BREAKING NEWS
Search

លោកជំទាវ ម៉ែន សំអន ជំរុញ​ឲ្យ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ទាំងអស់​បន្ត​ផ្សព្វផ្សាយ​វិធានការណ៍​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩

ស្វាយរៀង ៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​ក្នុងនាម​ប្រធាន​ក្រុមការងារ​ចុះជួយ​ខេត្តស្វាយរៀង​ បាន​ថ្លែង​នូវ​ការ​ជំរុញ​ឲ្យ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ទាំងអស់​ទូទាំង​ខេត្ត​ស្វាយរៀង​បន្ត​ផ្សព្វផ្សាយ​វិធានការណ៍​បង្ការ ការពារ ទប់ស្កាត់​ជំងឺ កូ​វីដ​-១៩​ដល់​ថ្នាក់​មូលដ្ឋាន​ផ្ទាល់​តែម្ដង​ ដើម្បី​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​បាន​យល់​កាន់​តែ​ច្បាស់​ក្នុង​ស្មារតី​ម្ចាស់ការ​រៀងៗ។ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ​ខណៈ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​សមាជិកា​ក្រុង​បាវិត​នៃ​ខេត្តស្វាយរៀង​កាលពី​ព្រឹក​ថ្ងៃ​ទី​២០ មេសា​ឆ្នាំ​២០២០​ថ្មីៗ​នេះ​។

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​ដោយ​ចោទ​ជា​សំណួរ​ដល់ សមាជិក​សមាជិកា​បក្ស​ក៏​ដូច​អាជ្ញាធរ​គ្រប់​ថ្នាក់​មូលដ្ឋាន​ថា ​តើ​អ្វី​ទៅជា ជំងឺ កូ​វីដ​-១៩?​ ហើយ​វា​ជា​សណ្ឋាន​ជំងឺ​បែប​ណា​។ លោកជំទាវ​កិត្តិ​សង្ហ​បណ្ឌិត​បាន​ពន្យល់​ថា ជំងឺ កូ​វីដ​-១៩​ គឺជា​ជំងឺ​ ដែល​បង្ក​ដោយ​មេរោគ (​វីរុស​) កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ដែល​ជា​វីរុស​ថ្មី​នៃ​អម្បូរ​វីរុស​កូ​រ៉ូ​ណា​។ ជំងឺ​ដែល​បង្ក​ដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​នេះ ត្រូវ​បាន​គេ​រកឃើញ​ដំបូង​នៅក្នុង​ទីក្រុង​វូ​ហាន ប្រទេស​ចិន ដែល​ត្រូវ​បាន​គេ​ដាក់ឈ្មោះថា ជំងឺ​វីរុស​កូ​រ៉ូ​ណា​ឆ្នាំ​២០១៩ (​កូ​វីដ​១៩/COVID-19) ដែល​ពាក្យកាត់ “CO” តំណាង ឱ្យ​ពាក្យ corona (​កូ​រ៉ូ​ណា​) “Vi” តំណាងឲ្យ​ពាក្យ virus (​វីរុស​) និង “D” តំណាង​ឲ្យ​ពាក្យ disease (​ជំងឺ​)​។ កាលពីមុន ជំងឺ​នេះ​ត្រូវ​បាន​គេ​ហៅ ឈ្មោះថា “​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​ឆ្នាំ​២០១៩” ឬ “2019-nCoV”​។ លោកជំទាវ​កិត្តិ​សង្ហ​បណ្ឌិត​បាន​ពន្យល់​ថា​វីរុស COVID-19 គឺជា​វីរុស​ថ្មី​មួយ ​ដែល​មាន​ទំនាក់ទំនង​ទៅ​នឹង​អម្បូរ​នៃ​វីរុស​ដូចគ្នា​នឹង​ជំងឺ​រោគសញ្ញា​ផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ (SARS) និង​ប្រភេទ​ជំងឺ​ផ្ដាសាយ​ទូទៅ​មួយ​ចំនួន​ទៀត​។​

