ព័ត៍មានទាន់​ហេតុការណ៏
Search

លោកជំទាវ​ម៉ែន សំអន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ងាយ​មកប្រើប្រាស់​ឡ​ជីវឧស្ម័ន​វិញ​ ដែល​បាន​ជួយ​សន្សំសំចៃ​និង​មាន​សារៈសំខាន់​៤​យ៉ាង

ស្វាយរៀង ៖ ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង​បានធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ខេត្តស្វាយរៀង​ងាយ​មក​ប្រើប្រាស់​ឡ​ជីវឧស្ម័ន​វិញ​ដែល​បាន​ជួយ​សន្សំសំចៃ​និង​មាន​សារៈសំខាន់​៤​យ៉ាង​ដល់​អ្នកប្រើប្រាស់​ពិសេស​ប្រជាកសិករ​តែម្តង​។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​ ថ្លែង​បែបនេះ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អណ្តូងទឹក​ស្អាត​នៅ​ឃុំ​អង្គ​តា​សូ ស្រុក​ស្វាយជ្រុំ ខេត្ដ​ស្វាយរៀង នា​ចុង​សប្តាហ៍​ថ្មីៗ​នេះ​។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​លោក អាំង ពី​ទូ​រ្យ ប្រធាន​អង្គការ​កូ​ដូ​ខ្មែរ​នៅ​ប្រទេស​បារាំង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ ជា​ផ្លូវការ​នូវ​អណ្តូង​ទឹកស្អាត​ចំនួន ៣១​អណ្តូង និង ឡ​ជីវឧស្ម័ន ចំនួន ១៥​ឡ ដែល​បាន​ផ្តល់ជូន​ដោយ​អង្គការ​កូ​ដូ​ខ្មែរ​នៅ​ប្រទេស​បារាំង សម្រាប់ បម្រើ​ដល់ សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​នៅ​ខេត្តស្វាយរៀង ជាពិសេស ប្រជាពលរដ្ឋ​នៅ ឃុំ​អង្គ​តា​សូ ឃុំ​ស្វាយ​យា និង​ឃុំ​តា​សួស ស្រុក​ស្វាយជ្រុំ នាពេលនេះ​។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បន្ត​ថា ​ការ​ផ្តល់ជូន​របស់​អង្គការ​កូ​ដូ​ខ្មែរ​នៅ​ប្រទេស​បារាំង នាពេលនេះ គឺ​បាន ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់ ដែល​កំពុង​ជួបប្រទះ​បញ្ហា​ខ្វះខាត​ទឹកស្អាត និង​បាន​ជួយ​ដល់​ការ​សន្សំសំចៃ ដែល​កើតចេញពី​ការ ប្រើប្រាស់​នូវ​ថាមពល​ចេញពី​ឡ​ជីវឧស្ម័ន ដែល​បំពេញ​សេចក្តីត្រូវការ​ចាំបាច់រ​បស់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​

ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​រប​ស់​អង្គការ​កូ​ដូ​ខ្មែរ ក៏ដូចជា​បាន​ធ្វើ​សកម្មភាព​យ៉ាងសកម្ម តាំងពី​ឆ្នាំ ២០១៣ មក ដែលមាន​លោក អាំង ពី​ទូ​រ្យ ជា​ប្រធាន រួមជាមួយ​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​បាន​បរិច្ចាគ​ធនធាន សម្រាប់​ការសាងសង់ អណ្តូងទឹក សម្រាប់​បម្រើ​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន​នៅ​ទី​នេះ។ ជំនួយ​នេះ​ពិត​ជាមាន​សារៈសំខាន់​យ៉ាង​ខ្លាំង ក្នុង​ស្ថានភាព​បច្ចុប្បន្ន​ហើយ នេះ​គឺជា​សក្ខីភាព​មួយ​ដែល​បញ្ជាក់​យ៉ាង​ច្បាស់​ពី​សាមគ្គីភាព និង​ស្មារតី​ចែករំលែក របស់​សប្បុរសជន ដែលមាន​ដើមកំណើត​ជា​ខ្មែរ ទោះ​នៅ​ប្រទេស​បារាំង ដែល​មាន​ចម្ងាយ​រាប់ពាន់​គីឡូម៉ែត្រ​ពី​កម្ពុជា ក៏​បងប្អូន​យើង​ចង់​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល សំដៅ​ធ្វើ​ជួយ​ក្នុង​វិស័យ​សង្គម និង​មនុស្សធម៌ រួមចំណែក​ដល់​ការកាត់បន្ថយ​ភាព​ក្រីក្រ និង​ជំរុញ​ការអភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព និង​សមភាព​។

