លោក​ចម ប្រសិទ្ធ​ ៖ អំបិល​អ៊ីយ៉ូ​ត​មាន​សារៈសំខាន់​សម្រាប់​មនុស្ស សត្វ និង​រុក្ខជាតិ​ទាំងអស់​ដើម្បី​ទ្រទ្រង់​រីក​លូតលាស់​នៃ​សរីរាង្គ

ភ្នំពេញ ៖ ​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម​ប្រសិទ្ធ ទេស​រដ្ឋ​មន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​បាន​ថ្លែងថា អំបិល​អ៊ីយ៉ូ​ត​មាន​សារៈ​សំខាន់​ និង ​សារប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​មនុស្ស សត្វ និង​រុក្ខជាតិ​ទាំងអស់​ដើ​ម្បី​ទ្រទ្រង់​រីក​លូតលាស់​នៃ​សរីរាង្គ ដោយ​គ្រាន់តែ​សេចក្តី​ត្រូវការ​នោះ​អាស្រ័យ​ទៅតាម​សភាវៈ​រៀងៗ​ខ្លួន​តែប៉ុណ្ណោះ។

លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម​ប្រសិទ្ធ អះអាង​ថា នេះ​បើ​យោង​តាម​ស្តង់ដារ CS 548:2017 បរិមាណ​សារធាតុ​អ៊ី​យ៉ូ​ត មាន​ប្រមាណ​ពី​៣០ ទៅ ៤០ មីក្រូ​ក្រាម ក្នុង​មួយ​គីឡូក្រាម​អំបិល និង​មនុស្ស​ម្នាក់​ត្រូវ​បរិភោគ​ក្នុង​រង្វង់​ប្រមាណ​ជា​១០ ក្រាម ដើម្បី​ទ្រទ្រង់​ដល់​រាងកាយ​ដូចជា​៖-​ជួយ​បង្កើន​ការ​ចងចាំ និង​ឆ្លាត​វៃ​-​ជួយ​ការពារ​ជំងឺ​ពកក -​ការពារ​ជំងឺ​ក្រិន​ក្រេះ -​និង​ជំងឺ​ស្លេកស្លាំង​របស់​មាតា និង​ទារក​ជា​ដើម។

លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម​ប្រសិទ្ធ ថ្លែង​បែបនេះ​ក្នុង​សិក្ខា​សាលា​ពិគ្រោះ​យោបល់ ស្តីពី​ការរៀបចំ​ផែនការ​ផលិតកម្ម​អំបិល និង​ការបញ្ចូល​ជាតិ​អ៊ី​យ៉ូ​ត​ក្នុង​អំបិល​សម្រាប់​ឆ្នាំ​២០២០ ត្រូវ​បាន​ប្រារព្ធ​ធ្វើឡើង នៅ​ទីស្តីការក្រសួង​ថ្មី​នេះៗ។

លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរៀបចំ​សិក្ខាសាលា​នា​ថ្ងៃនេះ ក្រោម​កិច្ចសហការ​យ៉ាង​ល្អ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​អង្គការ​នានា ជាពិសេស​ក្រុម​ប្រឹក្សា​ជាតិ​ស្តី​ពី​អាហារូបត្ថម្ភ និង​អង្គការ UNICEF ប្រចាំ​កម្ពុជា។

លោក​កិត្តិ​សេដ្ឋា​បណ្ឌិត បាន​បញ្ជាក់​ថា អំបិល​មាន​សារប្រយោជន៍​សម្រាប់​មនុស្ស សត្វ និង​រុក្ខជាតិ​ទាំងអស់​ដើម្បី​ទ្រទ្រង់​រីកលូតលាស់​នៃ​សរីរាង្គ ដោយ​គ្រាន់តែ​សេចក្តីត្រូវការ​នោះ​អាស្រ័យ​ទៅតាម​សភាវៈរៀងៗ​ខ្លួន ។ បើ​យោង​តាម​ស្តង់ដារ CS 548:2017 បរិមាណ​សារធាតុ​អ៊ីយ៉ូ​ត មាន​ប្រមាណ​ពី​៣០ ទៅ ៤០ មីក្រូ​ក្រាម ក្នុង​មួយ​គីឡូក្រាម​អំបិល និង​មនុស្ស​ម្នាក់​ត្រូវ​បរិភោគ​ក្នុង​រង្វង់​ប្រមាណ​ជា​១០ ក្រាម ដើ​ម្បី​ទ្រទ្រង់​ដល់​រាងកាយ​ដូចជា​៖-​ជួយ​ប​ង្កើន​ការ​ចងចាំ និង​ឆ្លាត​វៃ​-​ជួយ​ការពារ​ជំងឺ​ពកក -​ការពារ​ជំងឺ​ក្រិន​ក្រេះ -​និង​ជំងឺ​ស្លេកស្លាំង​របស់​មាតា និង​ទារក​ជា​ដើម។

