លោកជំទាវ ម៉ែន សំអន ជំរុញ​ឲ្យ​ប្រធាន​មន្ទីរ ២៥ រាជធានី​-​ខេត្ត​ដើម្បី​ពង្រឹង​បន្ថែម​ពី​ភារកិច្ចការងារ

​ភ្នំពេញ ៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​ ព្រឹទ្ធសភា និង​អធិការកិច្ច ជំរុញ​ឲ្យ​ប្រធាន​មន្ទីរ ២៥ រាជធានី​ ខេត្ត​ដើម្បី​ពង្រឹង​បន្ថែម​ពី​ភារកិច្ច​ការងារ​ក្នុង​ការ​ចូលរួម​ក្នុង​កិច្ច​សហប្រតិបត្តិការ​រ​វាង​មន្ទីរ និង​គណៈ​អភិបាលខេត្ត ក៏ដូចជា​មន្ទីរ​នានា​នៅ​ក្នុង​ខេត្ត​រាជធានី​ផង​ដែរ​។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​នៅក្នុងពិធី​ខណៈ​អញ្ជើញ​ជា​អធិបតី​ក្នុង​ការដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ប្រធាន​មន្ទីរ ២៥ រាជធានី​ ខេត្ត ចំណុះ​ឲ្យ​ក្រសួង ស្តីពី​ការ​ពង្រឹង​របៀបរបប​ការងារ នា​ព្រឹក​ថ្ងៃ​ច័ន ១១​រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ២១ ខែមករា ឆ្នាំ​២០២០ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ មុននឹង​ចាប់​ផ្តើម​បើក​សន្និបាត​បូកសរុប​លទ្ធផល​ឆ្នាំ ២០១៩ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ ២០២០ របស់​ក្រសួង ។

​ថ្លែង​ក្នុង​ឱកាស​នោះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​អបអរសាទរ​ចំពោះ​លទ្ធផល​ដែល​គ្រប់​មន្ទីរ​ក្រោម​ឱវាទ​សម្រេច​លទ្ធផល​បាន​តាម​ផែន​ការដែល​ក្រសួង​បាន​ដាក់​ឲ្យ​អនុវត្ត ។ លោកជំទាវ​ក៏បាន​បន្ត​ទៀត​ថា ឆ្លងកាត់ តាមរយៈ ការ​ទទួល​បាន​ជោគជ័យ​នៃ​ការ​ធ្វើ​ការ​ចុះ​អង្កេត​ស្រាវជ្រាវ​បណ្តឹង​ចំនួន ២​ខេត្ត គឺ​នៅ​ខេត្ត​ព្រះសីហនុ និង​នៅ​ខេត្ត​បន្ទាយមានជ័យ បន្ទាប់ពី​បាន​ទទួល​បាន​ចំណោយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ​ចុះអនុវត្ត គឺ​យើង​ទទួល​បាន​លទ្ធផល​គួរ​ជាទី​មោទនៈ ក្រោម​ការ​សម្របសម្រួល​ដោយ​ឈរ​លើ​គោលនយោបាយ​ឈ្នះ ឈ្នះ ដោយ​បាន​បញ្ចប់​ទំនាស់​បាន​ទាំងពីរ​ករណី​នេះ ។

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ក៏បាន​ផ្ដល់​អនុសាសន៍​សំ​ខាន់ៗ​ផ្តាំ​ផ្ញើ​ឲ្យ​ប្រធាន​មន្ទីរ​ទាំងអស់​ត្រូវ​បន្ត​អនុវត្តន៍​គឺ​ទី​១. ពង្រឹង​កិច្ចសហ​ប្រតិបត្តិការ​រ​វាង​មន្ទីរ និង​គណៈ​អភិបាលខេត្ត ក៏ដូចជា​មន្ទីរ​នានា​នៅ​ក្នុង​ខេត្ត​ផង​ដែរ​។ ទី​២. គ្រប់​ប្រធាន​មន្ទីរ​ទាំងអស់​ត្រូវ​ធ្វើកា​រងារ​ដោយ​ប្រយ័ត្នប្រយែង ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។ ទី​៣. ក្នុងនាម​ជា​មន្ត្រីរាជការ​ត្រូវ​ពង្រឹង​សមត្ថភាព​ផ្ទាល់ខ្លួន​បន្ថែម​ទៀត ដើម្បី​ចូលរួម​ចំណែក​ក្នុងការ​អភិវឌ្ឍ​ប្រទេស ក្នុងនាម​ជា​សេនាធិការ​ឲ្យ​គណៈ​អភិបាលខេត្ត ក្រសួង និង​រាជរដ្ឋាភិបាល​តែម្ដង ៕


អត្ថបទ៖ វិមាន​