លោកស្រី Merkel និយាយថា ពិតជា​មិនមាន​គម្រោង​បន្ត​អាណត្តិ​ទី ៥ នោះទេ
BREAKING NEWS
Search

លោកស្រី Merkel និយាយថា ពិតជា​មិនមាន​គម្រោង​បន្ត​អាណត្តិ​ទី ៥ នោះទេ

អធិការបតី​អាឡឺម៉ង់​លោកស្រី Angela Merkel បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោកស្រី​ពិតជា​មិនមាន​គម្រោង​ឈរឈ្មោះ​បោះឆ្នោត​ជាថ្មី​សម្រាប់​អាណត្តិ​ទី ៥ នោះទេ ទោះបី​លោកស្រី​មាន​ប្រជាប្រិយភាព​លើសលុប​ក៏ដោយ។

លោកស្រី Merkel បាន​ប្រាប់​អ្នកយកព័ត៌មាន​របស់​ទូរទស្សន៍ ZDF ថា “​ទេ​ពិតជា​មិនមាន​គម្រោង ហើយ​ការសម្រេចចិត្ត​របស់លោក​ស្រី​គឺ​ដាច់ខាត​តែម្ដង​”។

អធិការបតី​វ័យ ៦៥ ឆ្នាំ​រូប​នេះ​ទទួល​បាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង​ដោយ ៧១ ភាគរយ​នៃ​ប្រជាជន​និយាយថា ពួកគេ​ពេញ​ចិត្តនឹង​ការដឹកនាំ​របស់លោក​ស្រី​នៅក្នុង​ការស្ទង់មតិ​សម្រាប់​ទូរទស្សន៍​សាធារណៈ ARD ដែល​ត្រូវបាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

ការ​ផ្តល់​ចំណាត់ថ្នាក់​របស់លោក​ស្រី​បាន​កើនឡើង ខណៈ​ពេល​ដែល​ប្រទេស​អាល្លឺម៉ង់​បាន​រង​ផល​ប៉ះពាល់​តិច​ជាង​ប្រទេសជិតខាង​នៅ​អឺរ៉ុប​មួយចំនួន​ដោយសារ​វិបត្ដិ​នៃ​វីរុស​កូ​រ៉ូ​ណា។
​បន្ថែម​ពីនេះ​គណបក្ស​អភិរក្ស CDU របស់​លោក​ស្រី Merkel គ្រោង​នឹង​ជ្រើសរើស​មេដឹកនាំ​ថ្មី​នៅ​ដំណាច់ឆ្នាំ ២០២០ ដើម្បី​ស្នង​តំណែង​លោកស្រី​ជា​អធិការបតី​ក្នុង​ការ​បោះឆ្នោត​សហព័ន្ធ​នៅ​ឆ្នាំក្រោយ។

ក្នុង​នោះ​បេក្ខជន​ស្នង​តំណែង​របស់​លោកស្រី​រួមមាន​លោក Friedrich Merz និង​លោក Armin Laschet នាយករដ្ឋមន្ត្រី​នៃ​រដ្ឋ​ដែលមាន​ប្រជាជន​ច្រើន​បំផុត​នៅ​អាឡឺម៉ង់ North Rhine-Westphalia។

ទន្ទឹម​នឹង​នេះ​ដែរ ​អ្នកសង្កេតការណ៍​មួយចំនួន​បាន​លើក​ឡើង​ថា ការដឹកនាំ​របស់​នាយ​ក​រដ្ឋមន្ត្រី​រដ្ឋ Bavarian លោក Markus Soeder ដែលជា​ប្រធាន​សម្ព័ន្ធមិត្ត CSU ក្នុង​តំបន់​របស់​គណបក្ស CDU ក៏​អាច​ឈរឈ្មោះ​ក្នុងការ​បោះឆ្នោត​សហព័ន្ធ​នៅ​ឆ្នាំ​ក្រោយនេះ​ផងដែរ៕
AFP
ជី​វ័​ន្ត



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114