​តើ​វីរុស COVID-19 រីក​រាលដាល​យ៉ាង​ដូច​ម្តេច​?
​វីរុស​នេះ​ ត្រូវ​បាន​ចម្លង​តាមរយៈ ការ​ប៉ះពាល់​ផ្ទាល់​ទៅ​នឹង​ដំណក់​ទឹក​តូចៗ​ដែល​ចេញពី​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​របស់​អ្នក​ដែល​បាន​ឆ្លង​វីរុស (​តាមរយៈ​ការ​ក្អក និង​កណ្តាស់​) និង​ការ​ប៉ះ​ទៅលើ​ផ្ទៃ​នានា​មាន​វីរុស​។ វីរុស COVID -19 អាច​រស់នៅ​ផ្ទៃ​ខាងក្រៅ​បានជា​ច្រើន​ម៉ោង​។ ប៉ុន្តែ​ថ្នាំ​សម្លាប់​វីរុស​ដូចជា​អាល់កុល និង​សាប៊ូ ទូទៅ​អាច ប្រើ​ដើម្បី​សម្លាប់​វា​បាន​។ បច្ចុប្បន្ន មាន​ប្រទេស​ជិត​២០០ បាន​ឆ្លង​ជំងឺ​នេះ ដែល​លាតសន្ធឹង​គ្រប់​ទ្វីប​ ហើយ​សរុប​មនុស្ស​ឆ្លង​មាន​ជាង​២​លាន​៣​សែន​នាក់ ក្នុង​នោះ ជាង​១៦​ម៉ឺន​នាក់​បាន​ស្លាប់។ ប្រទេស​ដែល​ធ្ងន់ធ្ងរ​ជាងគេ​ គឺ​សហរដ្ឋ​អាមេ​រិក មាន​ច្រើន​ជាង​គេ (​ជាង ៧៣​ម៉ឺន នាក់​ឆ្លង និង​ជាង​បី​ម៉ឺន​បី​ពាន់​នាក់ ស្លាប់​) និង​ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប ដូចជា​អ៊ីតាលី អេស្ប៉ាញ បារាំង អាឡឺម៉ង់ និង​អង់គ្លេស​។ ដោយឡែក​កម្ពុជា​គិត​មកដល់​ថ្ងៃ​ទី ១៩ មេសា មាន​អ្នក​ឆ្លង​ចំនួន ១២២ នាក់ ដោយ​មិន​ទាន់មាន​អ្នកស្លាប់​។ ក្នុង​នោះ​យើង​បាន​ព្យាបាល​ជា សះស្បើយ​ចំនួន ១០៦ នាក់ (៨៦%)​។​

​តើ COVID-19 មាន​រោគសញ្ញា​អ្វីខ្លះ​?
​រោគសញ្ញា​អាច​ជា​គ្រុនក្តៅ ក្អក និង​ថប់ដង្ហើម​។ ក្នុង​ករណី​ធ្ងន់ធ្ងរ​ជាង​នេះ ការ​ឆ្លង​វីរុស​នេះ​អាច​បណ្តាល​ឲ្យ​កើត​ជំងឺ​រលាក​សួត ឬ​ពិបាក​ដក ដង្ហើម​។ អ្វី​ដែល​គួរ​ឲ្យ​ខ្លាច​នោះ គឺ​ជំងឺ​នេះ​អាច​បណ្តាល​ឲ្យ​ស្លាប់​បាន​។ រោគសញ្ញា​វា​ស្រដៀង​នឹង​ជំងឺ​ផ្តាសាយ (influenza) ឬ ជំងឺ​ផ្តាសាយ​ទូទៅ​ដែល​កើត មាន ច្រើនជាង COVID-19 ។ ការ​ធ្វើ​តេស្ត ទ​បើ​អាច​បញ្ជាក់​ថា អ្នកណាម្នាក់​ពិតជា​មាន​ផ្ទុក​វីរុស COVID-19​។

