BREAKING NEWS
Search

លោក​ពេជ្រ កែវ​មុនី នាំ​យក​អំណោយ​ផ្តល់​ដល់​មន្ត្រីរាជការ​សាលា​ខណ្ឌ​មានជ័យ ​ដែល​កំពុង​មានជំងឺ

​​ភ្នំពេញ៖ សុខទុក្ខ​របស់​មន្ត្រីក្រោមឱវាទ គឺជា​សុខទុក្ខ​របស់ខ្ញុំ! លោក ពេជ្រ កែវ​មុនី អភិបាលខណ្ឌមានជ័យ បានលើកឡើងបែបនេះ ខណៈលោក​អញ្ជើញ​ចុះសួរសុខទុក្ខ​លោកស្រី សាញ់ សាវ​ត្តី មន្ត្រីរាជការ​បម្រី​ការងារ​នៅ​ការិយាល័យ​អន្តរ​វិស័យ ខណ្ឌមានជ័យ កំពុងមាន​ជំងឺ​ប្រចាំកាយ​មិនអាចមក​បម្រើការងារ​បាន ដែលមាន​អាសយដ្ឋាន​ស្ថិតនៅ​ សង្កាត់​បាក់​ខែង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង ​១៧ និង ៣០​ នាទី នា​ថ្ងៃអាទិត្យ ៦​កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០១៨ ។

លោកស្រី សាញ់ សាវ​ត្តី មន្ត្រី​បម្រើ​ការងារ​នៅ​សាលាខណ្ឌមានជ័យ​រូបនោះ បាន​សំដែង​នូវ​អារម្មណ៍​រំភើប​រីករាយជាមួយនឹង​ការលើក​ឡើយ​ដោយ​ទឹកភ្នែក​អួល​ដើម​ក​​ថា លោកស្រី​ពិតជា​មានអារម្មណ៍​រំភើប​រក​អ្វី​ប្រៀប​ពុំបាន​ឡើយ នៅពេលដែល​លោកស្រី​បានឃើញ​លោក ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ បានបង្ហាញ​វត្តមាន​នៅផ្ទះ​របស់លោកស្រី​ដោយផ្ទាល់​បែបនេះ។

លោកស្រី សាញ់ សាវ​ត្តី មន្ត្រី​សាលាខណ្ឌ​រូបនោះ​បានបាន​គូស​បញ្ជាក់​ទៀត​ថា លោកស្រី​ចងចាំ​មិនភ្លេច​ឡើយ នៅពេលដែល​លោក​អភិបាលខណ្ឌ​ចូលមក​កាន់តំណែង​ដំបូង លោក​អភិបាល​ក៏បានចាប់អារម្មណ៍​ធ្វើការ​ត្រួតពិនិត្យ​ជីវភាព​មន្ត្រី​នៅ​គ្រប់​ការិយាល័យ​ទាំងអស់ ក្នុងនោះ​លោកក៏បានយកចិត្តទុកដាក់​សុខ​ទុក្ខ​មន្ត្រី​ជាច្រើនរូប ដែលមាន​ស្ថានភាព​សុខភាព និង​ជីវភាពគ្រប់ៗ​រូប​មិន​ចំពោះតែ​លោកស្រីម្នាក់​ឡើយ តាមរយៈ​ការជួយឧបត្ថម្ភ​នូវ​គ្រឿងឧបភោគបរិភោគ និង​ថវិកា​ជា​បន្តបន្ទាប់។ មិនតែប៉ុណ្ណោះ លោក​អភិបាលខណ្ឌ​តែងតែសណ្តោស​ប្រណី​បង្កលក្ខណៈ​ការងារ​ដល់​លោកស្រី និង​មន្ត្រីក្រោមឱវាទ​របស់លោកក្នុងស្ថានភាព​លំបាក​ដូច​លោកស្រី ​គួរអោយ​គោរព។

តាម​ទង្វើ និង​កាយវិការ​របស់លោក​អភិបាល​ដែល​លោកស្រី​ធ្លាប់​បានឮ និង​ធ្លាប់​ឃើញ កន្លងមកលោក​អភិបាលខណ្ឌ​ជា​ថ្នាក់ដឹកនាំ​ល្អ ចេះដឹងពី​សុខទុក្ខ​មន្ត្រីក្រោមឱវាទ​ជាប់​ជាប្រចាំ ពិសេសការបង្ហាញវត្តមាន​របស់លោក​នៅ​ផ្ទះ​របស់​លោកស្រី​ផ្ទាល់ គឺ​បានធ្វើអោយ​លោកស្រីនឹកស្មាន​មិន​ដល់​សោះឡើយ ដែល​ក្នុង​រយៈពេល​ជិត ​៣០​ មកហើយ​ ចាប់តាំងពីពេលដែល​លោកស្រី​ចូល​បម្រើ​ការងារ​នៅ​សាលាខណ្ឌ​មានជ័យ​មក លោកស្រី​បានសង្កេតឃើញថា កម្រ​ឃើញ​មាន​ថ្នាក់ដឹកនាំ​ណា​មាន​ទឹកចិត្តទូលំទូលាយ​បែបនេះ​ណាស់។