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​ថ្លែង​បន្ថែម​ថា រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន តែងតែ​យកចិត្តទុកដាក់​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ដោយបាន​ចាត់តាំង​ឲ្យ​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​មូលដ្ឋាន ក្នុង​ការ​ចុះ​ជួប ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ ក្នុងនោះ​ក៏​មាន​ការចូលរួមចំណែក​ផងដែរ​ពី អង្គការ ផ្សេងៗ​ដែល​បាន​ជួយ​ដល់​សង្គមជាតិ តាមរយៈ មនុស្សធម៌​ជាដើម ដើម្បី​បម្រើ​ដល់​តម្រូវ​ការចាំបាច់​ប្រចាំថ្ងៃ​របស់​ប្រជាជន​។ ទោះជា​យ៉ាងនេះ​ក្តី នៅតាម​មូលដ្ឋាន​ជាច្រើន ជាពិសេស តាម​ជនបទ ការផ្គត់ផ្គង់​ទឹកស្អាត​នៅមានកំរិត​នៅឡើយ ដែល​តម្រូវ​ឲ្យ​យើង​មានការ​ជី​អណ្តូង​បន្ថែម​ដើម្បី​បំពេញ តាម​សេចក្តីត្រូវការ។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បានធ្វើការ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ងាក​មកប្រើប្រាស់​ឡ​ជីវឧស្ម័ន វិញ ព្រោះ​វា​បាន​ជួយ​សន្សំសំចៃ​អុស​ស​ធ្យូង​បាន​ប្រមាណ ២​តោន ក្នុង​មួយ​ឡ យ៉ាងច្រើន ហើយ​ឡ​ជីវឧស្ម័ន​នេះ​ក៏បាន​រួមចំណែក​ក្នុងការ​កាត់បន្ថយ​ការ​បំភាយ ឧស្ម័ន​កាបូ​និក​ពី​ផលិតកម្ម​សត្វ​ប្រមាណ ៤.៥​តោន ក្នុង​មួយ​ឡ ក្នុង​មួយ​ឆ្នាំ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ទី​១. អាចជួយ​ដល់​ការកាត់បន្ថយ​ចំណាយ​លើ​ការបំភ្លឺ និង​មិន​ទិញ​ជីគីមី​ប្រើប្រាស់​លើ​ដំណាំ​ដោយ​បង្កើន​ជីធម្មជាតិ​ស្រស់ទឹក និង​គោក សម្រាប់​ប្រើប្រាស់​លើ​ដំណាំ​កសិកម្ម ដែល​ជួយ​ប្រែ​គុណភាព​ដី​កសិកម្ម ។ ទី​២ ជួយ​កាត់បន្ថយ​ការ​កាប់បំផ្លាញ​ព្រៃឈើ កាត​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ពី ឧស្ម័ន​មេតាន និង​កាត់បន្ថយ​ឧស្ម័ន​កាបូ​និក​។ ទី​៣ ជួយ​កាត់បន្ថយ​ក្លិនស្អុយ​ពី ការចិញ្ចឹម​សត្វ ដោយ​ការតភ្ជាប់​បង្គន់​អនាម័យ​នឹង​ឡ​ជីវឧស្ម័ន​។ ទី​៤ អ្នកប្រើប្រាស់​មាន​ពេលវេលា​ចូលរួម​ក្នុងសង្គម មាន​ពេលវេលា​ធ្វើការ​ផ្សេង ទៀត​បាន មាន​ភ្លើ​បំភ្លឺ​ផ្ទះ​ពេលយប់ ជួយ​ដល់​ការរៀនសូត្រ​របស់​កូនចៅ កាត់បន្ថយ​បន្ទុក ការងារ​របស់​ស្ត្រី និង​កុមារ ដោយ​មិន​ចាំ​បាច់​ចូល​ព្រៃ​រក​អុស​ធ្យូង និង​ម្យ៉ាងទៀត បង្កើត​បាន​ការងារ​ដ​ល់​អ្នក​គ្មាន​ការងារ​ធ្វើ​ក្នុងស្រុក តាមរយៈ ការបង្កើត​ឲ្យ​មាន ភ្នាក់ងារ​សាងសង់​ឡ​ជីវឧស្ម័ន ដែល​កាត់បន្ថយ​ការធ្វើ ចំណាកស្រុក​ទៅធ្វើ​ការ នៅក្រៅ​ប្រទេស។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បាន​ថ្លែងអំណរគុណ​ចំពោះ​អង្គការ​កូ​ដូ​ខ្មែរ នៅ​ប្រទេស​បារាំង​និង​សប្បុរសជន​ទាំងអស់ ដែល​បានរួម​ចំណែក ក្នុងការ​ឧបត្ថម្ភ​អណ្តូងទឹក និង​ឡ​ជីវឧស្ម័ន ជាច្រើន​កន្លែង​នៅ​ខេត្ដ​ស្វាយរៀង៕
វិមាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114