BREAKING NEWS
Search

លោកស្រី ឱ វណ្ណឌី​ន ចុះ​ស្វែងយល់​ការអនុវត្ត​បទបញ្ជា​ទប់ស្កាត់​រីក​រាលដាល​ជំងឺ​កូ​វីត១៩ និង​សេចក្តី​ណែនាំ​ក្រសួងសុខាភិបាល

បន្ទាយមានជ័យ ៖ លោកស្រី ឱ វណ្ណឌី​ន អ្នកនាំពាក្យ​និង​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​ចុះ​មក​ស្វែងយល់​ជុំវិញ​ការអនុវត្ត​បទបញ្ជា​របស់​រដ្ឋាភិបាល​និង​សេចក្តី​ណែនាំ​របស់​ក្រសួងសុខាភិបាល​ស្តីពី​ការទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺកូ​វីដ១៩ ក្នុង​ខេត្តបន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ២០២០ នៅក្នុង​សាល​ប្រជុំ​សាលាខេត្ត ដោយមាន​ការចូលរួម លោក​អ៊ុំ​រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​នាក់​។

ក្នុង​កិច្ចប្រជុំ​នោះ​លោកស្រី ឱ វណ្ណឌី​ន​ បាន​ធ្វើការ​កោត សរសើរ ដល់​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ក្នុងការ​បង្ការ ទប់ស្កាត់​ការ​រីក​រាលដាល​វីរុស​កូ​វីដ​-១៩ និង​ការអនុវត្ត​វិធានការ​របស់​ក្រសួងសុខាភិបាល​កន្លង​មក​ដែល​បាន​ដាក់​ចេញ​វិធានការ​នានា និង​មាន​កិច្ចសហការ​យ៉ាង​ល្អ​ប្រសើរ ជាមួយនឹង​ភាគី​ថៃ ក្នុង​ការ​ទទួល​បងប្អូន​ពលករ​ខ្មែរ ដែល​ភាគី​ថៃ​បាន​បញ្ជូន​មកវិញ​តាម​ច្រកព្រំដែន ដែល​មាន​ការរៀបចំ​ទីតាំង​បាន​យ៉ាង​ល្អ និង​មាន​ប្រសិទ្ធភាព​។

លោកស្រី ឱ វណ្ណឌី​ន ​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ​រឿង​កូ​វីដ១៩​នេះ​ លោកស្រី​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត ត្រូវ​បន្ត​ការប្រុងប្រយ័ត្ន​ផ្សព្វផ្សាយ​ពី​វិធានការ ទប់ស្កាត់​ពី​ការ​ចម្លង​ជំងឺ​នេះ ជាពិសេស​ករណី​នាំចូល​ពី​ប្រទេសជិតខាង ក្នុង​នោះ​ទប់ស្កាត់​ការ​លួច​ឆ្លងដែន​របស់​បងប្អូន​ពលករ ដើម្បី​ទៅ​រក​ការងារ​នៅ​ប្រទេស​ថៃ ដែល​វា​ជា​ហា​នី​ភ័យ​ខ្ពស់​ពី​ការ​ឆ្លង​កូ​វីដ​-១៩​នេះ​។

ក្នុង​នោះ​លោកស្រី ឱ វណ្ណឌី​ន បាន​លើកឡើង​ថា ខេត្តបន្ទាយមានជ័យ​ជា​ខេត្ត​ជាប់​ព្រំដែន ប្រទេស​ថៃ ដែលជា​ក្តី​ព្រួយបារម្ភ​មួយ ដែល​ទាមទារ​ឲ្យ​អាជ្ញាធរ​ត្រូវ​បង្កើន​ការទប់ស្កាត់​ឲ្យ​បាន​ខ្ពស់​។ ចំពោះ​ការធ្វើដំណើរ​ចេញ​ចូលទៅ​ប្រទេស​ថៃ​ព្រោះ​ខេត្តបន្ទាយមានជ័យ​មាន​ច្រករបៀង​ច្រើន​ពិបាក​ក្នុងការ​ទប់ស្កាត់ ជាពិសេស​បងប្អូន​ពល​ករលួច​ឆ្លងដែន​ទៅ​ទឹកដី​ថៃ ដែល​មកទល់ពេលនេះ មាន​ពលករ​មកពី​ថៃ​ជិត​៧​ម៉ឺន​នាក់ ដែល​បាន​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​ពី​ក្រុមការងារ​មុនពេល​ឲ្យ​ចេញដំណើរ​ត្រលប់​ទៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក ឬ​ស្រុកកំណើត​របស់ខ្លួន​វិញ​។

ទន្ទឹមនឹង​នោះ លោក​អ៊ុំ ​រាត្រី ​បាន​មានប្រសាសន៍ថា​ កន្លងមក​អាជ្ញាធរ​ខេត្ត​រួម​នឹង​អ្នក​ពាក់ព័ន្ធ ដែល​បាន​យកចិត្តទុកដាក់ ដាក់ចេញ​នូវ​វិធានការ​ផ្សេងៗ ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​ពី​ការ​ចម្លង​កូ​វីដ​-១៩ ហើយ​ពលរដ្ឋ​មានការ​យល់ដឹង និង​អនុវត្ត​បាន​យ៉ាង​ល្អប្រសើរ​ជាមួយនឹង​ការដាក់​នូវ​វិធានការ​របស់​អាជ្ញាធរ​។​លោក អ៊ុំ រាត្រី​ថា​រដ្ឋបាល​របស់លោក និង​ខិតខំ​អំពាវនាវ​ឲ្យ​ការ​កៀគរ ជួយ​គាំទ្រ​ប្រតិបត្តិការ​របស់​ក្រុមការងារ​សុខាភិបាល កងកម្លាំង​ដែល​ឈរជើង​តាម​គោលដៅ​នានា ពិសេស​តាម​បន្ទាត់​ព្រំដែន​ឲ្យ​ដល់​បងប្អូន​ពលរដ្ឋ​ក្នុង​ខេត្ត​ត្រូវ​បន្ត​អនុវត្ត​នូវ​វិធាន​ការដែល​ប្រមុខ​រាជរដ្ឋាភិបាល បានដាក់​ចេញ និង​អនុវត្តតាម​ការណែនាំរ​បស់ ក្រសួងសុខាភិបាល ដោយ​អនុវត្ត​វិធានការ​អនាម័យ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ​ទឹកស្អាត អាល់កុល ឬ​ជែ​ល​ជាពិសេស​ត្រូវ​ពាក់​ម៉ាក់​ការពារ​ពេលចេញ​ធ្វើដំណើរ​តាម​ទីសាធារណៈ​ផ្សេងៗ​៕
គង្គា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114