លោក​កិត្តិ​សេដ្ឋា​បណ្ឌិត បាន​សង្កត់​ធ្ងន់​ថា អំបិល​ជា​ស្បៀងអាហារ​មាន​លក្ខណៈ​យុទ្ធសាស្ត្រ ដូច្នេះ​ការ​ថែរក្សា​ផ្ទៃក្រឡា​ធ្វើ​ស្រែអំបិល​ជាការ​ចាំបាច់​មួយ​ត្រូវ​គិតគូរ។ ក្នុង​នោះ ការផលិត ការកែច្នៃ​និង​ការ​វេច​ខ្ចប់​អំបិល​ត្រូវ​គោរព​តាម​ស្តង់ដារ​គុណភាព អនាម័យ​ត្រឹមត្រូវ និយាយ​ដោយ​ខ្លី​អំបិល​ទាំងអស់ មិន​ថា​អំបិល​សម្រាប់​បរិភោគ ឬ អំបិល​សម្រាប់​ឧស្សាហកម្ម សិប្បកម្ម ត្រូវ​ចាប់​បង្ខំ​ឲ្យ​បញ្ចូល​ជាតិ​អ៊ី​យ៉ូ​ត​ចាប់ពី​ចុងខែ​មិថុនា​ឆ្នាំនេះ​តទៅ។

ក្នុង​នោះ​ការ​នាំ​ចូល​អំបិល​និង​ការ​ចរាចរ​អំបិល​លើ​ទីផ្សារ ត្រូវ​មាន​ការ​ត្រួតពិនិត្យ​តឹងរ៉ឹង ហើយ​បើ​ពិនិត្យ​ឃើញ​ថា​ អំបិល​មិនមាន​បញ្ចូល​ជាតិ​អ៊ីយ៉ូ​ត បញ្ចូល​មិន​គ្រប់​តាម​ស្តង់ដារ ឬ អំបិល​មិន​មាន​ស្លាក​សញ្ញា​បញ្ចូល​ជាតិ​អ៊ី​យ៉ូ​ត​ដែល​ទទួលស្គាល់​ដោយ​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម ត្រូវ​ណែនាំ ដកហូត ឬ ពិន័យ​តាមច្បាប់​និង​អនុក្រឹត្យ ដែល​បាន​កំណត់​រួច​ហើយ​។ ការសម្រេច​ការងារ​នេះ​បាន មានន័យថា​ ក្រសួង​បាន​រួម​ចំណែក​ធំ​ណាស់​សម្រាប់​ផល​សេដ្ឋកិច្ច និង សង្គម ជាពិសេស​គឺ​អនាគត​កុមារ​កម្ពុជា ដែល​ជា​ទំពាំង​ស្នង​ឫស្សី ត្រូវការ​អាហារូបត្ថម្ភ​បាន​គ្រប់គ្រាន់ ដើ​ម្បី​ទទួល​បាន​ការលូតលាស់​ផ្នែក​រាងកាយ និង​បញ្ញាញាណ​វាងវៃ។

ជា​មួយ​គ្នា​នេះ ​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក៏បាន​លើក​ឡើ​ង​ពី​ភាព​ប្រឈម​មួយ​ចំនួន ដែល​ត្រូវការ​ជំនួយ​ពី​ដៃគូ​នានា ជាពិសេស​អង្គការ​UNICEF មានដូចជា ការផ្ទេរ​បច្ចេកវិទ្យា កា​រប​ង្កើ​ន​ផលិតភាព ការឧបត្ថម្ភ​គាំទ្រ​ទៅ​លើ​ម៉ា​ស៊ី​ន​បញ្ចូល​សារធាតុ​អ៊ីយ៉ូ​ត និង​ផ្សព្វផ្សាយ​ការ​យល់​ដឹង​ពី​សារៈ​សំខាន់​នៃ​ការបញ្ចូល​សារធាតុ​អ៊ី​យ៉ូ​ត​ក្នុង​អំបិល​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ជាពិសេស​តាម​បណ្តាញសារព័ត៌មាន​ក្នុងស្រុក៕
វិមាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114