លោកគ្រូ ប្រាក់ សុវណ្ណារ៉ា យល់ឃើញ​យ៉ាងណា​ចំពោះ​ការ​ដំណើរការ​ប្រកួត​ឡើងវិញ ?

កាលពី​ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២០​កន្លង​ទៅ​នេះ ក្រសួងសុខាភិបាល​តាម​រយៈ​អនុសាសន៍​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឲ្យ​ដំណើរការ​ប្រកួត​កីឡា​របស់​សហព័ន្ធ​ជាតិ​ទាំងអស់ ក្នុងនោះ​បាល់ទាត់ ត្រូវ​ប្រកួត​ដោយ​បិទទ្វារ និង​បង្កើន​ការរក្សា​អនាម័យ​។

ជុំវិញ​ការវិលត្រឡប់​មកវិញ​នៃ​ការ​ដំណើរការ​លីគ​កំពូល​កម្ពុជា និង​សកម្មភាព​បាល់ទាត់​ទូទៅ ក្រោយ​ខកខាន​អស់​រយៈពេល ជាង ២​ខែ​កន្លងទៅនេះ លោកគ្រូ ប្រាក់ សុវណ្ណារ៉ា ដែល​បច្ចុប្បន្ន​ជា​គ្រូ​បង្គោល​នៃ​ក្លិប​បាល់ទាត់​នគរបាលជាតិ បាន​លើកឡើងថា “ ខ្ញុំ​គិតថា កីឡា​គឺ​មាន​ឥទ្ធិពល​ច្រើន​ទៅដល់​សង្គម វា​ជា Entertainment សម្រាប់​បងប្អូន​ដែល​គាត់​តានតឹង អាច​ទស្សនា​ដើម្បី​រំសាយ​អារម្មណ៍ អញ្ចឹង​ចំណាត់​ការណ៍​នេះ​គឺ​វា​មាន​ភាព​វិជ្ជមាន​ច្រើន ហើយ​សូម្បីតែ​ប្រទេស​ធំៗ​នៅក្នុង​លោក ក៏​គេ​កំពុងតែ​ធ្វើ​នៅ​រឿង​នេះដែរ ”។

លើសពីនេះទៅទៀត គ្រូបង្វឹក​កម្ពុជា​ដំបូង​គេ​ដែល​កាន់​អាជ្ញា​ប័​ណ្ឌ AFC Pro License បាន​បន្ថែម​ថា “ ជុំវិញ​ហានិភ័យ​វិញ គឺ​វា​ទាប​ឆ្ងាយ​ណាស់​បើ​យើង​ធ្វើការ​ប្រៀបធៀប​ជាមួយនឹង​រឿង​ផ្សេងៗ ឧទាហរណ៍​ដូចជា ផ្សារ​លក់ដូរ រោងចក្រ កន្លែង​ហាង​ផឹកស៊ី ផ្សេងៗ គឺ​ហានិភ័យ​ទាប​ណាស់ ព្រោះ​យើង​ដំណើរការ​ឡើងវិញ​ក្នុង​លក្ខ​ខ័​ណ្ឌ​ប្រកួត​បិទទ្វារ អញ្ចឹង​យើង​ងាយស្រួល​គ្រប់គ្រង​មែនទែន ”។

លោកគ្រូ ប្រាក់ សុវណ្ណារ៉ា នៅតែ​និយាយ​ដដែលៗ​ថា ការ​ដំណើរការ​ឡើងវិញ​នៃ​វិស័យ​កីឡា គឺមាន​អត្ថប្រយោជន៍​ខ្ពស់ជាង​ហានិភ័យ ព្រោះ​កីឡាករ​ដែល​លេង​កីឡា គឺ​ពួកគេ​មានការ​ថែទាំ​សុខភាព​ខ្លួន​បានល្អ​ណាស់ អ្វីដែល​យើង​ត្រូវ​ប្រយ័ត្ន និង​បង្ការ​នោះ គឺ​ការរក្សា​អនាម័យ ការប្រើប្រាស់​ម៉ាស់ ការ​វាស់​កម្តៅ។

គួររំលឹកថា ការផ្អាក​សកម្មភាព​កីឡា នៅ​ទូទាំងប្រទេស​កម្ពុជា បាន​ធ្វើឡើង​ចាប់តាំងពី​ថ្ងៃទី ១៣​ខែ មីនា ឆ្នាំ ២០២០​កន្លងទៅ ខណៈដែល​បច្ចុប្បន្ននេះ​កម្ពុជា មាន​ករណី​ឆ្លង​មេរោគ COVID-19 ចំនួន ១២៤​ករណី និង​ព្យាបាល​ជាសះស្បើយ​ចំនួន ១២២​ករណី នៅសល់តែ ២​ករណី​ប៉ុណ្ណោះ ដែល​កំពុង​តាមដាន និង​ត្រួតពិនិត្យ​យ៉ាង​ដិតដល់​ពី​ក្រសួងសុខាភិបាល៕
សា​រ៉ាត់

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114