លោក​កែវ រតនៈ ថ្លែង​ថា ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ គឺជា​ឆ្អឹងខ្នង និង​ក្តី​សង្ឃឹម​របស់​ជាតិ
BREAKING NEWS
Search

លោក​កែវ រតនៈ ថ្លែង​ថា ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ គឺជា​ឆ្អឹងខ្នង និង​ក្តី​សង្ឃឹម​របស់​ជាតិ

ភ្នំពេញ ៖ ថ្លែង​ក្នុង​ឱកាស​ចុះ​សួរសុខទុក្ខ ដល់​កងទ័ព​នៃ​ទីបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៤២ និង​កងកម្លាំង​នគរបាល​វរៈ​ព្រំដែន​៧០២ ដែល​ឈរជើង​ការពារ​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ នៃ​ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២០​នេះ​លោក​កែវ រតនៈ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ទទួលបន្ទុក ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា បាន​លើក​ឡើង​ថា​ កងក​ម្លាំ​ង​ប្រដាប់​អាវុធ​ទាំងអស់ គឺជា​ឆ្អឹងខ្នង និង​ក្តី​សង្ឃឹម​របស់​ជាតិ​គឺជា​អ្នកចូលរួម​ក្នុង​កិច្ចការពារ​បូរណភាព​ទឹកដី​ដើម្បី​ឲ្យ​ប្រទេសជាតិ​យើង ទទួល​បាន​សុខ​សន្តិភាព​និង​រីកចម្រើន​គ្រប់​វិស័យ​។

ក្នុង​ពិធី​សំណេះសំណាល​នោះ​ដែរ ​លោក​កែវ រតនៈ​ក៏បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ ពី​ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូន​ដល់​បង ប្អូន នាយទាហាន ពលទាហាន ព្រមទាំង​បាន​អំពាវនាវ​ឲ្យ នាយទាហាន ពលទាហាន​ទាំងអស់ ត្រូវ​បង្កើន​សាមគ្គីភាព​ផ្ទៃក្នុង ទំនាក់ទំនង​ល្អជា​មួយ​អាជ្ញាធរ ដើម្បី​ការពារ​សន្តិសុខ ជូន​ជាតិ និង​ប្រជាជន​ឲ្យ​ខាន​តែ​បាន​។ ជាពិសេស​ត្រូវតែ​ចូលរួម​បន្ត​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការណ៍​ទាំងឡាយ​របស់​ក្រសួងសុខាភិបាល​ដើម្បី​បង្ការ​ការចម្លង​ជំងឺ​កូ​វីដ​១៩(COVID-19)​។

ដោយឡែក​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ប៉ែន វ៉ូ​យ មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៤២ បាន​ថ្លែង​អំណរ​អរគុណ​ចំពោះ​ស្ថាប័ន​អគ្គិសនី​កម្ពុជា ដែល​ជា​អង្គភាព​ចងសម្ព័ន្ធ​មេត្រីភាព​ជាមួយ​អង្គភាព​កងទ័ព នឹង​កង​នគរបាល ដែល​តែងតែ​ជួយ​ទំនុកបម្រុង​នូវ​សម្ភារៈ​គ្រឿង​ឧបភោគ បរិភោគ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​មក​ដល់​អង្គភាព​ទាំង​២​ពុំដែល​ខកខាន​ម្តង​ណា​ឡើយ​សម្រាប់​ទិស​សមរភូមិ​ជួរមុខ​៕
ឧ​ត្ត​រ៉ា

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114