ជាមួយនឹង​ការគូសបញ្ជាក់​ពី​អារម្មណ៍​ពិត​របស់​មន្ត្រី​សាលាខណ្ឌ​មានជ័យ​ខាងលើនេះ លោក ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ ក៏បាន​បញ្ជាក់ជូន​សារព័ត៌មាន​របស់យើងខ្ញុំ​ដែរ​ថា លោកស្រី សាញ់ សាវ​ត្តី ពិតជា​មន្ត្រី​ក្របខណ្ឌបម្រើការ​នៅ​សាលាខណ្ឌ​មានជ័យ​ប្រាកដ​មែន។ លោកស្រីបានចូល​បម្រើ​ការងារ​ចាប់តាំងពី​ថ្ងៃទី១១ ខែសីហា ឆ្នាំ១៩៩៥ មក​ម្ល៉េះ មាន​ឋានន្តរសក្ដិ​លេខាធិកា ថ្នាក់​លេខ​៩ មាន​តួនាទី​ជា​មន្ត្រី​ទទួលបន្ទុក​ការងារ​នៅ​ការិយាល័យ​អន្តរវិស័យ​ខណ្ឌមានជ័យ បច្ចុប្បន្ន​លោកស្រី​មាន​ជំងឺ​ប្រចាំកាយ (​ជំងឺ​ដុះ​សាច់​ក្នុង​ខួរក្បាល​) សម្រាកមើលថែ​ជំងឺ​នៅផ្ទះ​របស់លោកស្រី​ផ្ទាល់ មិន​អាចមក​បំពេញការងា​របា​ន។

បើតាម​អ្វីដែល​លោកស្រី សាញ់ សាវ​ត្តី មន្ត្រី​ខណ្ឌ​រូបនោះ បញ្ជាក់ជូន​លោក​អភិបាលខណ្ឌ ហើយលោក​អភិបាលខណ្ឌបញ្ជាក់ជូន​ដល់​សារព័ត៌មាន​របស់​យើងខ្ញុំ ជំងឺ​របស់លោកស្រី​អាចព្យាបាល​បាន​នៅពេលនេះ បើ​ទុកអោយ​យូរ​ជាង​នេះ​ទៀត លោកស្រី​នឹង​ប្រឈម​ការគ្រោះថ្នាក់ដល់​អាយុជីវិត ឬអាច​ពិការភ្នែក​ទាំង​គូ​របស់គាត់​មិន​ខាន បើទោះជា​ពេលនោះ​មានការព្យាបាល ឬ​មានការ​វះកាត់​ក៏ដោយ សព្វថ្ងៃ​នៅពេលដែល​ជំងឺ​នេះ​ធ្វើ​ទុក​ម្តងៗ វាបានធ្វើអោយ​លោកស្រី​មានការ ឈឺចាប់​បំផុត រីឯ​ភ្នែក​ទាំង​គូ​របស់គាត់​ក៏​ងងឹត​មើល​អ្វី​មិន ឃើញគឺ​ប្រៀ​បស្មើនឹង​មនុស្ស​ខ្វាក់ តែ​លោកស្រី​គ្មាន​លទ្ធភាពព្យាបាល​ឡើយ ទ្រព្យសម្បត្តិ និង​ផ្ទះ​របស់លោកស្រីក៏កំពុងជាប់​ប​ន្ទុ​កធានា​គារ​នៅឡើយ។

ក្នុងការ​ចុះសួរសុខទុក្ខ​នេះ លោក ពេជ្រ កែវ​មុនី អភិបាល​ខណ្ឌមានជ័យ បាន​ឧបត្ថម្ភ​ជូន​លោកស្រី សាញ់ សាវ​ត្តី ចំនួន ៨០០,០០០​ រៀល និង​អង្ករ​ចំនួន ​៦០ ​គីឡូក្រាម។ បន្ថែម​លើ​នេះ លោកអភិបាលខណ្ឌ​បាន​សំណូមពរ​អោយ លោកស្រី សាញ់ សាវ​ត្តី កុំអោយ​មាន​បាក់​ទឹកចិត្ត​នឹងជំងឺរបស់ខ្លួន​ជាមួយនឹង​សម្ពាធ​ណាមួយ​អោយសោះ ពិសេសនៅ​កន្លែងធ្វើការ និង​ការព្យាបាល។ ទោះជា​យ៉ាងណា​ លោកអភិបាលខណ្ឌ​នឹង​ខិតខំ​ព្យាយាម​ធ្វើការ​កៀរគរ​ថវិកាដើម្បីបាន​ជួយ​ដល់​ថ្លៃ​វះកាត់​ជំងឺ​របស់លោក​ស្រី​ឆាប់ៗ​នេះ​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114