លោកជំទាវ ឱ វណ្ណឌីន៖ មួយយប់ទល់ភ្លឺមកដល់ពេលនេះហេីយមិនទាន់បានសម្រាកទេ​ ដើម្បីប្រជាជនយើង​ចៀសពី Covid-19

លោក​ជំទាវ​ ឱ វណ្ណឌីន​ រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​​បាន​​លើក​ឡើង​​ថា​ មួយ​យប់​​ទល់​ភ្លឺ​​​មក​​ដល់​ពេល​នេះ​ហើយ​(​​ថ្ងៃ​ទី​ ៤ ខែ​​មេសា​ ២០២០​ ម៉ោង​​ ១១៖១៨​នាទី​)​​​​លោក​ជំទាវ​ ​មិន​ទាន់​បាន​សម្រាក​ទេ​​ តែ​ដើម្បី​ផល​ប្រយោជន៍​ប្រជាជន​កម្ពុជា​ចៀសផុតការឆ្លងវីរុសកូវីដ១៩។ លោក​ជំទាវសូម​លើក​ដៃ​បង្គុំ​សំពះ​ជូន​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ សូម​បាន​ចៀស​ផុត​នូវ​ការ​ចម្លងវីរុសកូវីដ១៩ទាំងអស់គ្នា។ អ្នក​ដែល​បាន​ឆ្លង​ហើយ​​ ​ក៏​សូម​ឲ្យ​បាន​ជា​សះស្បើយ​ជា​បន្ត​បន្ទាប់​ទាំង​អស់​គ្នា​។​ នេះបើតាម​បណ្តាញសង្គម Telegram ឆ្លើយ​ឆ្លងជាមួយ​ក្រុម​អ្នក​សារព័ត៌មាន​។

សួស្ដី​ឆ្នាំ​ថ្មី​ សិរីសួស្ដី​ វិបុលសុខ​ សុខ​ភាព​ល្អ​ បន្ត​ទប់​ស្កាត់​បាន​ការ​រាតត្បាតវីរុសកូវីដ១៩​ ​នៅ​ក្រោម​ដំបូល​សុខ​សន្តិភាព​និង​កណ្ដាប់​ដៃ​ដ៏​ស័ក្ដិសិទ្ធិ​របស់​សម្ដេច​អគ្គមហា​សេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា។​ ​លោក​ជំទាវ​បាន​អរគុណ​ជា​អនេក​នូវ​ការ​ចូល​រួម​ទប់​ស្កាត់​ការ​ចម្លង​វីរុសកូវីដ១៩​។

 

លោក​ជំទាវ​​ ឱ វណ្ណឌីន ត្រូវ​បាន​ចាត់​ទុក​ជា​បុគ្គល​សំខាន់​​ និង​ លេច​ធ្លោ​ខ្លាំង​​​ចាប់​តាំង​ពី​កម្ពុជា​​​រក​ឃើញ​មាន​​អ្នក​ឆ្លង​ Covid-19។ ​​លោក​ជំទាវ​ត្រូវ​បាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​​ជា​ច្រើន​កោត​សរសើរ​​ពី​សមត្ថភាព​​​​ឆ្លើយ​តប​ទៅ​កាន់​​អ្នក​​សារព័ត៌មាន​​ លឿន ​រហ័ស និង​ច្បាស់​ៗ​ ងាយ​ស្រួល​យល់​ មាន​អំណះអំណាង​ត្រឹម​ត្រូវ​​ប្រកប​ដោយ​វិជ្ជាជីវៈ​។

ប្រឹង​​ធ្វើ​​ការងារ​ទាំង​​យប់ថ្ងៃ​ប៉ុណ្ណឹង​​ហើយ ​​លោក​ជំទាវ​នៅឆ្លៀត​​​បរិច្ចាគ​​ប្រាក់​បៀវត្ស​ របស់​ខ្លួន​ចំនួន​៩០ម៉ឺនរៀល ​សម្រាប់​រយៈ​ពេល​៥ខែ​ ចាប់​ពី​ខែ​មេសា ដល់​ខែ​សីហា ឆ្នាំ២០២០​ ជូន​ដល់​គណៈកម្មការជាតិ​ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩​​ ទៀត​ផង​។​

គិត​ត្រឹមថ្ងៃទី ៤ ខែ​មេសា នេះកម្ពុជា​មិនមាន​ករណី Covid-19 ឆ្លង​ថ្មីទេ​ ខណៈអ្នក​ជាមាន​ចំនួន​ ១៥​នាក់ ។ដូច្នេះសរុបអ្នក​ជាសះស្បើយបានកើន​ឡើង​សរុប ដល់ ៤៩ នាក់ ស្មើនឹង ៤២.៩៨% គិតត្រឹម​ម៉ោង ៧៖០០ព្រឹកថ្ងៃទី៤ ខែមេសា៕