​លោកជំទាវ​កិត្តិ​សង្ហ​បណ្ឌិត​ បាន​ផ្តល់​នូវ​វិធានការ​សំខាន់ៗ​ក្នុង​ក្រប​ខណ្ឌ​រាជរដ្ឋាភិបាល​បាន​ត្រៀម​ជាច្រើន និង​ប្រុងប្រយ័ត្ន​ដើម្បី​ការពារ​អាយុ​ជីវិត របស់​ប្រជាពលរដ្ឋ ដូចជា​
​ទី​១. ត្រៀម​ផែនការ យុទ្ធសាស្ត្រ​ជាមុន រួមមាន​៖ ការ​បង្កើត​គណៈកម្មាធិកា​រ ជាតិ ប្រយុទ្ធ ប្រឆាំង នឹង​ជំងឺ​កូ​វីដ​១៩ ត្រៀម និង​កៀរគរ ថវិកា ធនធានមនុស្ស និង​មធ្យោបាយ​ផ្សេងៗ​។​
​ទី​២. ទប់ស្កាត់​ការឆ្លង​ពី​ក្រៅ (​រិត​ត្បិត​ការធ្វើដំណើរ​មកកាន់​ក​ម្ពុ​ជា​ចំពោះ អ្នកដំណើរ​ដែល​មកពី​ប្រទេស​មាន​ហានិភ័យ​ខ្ពស់​)។​
ទី​៣. ការពារ​កុំ​ឲ្យ​រាលដាល ក្នុងស្រុក ពី​ម្នាក់​ទៅ​ម្នាក់ ជាពិសេស​ការ​រាលដាល​ទៅ ដល់ សហគម​។ (​ដោយហេតុ​នេះ ហើយ​បានជា​យើង​បាន​ប្រកាស​មិន​ឲ្យ​ឈប់​ចូលឆ្នាំ និង​ការ​ជួប​ជុំគ្នា​)​។​
​ទី​៤. បន្ត ព្យាបាល​អ្នក​ដែល​ឆ្លង និង​ផ្ទុកមេរោគ​ឲ្យ​ជាសះស្បើយ​។​
​ទី​៥. ត្រៀម​ដាក់​ប្រទេស​ក្នុង​ភាព​មាន​អាសន្ន បើ​ចាំបាច់​។​

​ជា​មួយ​គ្នា​នេះ​ដែរ ​លោកជំទាវ​កិត្តិ​សង្ហ​បណ្ឌិត ​បាន​ពន្យល់​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ ​ត្រូវ​អនុវត្តន៍ ដូចតទៅ​ដោយ​រក្សា​អនាម័យ ដោយ​លាងដៃ​ឲ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក ឬ​ប្រើ​ទឹក​លាងដៃ​ ដែល​មាន​ជាតិ​អាល់កុល​ហើយ​ខ្ទប់​មាត់ និង​ច្រមុះ​របស់​អ្នក​ដោយ​ប្រើ​កែងដៃ ក្រ​ម៉ា ឬ​ក្រដាស​ជូត​មាត់ នៅ​ពេល​ក្អក​ឬ​កណ្តាស់ បោះចោល​ក្រដាស​ជូត​មាត់​ទៅ​ក្នុង​ធុងសំរាម​បិទ​ជិត​។ ជៀសវាង​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​ ដែល​មាន​រោគសញ្ញា​ដូចជា ផ្តាសាយ ឬ​គ្រុន​ក្តៅ​ ហើយ​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ប្រសិនបើ​អ្នក​ក្តៅខ្លួន ក្អក ឬ​មាន​អារម្មណ៍​ថា​ពិបាក​ដកដង្ហើម​។​
​លោកជំទាវ​កិត្តិ​សង្ហ​បណ្ឌិត​បាន​ថ្លែង​សង្កត់ធ្ងន់​ថា បើ​មិន​ចាំបាច់​ទេ​ត្រូវ​នៅផ្ទះ ជា​ការ​ល្អ​បំផុត​ដោយ​ធ្វើ​អនាម័យ​ជាប្រចាំ​ម្យ៉ាងទៀត​បើ​អាច​ធ្វើ​បាន ត្រូវ​រក្សា​គម្លាត​ពី​គ្នា យ៉ាងតិច ២​ម៉ែ​ត្រ​ជា​ការ​ប្រសើរ​បំផុត​តែម្ដង​៕
អត្ថបទ៖ វិមាន​

ចុចអាន៖ កម្ពុជា​ មាន​ភូមិ​ដែល​ពុំ​ទាន់​មាន​អគ្គិសនី​ប្រើប្រាស់​១០៣៧​ភូមិ ​នៅ​ទូទាំង​ប្រទេស​