី​ប្រកួត​ជាមួយ​ជំងឺ COVID-19

ក្នុង​គ្រា​ដែល​មិនមាន​សកម្មភាព​បាល់ទាត់​ត្រូវ​បានរៀបចំ​ធ្វើឡើង​នៅក្នុង​ប្រទេស ក្រោយពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា ប្រកាស​ផ្អាក​ការប្រកួត​ផ្លូវការ​ទាំងអស់ លោកគ្រូ ប្រាក់ សុវណ្ណារ៉ា ដែល​ជា​គ្រូ​បង្គោល​របស់​ក្លិប​បាល់​ទាត់​នគរបាល​ជាតិ បាន​បង្ហាញ​យុទ្ធសាស្ត្រ​ នៃ​ការរៀបចំ​ប្រព័ន្ធ​លេង​ ដើម្បី​យកឈ្នះ​លើ​ជំងឺឆ្លង​តាមរយៈ​ផ្លូវ​ដង្ហើម COVID-19 ។​

​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ ​លោកគ្រូ ប្រាក់ សុវណ្ណារ៉ា បាន​បង្ហាញ​អំពី​ការរៀបចំ​ប្រព័ន្ធ​លេង​ទម្រង់ ៤-២-៣-១ ដើម្បី​ធ្វើការ​ប្រកួត​តទល់​នឹង​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ ដោយ​ក្នុង​នោះ ​លោកគ្រូ​បានរៀបចំ​ដូចជា ​៖ អ្នកចាំទី គឺ​តំណាងឲ្យ​ការ​នៅផ្ទះ​។ ខ្សែ​ការពារ មានដូចជា ការ​ពាក់​ម៉ា​ស​មាន​សុវត្ថិភាព​, រក្សា​ចម្ងាយ ១,៥​ម៉ែត្រ ទៅ ២​ម៉ែត្រ​, លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់ និង ចៀសវាង​ការ​ចាប់​ដៃ​ ជំនួស​ដោយ​ការ​សំពះ​។ ខ្សែបម្រើ មាន​ដូចជា ចម្អិន​អាហារ​ឲ្យ​បាន​ឆ្អិន​ល្អ​, កុំ​យកដៃ​ប៉ះ​មុខ​មុន​ពេល​លាងដៃ​, ពិសា​ទឹក​ឲ្យ​បាន​ច្រើន​, ធ្វើតេស្ត​រ​ក​វីរុស និង​ប្រើ​វីតាមីន C ពង្រឹង​ប្រព័ន្ធ​រាងកាយ​។ ខ្សែប្រយុទ្ធ គឺ​ការ​ដាក់​ខ្លួន​នៅ​ដាច់ដោយឡែក​។​

​ការចូលរួម និង គាំទ្រ​របស់​ជនរួមជាតិ​ជា​ផ្នែក​មួយ​ដ៏​មាន​សារៈសំខាន់​បំផុត យើង​សង្ឃឹម​ថា នឹង​អាច​យកឈ្នះ​ក្នុងការ​ប្រកួត​នេះ​។ នេះ​ជា​សារ​ដែល​ លោក ប្រាក់ សុវណ្ណារ៉ា បាន​ភ្ជាប់​ក្នុង​ខ្លឹមសារ នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ COVID-19។

ជាមួយគ្នា​នោះ​ផង​ដែរ លោកគ្រូ ប្រាក់ សុវណ្ណារ៉ា ក៏បាន​ផ្សារភ្ជាប់​ផង​ដែរ​ចំពោះ​ចំណាត់​ការ​ដែល​សហព័ន្ធ​សម្រេច​ផ្អាក​ការប្រកួត​លី​គ​កំពូល​កម្ពុជា និង​ការប្រកួត​ផ្សេងៗ​ទៀត ​៖ “ ការផ្អាក​លី​គ ជា​ជម្រើស​ដ៏​ល្អ​បំផុត ហើយ​គ្រប់ផ្នែក​ទាំង​អស់ នៃ​ការប្រកួត​ផ្សេងៗ​ទៀត​ក៏​គួរតែ​ធ្វើ​អញ្ចឹង​ដែរ”។​

​លោក​បន្តថា​ “ ចំពោះ​ការហ្វឹកហាត់​វិញ គឺ​មិនមាន​ផលប៉ះពាល់​នោះទេ​ដល់​ក្លិប​និ​មួយៗ ព្រោះ​បើ​តាម​ការជូនដំណឹង CNCC នឹងធ្វើ​ការប្រកាស​អំពី​ការ​ត្រឡប់​មកលេង​វិញ រយៈពេល​១​ខែ ដែល​ស្មើ​នឹង​៤​សប្ដាហ៍ ដូចនេះ​ គឺ​មិន​មាន​ការ​ប៉ះពាល់​ដល់​ក្រុម​និ​មួយៗ​ក្នុង​ការ​ប្រមូល​កម្លាំង​វិញ​ទេ ”។​

​លើសពីនេះ​ទៀត លោកគ្រូ​ ក៏បាន​បង្ហាញ​ទស្សនៈ​ថា កីឡាករ​យើង​មួយចំនួន ដែល​វ័យក្មេង ​គឺ​ពួកគាត់​អាច​ហាត់​បាន វា​ជា​រឿង​ល្អ គឺ​យើង​អាច​នឹង​ជួយ​ផ្សព្វផ្សាយឲ្យ​ពួកគាត់​បាន​យល់ឲ្យ​កាន់​តែ​ច្បាស់​អំពី​មេរោគ COVID-19 ហ្នឹង អំពី​ការសម្អាត​រាងកាយ អំពី​ការថែទាំ​សុខភាព ព្រោះថា​ក្មេង ទោះ​ឆ្លង​ក៏​មិន​ងាយ​នឹង​គ្រោះថ្នាក់​ឡើយ តែ​អាច​នឹង​ចម្លង​ទៅដល់​ឪពុកម្ដាយ ញាតិមិត្ត​ បងប្អូន ដែល​មាន​វ័យចាស់។​

​សូម​រំលឹកថា ការប្រកួត​ក្របខ័ណ្ឌ​លី​គ​កំពូល​កម្ពុជា រដូវ​កាល ២០២០ បានសម្រេច​ផ្អាក​ការប្រកួត ក្រោយ​ចប់​សប្ដាហ៍​ទី​៥ ខណៈដែល​ការប្រកួត​ពានរង្វាន់ ​សម្ដេច​អគ្គ​មហា​សេនាបតី តេ​ជោ ហ៊ុន សែន លើក​ទី​១៤ ឆ្នាំ​២០២០ បាន​ដំណើរការ​ចប់​វគ្គ​ជម្រុះ​ពូ​ល​ដំណាក់កាល​ទី​១ (​ថ្នាក់​ខេត្ត​) ហើយ ក្រៅពីនោះ​ការប្រកួត​ពានរង្វាន់​ជម្រើស​ជើងឯក​យុវជន​អាយុ​ក្រោម ១៦ និង ១៨​ឆ្នាំ ក៏​ត្រូវ​ផ្អាក​ជា​បណ្ដោះអាសន្ន​ផង​ដែរ រង់ចាំ​ការ​ជូនដំណឹង​ជាថ្មី៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114