BREAKING NEWS
Search

លោកស្រី ញ៉ែម សា​ខន ស ខេង រៀបចំ​អាហារ​សាមគ្គី​ជូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​ក្របៅ​ ស្រុក​កំចាយមារ​ចំនួន​៨០០​នាក់​

​​ព្រៃវែង​ ៖ នៅ​ភូមិគ្រឹះ​សម្តេច​អគ្គ​មហាធ​ម្មា​ពោធិ​សាល ជា ស៊ីម នៅ​ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្តព្រៃវែង លោក ស្រីញ៉ែម សា​ខន ស ខេង បានរៀបចំ​ពិធី​សំណេះសំណាល និង​ពិសា​អាហារ​សាមគ្គី​ជូន​ប្រជាពលរដ្ឋ ចំនួន​៨០០​នាក់ ដែលមាន​ការចូលរួម​ពី​លោក ស សុខា អ្នកតំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង និង​លោកជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង នា​រសៀល​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៧​។​

លោកស សុខា អ្នកតំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង និងលោកជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង បាន​ជម្រាបជូន​ប្រជាពលរដ្ឋ​អំពី​សភាពការណ៍​នយោបាយ​នៅក្នុង​ប្រទេសមួយ​ចំនួន​​នៅលើ​ពិភព​លោក​ ដែល​កំពុងមាន​សង្គ្រាម​ថា ប្រទេស​ដែលមាន​សង្គ្រាម​បង្កឲ្យមាន​ប្រជាពលរដ្ឋ​ស្លាប់ ចាក​ចេញពី​ផ្ទះសម្បែង ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ត្រូវបាន​បំផ្លាញ​ទាំងស្រុង សិទ្ធិសេរីភាព​ត្រូវបាន​បាត់បង់​ទាំងស្រុង ដូច​កាលពី​របប ប៉ុល ពត ត្រូវបាន​ពួក​ប៉ុល ពត កាប់សម្លាប់ បំផ្លាញ​នូវ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​គ្មាន​សល់ សិទ្ធិសេរីភាព​គ្មាន បង្ខំ​ឲ្យធ្វើ​ការ​ជា​ទម្ងន់ បង្អត់អាហារ ធ្វើ​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ​បំផុត ។​


​ដោយ​មើលឃើញ​ពួក ប៉ុល ពត ធ្វើបែបនេះ សម្តេច​ទាំងបី​គឺ​សម្តេច​ធ​ម្មា​ពោធិ​សាល ជា ស៊ីម សម្តេច​ពញា​ចក្រី ហេង សំរិន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​អ្នកតស៊ូ​ជាច្រើន​ទៀត បាន​ងើបឡើង​ពួតដៃគ្នា​វាយ​រំលំ​របប​ប៉ុល ពត រំដោះបាន​នៅ​ថ្ងៃ​៧​មករា ១៩៧៩ និង​បាន​នាំ​មកវិញ​ទាំងស្រុង នូវ​សិទ្ធ​សេរីភាព ស្ថិរភាព សុខសន្តិភាព​ជូន​ប្រជាពលរដ្ឋ​វិញ​បរិបូរ​ណ៌ និង​បាន​អភិវឌ្ឍ​​ប្រទេសជាតិ​ឲ្យមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ​រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ​។​


​ដូច​ច្នេះ​លោក​ទាំងពីរ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​សូម​ថែរក្សា​សន្តិភាព​ និង​ការអភិវឌ្ឍ​ដែលមាន​នេះ​ឲ្យនៅ​គង់វង្ស​បន្តទៀត ដើម្បីឲ្យ​រដ្ឋាភិបាល​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​អភិវឌ្ឍ​ប្រទេសជាតិ​ជា​បន្តទៀត​។​
​ ​
បន្ទាប់មក​លោ​ស្រី​ញ៉ែម សា​ខន ស ខេង លោកស សុខា អ្នកតំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង និង​លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង បានធ្វើ​ពិធី​លើករាសី​ជូន​ប្រជាពលរដ្ឋ និង​បាន​ជូន​ថវិកា​គ្រប់ៗ​គ្នា​ផងដែរ​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684