លោកស្នងការ​ចុះ​សួរ​សុខទុក្ខ​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ម្នាក់​កំពុង​សម្រាក​ព្យាបាល​របួស​នៅ​ក្នុង មន្ទីរពេទ្យ​ខេត្ត ខណៈ​ដែល​ត្រូវ​ក្រុម​ជន​ទំនើង​ស្រវឹង​វាយ​បាក់ជើង​ម្ខាង​
BREAKING NEWS
Search

លោកស្នងការ​ចុះ​សួរ​សុខទុក្ខ​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ម្នាក់​កំពុង​សម្រាក​ព្យាបាល​របួស​នៅ​ក្នុង មន្ទីរពេទ្យ​ខេត្ត ខណៈ​ដែល​ត្រូវ​ក្រុម​ជន​ទំនើង​ស្រវឹង​វាយ​បាក់ជើង​ម្ខាង​

កំពង់ឆ្នាំង ​៖ លោកស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០២០ នេះ​បាន​ដឹកនាំ​ក្រុមការងារ​ស្នងការដ្ឋាន ចុះ​សួរ​សុខទុក្ខ​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ម្នាក់ ដែល​រង​របួស​ក្នុង​ពេល​បំពេញភារកិច្ច កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ខេត្ត ដែល​ត្រូវ​បាន​ជន​ទំនើង​មួយ​ក្រុម​ស៊ីផឹក​វាយ​ឲ្យ​បាក់ជើង​ម្ខាង ខណៈ​ដែល​មន្ត្រី​នគរបាល​យើង​បាន​ចូល​ទៅ​ឃាត់​ក្រុម​ផឹកស៊ី​កំពុង​ឈ្លោះប្រកែក​គ្នា កាលពី​ម៉ោង​១១ និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី ២៦ ខែ មករា ឆ្នាំ​២០២០ នៅ​ក្នុង​ភូមិ​ទី​៦ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង​។​

​លោក​វរសេនីយ៍ឯក ឆាយ ខេ​មរ​ត្ន័ អធិការ​នគរ​បាល ក្រុង​កំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា​៖ មន្ត្រី​នគ​បាល រងគ្រោះ​មានឈ្មោះ សួស សារី ឋានន្តរ​ស័ក អនុសេនីយ៍ត្រី ជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍ រដ្ឋបាល​សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង​។ លោក​អធិការ​នគរ​បាល ក្រុង​កំពង់ឆ្នាំង បាន​បន្ត​ថា​៖ មុន​ពេល​កើត ហេតុ​ក្រុម​ជន​ទំនើង​ជា​អ្នក​ផឹក​ស៊ី​ខាងលើ​បាន​នាំ​គ្នា​ផឹកស៊ី​ស្រវឹង និង​មាន​ទំនាស់​ពាក្យ​សម្តី​គ្នា​ក្នុង​វង់​ផឹកស៊ី ខណៈ​នោះ​ដែរ​លោក សួស សារី បាន​ចូល​ទៅ​ឃាត់​អ្នក​ឈ្លោះ​គ្នា​កុំ​ឲ្យ​ប្រើ​អំពើ​ហិង្សា​ដាក់គ្នា បែរជា​ជន​ដៃ​ដល់​យក​បំពង់​ទីប​វាយ​ទៅលើ​ភាគី​ទំនាស់​ម្ខាង​ទៀត តែ​មិន​ត្រូវ​បែរជា​មក​ត្រូវ​មន្ត្រី​នគរ​បាល ដែល​ចូល​ទៅ​ឃាត់​នោះ​ទៅវិញ បណ្ដាល​ឲ្យ​មន្ត្រី​នគរបាល​រង​របួស​បាក់ជើង​ខាង​ស្តាំ​ម្ខាង​តែ​ម្តង ។​

​ក្រោយពេល​កើតហេតុ​ជន​ដៃ​ដល់ ក្នុង​អំពើ​ហិង្សា​ខាងលើ​និង​អ្នក​ផឹក​ស៊ី​ឈ្លោះ​គ្នា​ម្នាក់ទៀត​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ផង​ដែរ គឺ​១,​ឈ្មោះ ពៅ ប៉ុន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ និង​ទី​២,​ឈ្មោះ រ៉េត សារ៉ន អាយុ​២៩​ឆ្នាំ គេ​ទាំង​២​នាក់​រស់នៅ ក្នុង​ភូមិ​ទី​៦ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ។ ករណី​នេះ​ជន​ដៃ​ដល់​ក្នុង​អំពើ​ហិង្សា​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច ឃាត់ខ្លួន​បញ្ជូន​មក​អធិការដ្ឋាន​នគរ​បាល​ក្រុង​កំពង់ឆ្នាំង ដើម្បី​ធ្វើ​ការ​សួរចម្លើយ​កសាង​សំណុំ រឿង​បញ្ជូន​បន្ត​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចាត់ការ​បន្ត​តាម​នីតិ​វិធី ។​ជំ​ណែ​ក​មន្ត្រី​នគរបាល​រងគ្រោះ ត្រូវ​បាន​បញ្ជូន​មក​សង្គ្រោះ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង ។​

​ដោយឡែក នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ ២០២០​នេះ លោក​ឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង បាន​ដឹកនាំ​ក្រុមការងារ​ក្នុង​ស្នងការដ្ឋាន ចុះ​សួរ​សុខទុក្ខ និង​នាំ​យក​អំណោយ​ជូន​មន្ត្រី​នគរបាល​រងគ្រោះ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរ ពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង ។​

ក្នុង​ឱកាស​នោះ​ដែរ លោកស្នងការ​នគរបាល​ខេត្ត ក៏បាន​ធ្វើការ​ផ្ដាំផ្ញើ​ដល់​លោក សួស សារី ក៏ដូចជា​ក្រុម​គ្រួសារ ត្រូវ​យកចិត្តទុកដាក់​មើល​ថែទាំ​អ្នកជំងឺ​ឲ្យ​បាន​ល្អ ដោយ​ត្រូវ​អនុវត្ត​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ ដើម្បី​ឲ្យ​ឆាប់​បាន​ជាសះស្បើយ និង​អាច​មក​បំពេញការងារ​ជា​បន្ត​ទៀត​។ ចំពោះ​អំណោយ ដែល​ក្រុម​ករ​ងារ​ស្នងការដ្ឋាន​នាំ​យក​ទៅ​ប្រគល់​ជូន ជនរងគ្រោះ​ខាង​លើ​នេះ រួមមាន​សម្ភារៈ​ប្រើប្រាស់ និង​គ្រឿង​ឧបភោគបរិភោគ រួម​ទាំង​ថវិកា ចំនួន ១​លាន​រៀល និង​២០០​ដុល្លារ ផង​ដែរ ៕


អត្ថបទ៖ ឈៀង ថា​រិ​ទ្ធ​