ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​ម៉ម ប៊ុនហេង​ ៖​ ទំនាក់ទំនង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ គឺ​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​ក្នុង​ការផ្ដល់សេវា​ថែទាំ​ល្អ​ដល់​អ្នកជំងឺ​

ភ្នំពេញ​ ៖​ តាមរយៈ​កម្មវិធី​សិក្ខាសាលា​ ដែល​បាន​ធ្វើ​ជាច្រើន​វគ្គ​កន្លង​មកនេះ​បាន បញ្ជាក់​ឲ្យ​ឃើញ​ពី​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​រវាង​មន្ទីរពេទ្យ​ទាំងពីរ (​មន្ទីរពេទ្យ​កាល់ម៉ែត និង​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​អេ​ម​ម៉ូ​រី​) ដែល​បាន​ផ្តល់​ឱកាស​ឲ្យ​ក្រុម​គ្រូពេទ្យ​របស់​កម្ពុជា​បាន​ស្រូប​យក​ចំណេះដឹង​បន្ថែម ពី​ផ្នែក​សុខាភិបាល​ឲ្យ​ស្រប​ទៅតាម​សម័យកាល និង​បច្ចេកវិទ្យា​ទំនើប​ដូច​បណ្តា​ប្រទេស​នានា​ដែល​កំពុង​អនុវត្ត​ក្នុង​ការ បម្រើសេវា​ថែទាំ​សុខភាព​ជូន​ប្រជាពលរដ្ឋ។

ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា​ វគ្គ​បណ្តុះបណ្តាល​ស្តីពី​ភាពជា​គ្រូ ណែនាំ​និង​ជំនាញ​ទំនាក់ទំនង ជូន​ដល់​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត និង​សាកល វិទ្យាល័យ​អេ​ម​ម៉ូ​រី​(Emory) របស់​សហរដ្ឋអាមេរិក​នៅ​រសៀល​ថ្ងៃទី ២២ ខែវិច្ឆិកា​ឆ្នាំ​២០១៩ លោក​សាស្ត្រាចារ្យ ម៉ម​ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ក្រុម​គ្រូ​បង្គោល​ដែល អញ្ជើញ​មកពី​មន្ទីរពេទ្យ​សាកលវិទ្យាល័យ Emory សម្រាប់​ការចែក​ចាយ​ចំណេះដឹង ដើម្បី​ធានា​គុណភាព​សមស្រប​ទៅនឹង​ស្តង់ដារ​អ​នុ្ត​រ​ជាតិ​ក្នុង​ការបង្កើន​ទំនាញ​ទំនាក់ទំនង និង​ភាពជា​គ្រូ​ណែនាំ​ដល់​ក្រុមគ្រូពេទ្យ។

លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង​បាន​បន្ត​ថា ជា​ការ​ពិត​ណាស់​ជំនាញ​ទំនាក់ទំនង ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​គឺ​ពិត​ជា​មាន​សារសំខាន់​ខ្លាំងណាស់​ក្នុង​ការ​ផ្ដល់សេវា​ថែទាំ​ល្អ​ដល់​អ្នកជំងឺ​និង​ទំនាក់ទំនង​ល្អ ជា​មធ្យោបាយ​នាំទៅ​កាន់ការ​អភិវឌ្ឍ​នៃ​ការធ្វើ​រោគវិនិច្ឆ័យ​ប្រកបដោយ​ភាពជាក់លាក់​មួយ​។

លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បញ្ជាក់​ទៀត​ថា ​វគ្គ​សិក្សា​នេះ​មាន​សារ សំខាន់​ណាស់​ព្រោះថា​បន្ទាប់ពី​បញ្ចប់​វគ្គ​សិក្សា​រួច​សិក្ខាកាម​ទាំងអស់​នឹង​ក្លាយ​ជា​គ្រូពេទ្យ​គំរូ​ ដែល​មាន​សក្តានុពល​ក្នុង​ការ​សម្រេចចិត្ត​នូវ​គោលការណ៍​និង​ទម្លាប់​អនុវត្តន៍​ផ្សេងៗ​ហើយ​ថែមទាំង​មានឱកាស​ប ន្ត​ការសិក្សា​និង​អនុវត្តន៍​ជំនាញ​ថ្មីៗ​ដែល សកម្មភាព​ទាំងនេះ​ជា​កាយវិការ​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​កាន់តែ​ប្រសើរ​ឡើង​ស្រប តាម​ផែនការ​យុទ្ធសាស្ត្រ​សុខាភិបាល ក្រោម​គោលនយោបាយ​និង​ម្លប់​សន្តិភាព របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

​ជាមួយគ្នា​នោះ​ដែរ ​លោក​សាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយក​មន្ទីរពេទ្យ​កាល់​ម៉ែត បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ វគ្គ​បណ្ដុះបណ្ដាល​ស្តី​ពី​ភាពជា​គ្រូ​ណែនាំ​ និង ​ជំនាញ​ទំនាក់ទំនង ជូន​ដល់​ក្រុមគ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​នេះ​ បាន​ប្រព្រឹត្ត​ទៅតាម​ទម្រង់​ថ្នាក់រៀន​បែប​ទ្រឹស្ដី ដោយមាន​ការ​រួម​បញ្ចូល​ទាំង​វគ្គ​សិក្សា​ដំបូង​ចំនួន​៤​វគ្គ និង​ការចូលរួម​បែប​ក្លឹប​សិក្សា​រៀងរាល់​មួយ​ខែ​ម្ដង​រយៈពេល​១០​ខែ ចំណែក​វគ្គ​សិក្សា​ចុងក្រោយ​នេះ​មាន​រយៈពេល​៤​ថ្ងៃ និង​មាន​បទ​បង្ហាញ​សង្ខេប​ពី​គោលបំណង​របស់​វគ្គ​បណ្ដុះ​បណ្ដាល​ទាំងមូល​ជូន​ដល់ អ្នក​ពាក់ព័ន្ធ​ផ្នែក​សុខាភិបាល​ដែល​អញ្ជើញ​មកពី​រាជធានី​-​ខេត្ត។

លោក​សាស្ត្រាចារ្យ អគ្គនាយក​មន្ទីរពេទ្យ​កាល់ម៉ែត​បាន​បន្ត​ទៀត​ថា ​គោលដៅ​ចុងក្រោយ​នៃ​កិច្ច​សហ​ប្រតិបត្តិការ​បណ្តុះបណ្តាល​រួមគ្នា​នេះ ​គឺ​សំដៅ​ឈាន​ឲ្យ​សម្រេ​ច​បាន​លទ្ធផល​ដែល​កសាង​និង​រៀបចំ​ឲ្យ​បាន​ស្មារតី​ការងារ​ស្អិតរ​មួ​ត ឆ្លើយតប​សមស្រប នឹង​ព្រម​គ្នា​ក្នុង​ទិសដៅ​តែមួយ រវាង​សហភាត​រៈ​ទី​២ បន្ត​ធ្វើ​ឲ្យ​បាន​កាន់តែ​ប្រសើរ​លទ្ធផល​ដែល​អ្នកជំងឺ​គួរ​ទទួល​បាន តាមរយៈ​ការ​លើកកម្ពស់​សមត្ថភាព​ទំនាក់ទំនង​ទី​៣ បន្ត​បង្កើន​វប្បធម៌​នៃ​ការ​បង្ហាត់បង្ហាញ បណ្តុះ​បណ្តាល និង​ចែករំលែក​តាមរយៈ​សមត្ថភាព​ជា​គ្រូ​បង្គោល​ណែនាំ​និង​ទី​៤​បន្ត​អនុវត្តន៍ និង​វាយតម្លៃ​ការ​បណ្តុៈបណ្តាល​មួយ​ដែល​មាន​និរន្តរភាព​៕
រស្មី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114