ព័ត៍មានទាន់​ហេតុការណ៏
Search

លោកជំទាវ​ម៉ែន សំអន​ ៖​ ប្រែក្លាយ​ថ្ងៃ​៩ ខែ​វិច្ឆិកា ជា​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​ ឲ្យ​ទៅជា​ថ្ងៃ​ទទួលទាន​អំបុក​ខ្មែរ​ថែ​ជាតិ សាសនា ព្រះមហាក្សត្រ

ភ្នំពេញ​ ៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា ដោយ «​យើង ប្រែក្លាយ​ថ្ងៃ​៩ ខែ​វិច្ឆិកា របស់​យើង ដែល​ជា​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ ជា​ថ្ងៃ កំណើត កង​យោធពល ខេមរភូមិន្ទ ឲ្យ​ទៅជា​ថ្ងៃ​ទី​០៩ វិច្ឆិកា ទទួល​ទាន ហូប អំបុក ទាំង​អស់​គ្នា អំបុក​ខ្មែរ​ថែ​ជាតិ សាសនា ព្រះមហាក្សត្រ »​ផង​ដែរ។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​ បាន​អំពាវនាវ​បែបនេះ ​ក្នុង​ពិធីបុណ្យ​អកអំបុក​នៅ​វត្តភ្នំ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ ២០១៩។ ក្នុងនាម​រាជរដ្ឋាភិបាល និង​ក្នុងនាម​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ផ្ទាល់​មាន​ក្តី សោមនស្ស រីករាយ ដោយ​បានមក​ចូលរួម​ក្នុង​ពិធី​អកអំបុក​នៅ​រាជធានី​ភ្នំពេញ នា ឱកាស ដ៏ សប្បាយ រីករាយ​នេះ គឺ​ស្រប​ពេលដែល​ថ្ងៃនេះ​គឺជា​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ និង​ថ្ងៃ កំណើត​កងទ័ព​ជាតិ។ ពិធី​នេះ​រៀបចំឡើង ដើម្បី​អបអរសាទរ​ព្រះរាជ ពិធី បុណ្យអុំទូក បណ្ដែតប្រទីប និង សំពះ ព្រះ ខែ អកអំបុក ដែល​នឹង​ប្រារព្ធ ធ្វើ ថ្ងៃ ទី ១០-១១-១២ ខែវិច្ឆិកា ខាង មុខ នេះ ដែលជា​បុណ្យប្រពៃណី ជាតិ របស់ ប្រជាជន ខ្មែរ ដែលមាន​តាំងពី យូរ លង់ មក ហើយ។

ពិធីបុណ្យ​ប្រពៃណីជាតិ​ខាងលើ មាន​តាំងពី​បុរាណកាល ដ៏​យូរលង់ ណាស់ មកហើយ ដូច មាន ចែង​ក្នុង​ឯកសារ​របស់​ប្រវត្តិ​វិទូ​ជាច្រើន ក៏ ដូចជា តាម សិលាចារឹក នៃ​ប្រាង្គ ប្រាសាទ អង្គរ​។​
លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​ ថ្លែងបន្តថា ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ការដឹកនាំ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល មាន សម្ដេច​អគ្គមហាសេនា ប​តី​តេ ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បានទទួល សុខ សន្ដិភាព ពេញបរិបូរណ៍ និង​មានការ​អភិវឌ្ឍ ​​រីកចម្រើន ឈាន ឡើង លើ គ្រប់​ វិស័យ ហើយ ប្រជាជន​ទូទាំងប្រទេស កាន់​តែមាន​ជីវភាព ល្អ ប្រសើរ ឡើង មាន សុភ​ម​ង្គល និង​មាន សិទ្ធិ សេរី ភាព ពេញលេញ ក្នុង​ជំនឿ​សាសនា និង​ការ ប្រារព្ធ ពិធី បុណ្យ ជាតិ ប្រពៃណី និង​បុណ្យ សាសនា​ផ្សេងៗ យ៉ាង សប្បាយ រីករាយ។

