ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​ជំទាវ​ ម៉ែន សំអន ​ជំរុញ​កីឡាករ​ទូក​«​ង​»​ យក​ពាន​ឲ្យបាន​ក្នុង​ការ​ប្រលង​ប្រណាំង​ទូទាំង​ប្រទេស​ឆ្នាំនេះ

ភ្នំពេញ ​៖​ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជា​មួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​ និង​ជា​អ្នកតំណាងរាស្ត្រ​ខេត្ត​ស្វាយរៀង​ ថ្លែង​នូវ​ការ​ជំរុញ​ឲ្យ​កីឡាករ​ទូក​«​ង​»« ឌី​សែន​ជ័យ​បារមី​បូព៌ា ​និង​សា​ឯម​សែន​ជ័យ​បារមី​ស្វាយជ្រុំ​» ​យកពាន​ជ័យជំនះ​ឆ្នើម​ឲ្យ​បាន​ក្នុងការ​ប្រលងប្រណាំង​ទូទាំងប្រទេស​ឆ្នាំ​២០១៩​ឆាប់ៗ​ខាងមុខនេះ​។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ​ថ្លែង​បែបនេះ ​ខណៈ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ជួប​សំណេះ​សំណាល​ផ្ទាល់​ជាមួយ​បងប្អូន​កីឡាករ​ទូក ​«​ង​» នា​ល្ងាច​ថ្ងៃ​សុក្រ​១២​កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​០៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៩​ នៅ​វត្ត​ប្រជុំ​សាគរ ក្នុង​ខណ្ឌ​ជ្រោយចង្វា​ រាជធានី​ភ្នំពេញ​។​

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ថ្លែងថា​ ស្ថិតក្នុង​បរិយាកាស​ពោរពេញ​ដោយ​ក្តីរំភើប​រីករាយ និង​មាន​មោទនភាព​ក្រៃលែង​នា​ពេល​នេះ​ ដែល​បាន​ជួប​អាជ្ញាធរ​សង្កាត់ ​និង​សមាជិក សមាជិកា​ក្រុមប្រឹក្សា​សង្កាត់ មន្ត្រី​សង្កាត់ ភូមិ និង​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ជ្រោយ​ចង្វា ខណ្ឌ​ជ្រោយ​ចង្វា​ទាំងអស់ ដោយ​ក្តីរំភើប​រីករាយ​ឥតឧបមា​ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​សប្បុរសជន​ដែល​បាន​ជួយឧបត្ថម្ភ​ដល់​ទូក​ទាំងពីរ​ខាងលើ​។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ ក៏​ថ្លែង​អំណរ​អរគុណ​ចំពោះ​វត្តមាន​អស់លោក លោកស្រី ភ្ញៀវកិត្តិ​យស ​និង​បងប្អូន ចំណុះ​ទូក ង មកពី​ខេត្ត​ស្វាយរៀង​ជិត​២០០​នាក់​នាពេលនេះ។ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​ បាន​ផ្ដាំផ្ញើ​ដល់​ក្រុម​កីឡាករ​ទូកង​«​ង​»​ទាំងអស់ ​ត្រូវ​ប្រឹងប្រែង​យក​ជ័យ​លាភី​ក្នុង​ការ​ប្រណាំង​ទូក​ទូទាំង​ប្រទេស​នា​សប្ដាហ៍​ក្រោយ​នេះ ហើយ​នាំគ្នា​ហូប​អំបុក​សាមគ្គី​រក្សា​សន្តិភាព ការពារ​ព្រះមហាក្សត្រ​យើងទាំងអស់គ្នា​។​

​គួរ​បញ្ជាក់​ថា តាម​របាយការណ៍​ដោយ​សង្ខេប ពី​ទូក «​ង​»​ ដែល​យកមក​ពី​ខេត្ត​ស្វាយរៀង​បានឲ្យ​ដឹង​ថា មាន​ទូក ង ចំនួន​២​ទូក ដែល​បាន​ដាក់​ពាក្យ​ចូលរួម​ប្រណាំង​ក្នុង​ឆ្នាំ​២០១៩ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​១០-១១-១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខនេះ​ មាន​ចំនួន​២​ទូក ​៖​ ទូក​ទី​១-ឈ្មោះ ឌី​សែន​ជ័យ​បរមី​បូព៌ា ជា​ប្រភេទ ទូក ង អុំ​បុរស កសាងឡើង មាន​ប្រវែង ៣៣,៦០​ម៉ែត្រ ទទឹង ១,២៤​ម៉ែត្រ ជម្រៅ ០,៥៥​ម៉ែត្រ ខ្ទង់​៤៣ ពណ៌​ក្រហម ចំណុះ ៧៦​នាក់ បម្រុង ១៤​នាក់ សរុប ៩០​នាក់​។ ទូក​ទី​២- មាន​ឈ្មោះ សា​ឯម​សែន​ជ័យ​បារមី​ស្វាយជ្រុំ​ជា​ប្រភេទ​ទូក ង អុំ​បុរស​ដូចគ្នា​។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ជួយ​ឧបត្ថម្ភ​នូវ​ថវិកា​ដល់​កីឡាករ​ទូកង​ទាំង​២​ទូក​ទឹក​ប្រាក់​ចំនួន​ជាង​៤០​លាន​រៀល ​រួមទាំង​ថវិកា​រដ្ឋបាល​ខេត្ត​ស្វាយរៀង​ផង​ ហើយ​ឧបត្ថម្ភ គ្រឿង​ឧបភោគ​បរិភោគ ភេសជ្ជៈ សំលៀកបំពាក់​មួយចំនួន​ទៀតផង​ដែរ​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114