ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​តា​អាយុ​៨២​ឆ្នាំ​ម្នាក់​​ ឡើង​កាប់​ធាងត្នោត ​​ធ្លាក់​ស្លាប់

កំពង់ឆ្នាំង​ ៖ ​លោក​តា​​អាយុ​៨២​ឆ្នាំ​​ម្នាក់ ​ប្រកបមុខរបរ​ធ្វើ​អំបោស​ជក់​ត្នោត​ បាន​ធ្លាក់​ពីលើ​ចុង​ត្នោត​កម្ពស់​ប្រមាណ​១០​ម៉ែត្រ​ស្លាប់​ ខណៈ​ពេល​ដែល​គាត់​បាន​ទិញ​ដើម​ត្នោត​មួយ​ដើម​ពី​អ្នកស្រុក​ឡើង​កាប់​យក​ក្បាប​ត្នោត​ធ្វើ​អំបោស​លក់។

ករណី​គ្រោះថ្នាក់​គួរ​ឲ្យ​សង្វេគ​នេះ បាន​កើត​ឡើង​នៅ​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​០៥ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩ នៅ​ក្នុង​ភូមិ​ថ្មី ឃុំ​គ្រាំង​លាវ ស្រុក​រលាប្អៀរ​ ខេត្ត​កំពង់ឆ្នាំង។

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​: លោកតា​រងគ្រោះ​ខាងលើ មានឈ្មោះ នួន ថូ អាយុ​៨២​ឆ្នាំ ​សព្វថ្ងៃ​លោកតា​មាន​មុខ​របរ​ធ្វើ​អំបោស​ពី​ក្បាប​ធាងត្នោត ដែល​គេ​តែងតែ​ឃើញ​លោកតា​រែក​អំបោស​ដើរ​លក់​ក្នុង​ភូមិ​ជា​រៀងរាល់ថ្ងៃ។ ដោយឡែក​នៅ​ថ្ងៃ​កើតហេតុ លោកតា​បាន​ទៅ​កាប់​ធាងត្នោត​ពុះ​យក​មក​ក្បាប​ត្នោត​មក​ធ្វើ​អំបោស​ដូច​សព្វដង គឺ​គាត់​បាន​ចេញ​ពី​ផ្ទះ​តាំង​ពី​ព្រឹក​រហូត ដល់​ម៉ោង​១០ ព្រឹក​មិន​ឃើញ​ត្រឡប់​មក​ផ្ទះ​វិញ ទើប​កូនចៅ​បាន​នាំគ្នា​ដើរ​រក ក៏បាន​ប្រទះឃើញ​លោកតា​ដេក​ស្លាប់​នៅ​ក្រោម​គល់​ត្នោត នៅ​ចំណុច​ទួល​យាយ​បែន ក្នុង​ភូមិ​ក្រាំង​លាវ​តែម្តង។

តាម​ការ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ សមត្ថកិច្ច​សន្និដ្ឋាន​ថា ​៖ ការ​ស្លាប់​របស់​លោកតា​គឺ​ប្រហែលជា​លោកតា​មាន​អាការៈ​វិលមុខ ទើប​បណ្ដាល​ឲ្យ​លោកតា​ធ្លាក់​ពីលើ​ចុង​ត្នោត​កម្ពស់​ប្រមាណ​១០​ម៉ែត្រ​(​ឡើង​ដើម​ត្នោត​អត់​មាន​បង្អោង) ហើយ​បាន​ធ្លាក់​មក​ដី​ស្លាប់ តែ​កាំបិត​គឺ​គេ​ឃើញ​នៅលើ​ចុង​ត្នោត។ ចំណែក​សព​លោកតា​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​កូនចៅ​ទទួល​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ក្នុង​លំនៅដ្ឋាន៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114