ជាក់ស្តែង រាជធានី​ភ្នំពេញ យើង​ថ្ងៃនេះ កំពុង រៀបចំ ពិធី អកអំបុក ដើម្បី អបអរ សាទរ​ថ្ងៃ​ឯករាជ្យ​ជាតិ​ផង និង​ដើម្បី​រួបរួមគ្នា​ការពារជាតិ សាសនា ព្រះមហាក្សត្រ​ផង​។ ទិវា​នេះ មាន​អត្ថន័យ ធំធេង​ណាស់ ព្រោះ​ឱកាស នេះ យើង ធ្វើ ឡើង ដើ ម្បី ទប់ស្កាត់​ជន​ក្បត់ជាតិ មួយ ចំនួន ដែលមាន​បំណង ប៉ុនប៉ង ផ្តួលរំលំ រាជរដ្ឋាភិបាល​ស្របច្បាប់ និង បង្ក ចលាចល អសន្តិសុខ និង វិនាសកម្ម​ដល់ ប្រទេស ជាតិ​យើង​។ ម្យ៉ាងទៀត ក៏​ចង់​ក្រើន​រំលឹក​ដល់​យុវជន​ជំនាន់​ក្រោយៗ ទៀត ឲ្យ​បាន​យល់​កាន់តែច្បាស់ និង​ស្គាល់​អត្តសញ្ញាណ​ជាតិ​ផងដែរ ព្រោះថា យុវជន​យើង​ស្ថិតក្នុង​បរិបទ​សម័យថ្មី យុវជន​ខ្លះ​គាត់​ទំនើប​ពេក​ទៅ គាត់​ស្គាល់ របៀប​អឺរ៉ុប​ច្រើនជាង ក៏​ភ្លេច​អត្តសញ្ញាណ​ជាតិ​។ ពេលនេះ​គឺ​ពួកគាត់​អាច​ស្វែង យល់​បន្ថែមទៀត អំពី​ប្រវត្តិ និង​ប្រពៃណី​ពី​បុរាណ​របស់​ខ្មែរ​យើង និង​បាន​ស្គាល់ អំពី របៀប ដាល់ អំបុក ឬក៏​ការធ្វើ​អំបុក កាន់តែច្បាស់។ យើង​ទាំងអស់​អស់​គ្នា ត្រូវ រួមគ្នា​ថែរក្សា និង​អភិរក្ស​នូវ​អ្វី​ដែលជា​មរតក​របស់​ដូនតា​ខ្មែរ​ឲ្យ​នៅ​ស្ថិតស្ថេរ​គង់វង្ស ផងដែរ។

លើស ពីនេះ ទៀត ព្រឹត្តិការណ៍​នេះ​ក៏​ពិត​ជាការ បង្ហាញ ពី​ស្មារតី​សាមគ្គីភាព ដ៏ រឹងមាំ​របស់​ប្រជាជន នៅ​រាជធានី​ភ្នំពេញ ក៏ដូចជា នៅ​ទូទាំង​ព្រះរាជាណាចក្រ កម្ពុជា យើង ដែល​កំពុង តែ​សប្បាយរីករាយ​នឹង សុខសន្តិភាព និង គាំទ្រ រាជរដ្ឋាភិបាល ដែល ដឹកនាំ ដោយ​សម្តេច​តេ​ជោ​ហ៊ុន សែន​ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ក្នុងឱកាស​នេះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ លោក​ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ ដែល​បាន​ជួយ ឧបត្ថម្ភ​គាំទ្រ​ទាំង​ស្មារតី សម្ភារៈ និង ថវិកា​ដល់ ការរៀប ចំ ពិធី អកអំបុក​នាឱកាស​នេះ ដើម្បី បង្កើន ភាព​សប្បាយ រីករាយ ឲ្យ កាន់ តែ មាន​ភាព​អធិកអធម​បន្ថែមទៀត។

​ជា​ចុងក្រោយ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ​បាន​ជូនពរ​ដល់ ប្រជាពលរដ្ឋ​យើង សូម​ចូលរួម ពិធី បុណ្យជាតិ ដែល​នឹងត្រូវ​ប្រារព្ធ​ជា​បន្តបន្ទាប់ ឲ្យ​បាន​ច្រើន​កុះករ ប្រកប ដោយ សុវត្ថិភាព ជោគជ័យ និង មាន ភាពសប្បាយ រីក​រា យ ក្នុង អត្ថន័យ ពង្រឹង សាមគ្គីភាព និង​រក្សា នូវ ទំនៀម ទម្លាប់ ប្រពៃណី វប្បធម៌ ដ៏ ល្អ ប្រពៃ របស់ ប្រជាជន កម្ពុជា យើង ដែលមាន តាំងពី​យូរលង់​មក។

ឆ្លៀត​ក្នុងឱកាស​នេះ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​បាន​អំពាវ​នា​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់គ្នា ដោយ «​យើង ប្រែក្លាយ​ថ្ងៃ​៩ ខែវិច្ឆិកា របស់​យើង ដែលជា​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ ជា​ថ្ងៃ កំណើត កងយោធពល ខេមរភូមិន្ទ ឲ្យ​ទៅជា​ថ្ងៃទី​០៩ វិច្ឆិកា ទទួល ទាន ហូប អំបុក ទាំងអស់គ្នា អំបុក​ខ្មែរ​ថែ​ជាតិ សាសនា ព្រះមហាក្សត្រ»៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114