ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​ទេសរដ្ឋមន្ត្រី​មាស សុភា សូមឲ្យ​បងប្អូន​កីឡាករ​អុំទូក​ខេត្ត​ព្រះវិហារ​រក្សា​សុខភាព ​និង​រក្សា​ខ្សែក្រវាត់​ឲ្យបាន

ភ្នំពេញ ៖ ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តព្រះវិហារ លោកនាយ​ឧត្ដមសេនីយ៍ មាស សុភា បានស្នើ​សុំឲ្យ​បងប្អូន​ជា​កីឡាករ​អុំទូក​ខេត្តព្រះវិហារ​ទាំងអស់ រក្សា​សុខភាព​ឲ្យបាន​ល្អ ​និង​ប្រឹងប្រែង​ធ្វើយ៉ាងណា​រក្សា​ខ្សែក្រវាត់​ឲ្យបាន សម្រាប់​ការប្រកួតប្រជែង​លើ​ការ​ប្រណាំងទូក ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំ ទូក បណ្តែតប្រទីប សំពះ ព្រះ​ខែ​និង​អកអំបុក​ឆ្នាំ​២០១៩​នេះ ខណៈដែល​កាលពី​ឆ្នាំ​២០១៨​កន្លងទៅ​ទូក​របស់​ខេត្តព្រះវិហារ​ទទួលបាន​ខ្សែក្រវាត់​ម្តង​រួចហើយ​។​

ការស្នើសុំ​បែបនេះ​របស់លោក​ទេសរដ្ឋមន្ត្រី បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​០៩ វិច្ឆិកា ២០១៩ ក្នុងឱកាស​ដែល​លោក លោក​សួស យ៉ា​រ៉ា តំណាងរាស្ត្រ​ខេត្តព្រះវិហារ និង​លោក​សំ លាង​ទ្រី​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ បាន​អញ្ជើញ​ចុះទៅ​សំណេះសំណាល​ជាមួយ​បងប្អូន​ជា​កីឡាករ​អុំទូក​ខេត្តព្រះវិហារ​នៅ​តំបន់​អភិវឌ្ឍន៍​ក្រុមហ៊ុន​OCIC ខណ្ឌ​ជ្រោយចង្វា​រាជធានី​ភ្នំពេញ។

លោក ទេសរដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ខេត្តព្រះវិហារ​មិនមាន​ទឹក​ច្រើន ដើម្បី​ប្រណាំងទូក​ទេ តែ​យើង​នូវ​អាចមាន​ទូក ង មក​ចូលរួម​ប្រ​កួត​ប្រជែង​គ្នា​នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំ ទូក បណ្តែតប្រទីប សំពះ ព្រះ​ខែ និង អកអំបុក ដូច​បណ្តា​ខេត្ត​នានា​ដែរ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ យើង​នូវ​ដណ្តើមបាន​ខ្សែក្រវាត់​លេខ​១ ថែមទៀត។ ដូច្នេះ​ទេ សម្រាប់​ការប្រកួតប្រជែង​លើ​ការ​ប្រណាំងទូក ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំ ទូក បណ្តែតប្រទីព សំពះ ព្រះ​ខែ​និង​អកអំបុក​ឆ្នាំ​២០១៩​នេះ កីឡាករ​យើង​ទាំងអស់​ត្រូវ​ប្រឹងប្រែង​ធ្វើយ៉ាងណា​រក្សា​ខ្សែក្រវាត់​នេះ​ឲ្យបាន​បន្តទៀត។

បន្ថែម​ពីលើ​នេះ​ទៀត​លោក ទេសរដ្ឋមន្ត្រី ក៏បាន​សូមឲ្យ​បងប្អូន​ជា​កីឡាករ រក្សា​សុខភាព​ឲ្យបាន​ល្អ ពោលគឺ​ត្រូវ​គេង​ឲ្យបាន​គ្រប់គ្រាន់ ហូបចុក​ឲ្យមាន​អនាម័យ ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន និង​ការពារ​ឲ្យបាន​ពី​ជំងឺ​ឆ្លង​ផ្សេងៗ ពិសេស​ជំងឺ​អេដស៍ និង​ចូលរួម​រក្សា​ឲ្យបាន​នូវ​អនាម័យ​បរិស្ថាន​កន្លែង​ដែល​យើង​ស្នាក់នៅ​។​

គួរ​បញ្ជាក់ថា សម្រាប់​ខេត្តព្រះវិហារ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំ ទូក បណ្តែតប្រទីប សំពះ ព្រះ​ខែ​និង​អកអំបុក​ឆ្នាំ​២០១៩​នេះ មាន​ទូក​ចូលរួម​ប្រកួតប្រជែង​ចំនួន​២​ទូក ក្នុង​នោះ​រួមមាន​ទូក​ឈ្មោះ កោះ កែរ សែន​ជ័យ បារមី​ព្រះអង្គ​ខ្មៅ និង​ទូក​ឈ្មោះ សូរិយា​មហានគរ​តេ​ជោ​ព្រះវិហារ ដែលមាន​ចំណុះ​ទូក​សរុប​ចំនួន​១៨០​នាក់ ហើយ​ក្នុង​ចំនួន​១៨០​នាក់​នេះ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​ពី​លោកនាយ​ឧត្ដមសេនីយ៍ មាស សុភា ចំនួន​៥​ម៉ឺន​រៀល ជួយ​មួយ​នឹង​ការ​ឧបត្ថម្ភ​​សម្រាប់​ទូក​ទាំង​២​ចំនួន​៣៦​លាន​រៀល៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114