BREAKING NEWS
Search

លោក​សួន សេរី​រដ្ឋា បក​អាក្រាត​អាជីវកម្ម​នយោបាយ​របស់​លោក សម រង្ស៊ី នៅ​ក្រៅ​ប្រទេស ​ដើម្បី​យក​លុយ​ដាក់​ហោប៉ៅ

ភ្នំពេញ​ ៖​ លោក សួន សេរី​រដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ ហើយ​ជា​មនុស្ស​ម្នាក់​ធ្លាប់​បាន​រិះគន់​រាជរដ្ឋាភិបាល​មិន​សំចៃមាត់​នោះ បាន​បកអាក្រាត​ល្បិចកល​នយោបាយ​របស់លោក សម រង្ស៊ី អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ឬ​ហៅថា​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា ដែល​បាន​យក​សកម្មជន ឬ​អ្នកគាំទ្រ​ធ្វើ​អាជីវកម្ម ដើម្បី​យកលុយ​ដាក់​ហោប៉ៅ ដើរ​ស៊ីចាយ​សប្បាយ​នៅក្រៅ​ប្រទេស​។​

លោក សួន សេរី​រដ្ឋា ដែលជា​មនុស្ស​រស់នៅ​ទឹកដី​អាមេរិក​តាំងពី​វ័យក្មេង​នោះ បាន​សរសេរ​សារ​មួយ​កាលពី​រសៀល​ថ្ងៃទី​០៨ ខែកញ្ញា ថា លោក សម រង្ស៊ី និង​ក្រុម​អ្នកនយោបាយ​និយម សម រង្ស៊ី គឺជា​ក្រុម “​វីរជន​រត់ចោលស្រុក​” ដែល​ចូលចិត្ត​ធ្វើ​នយោបាយ​យក​ទឹកចិត្ត​ស្មោះត្រង់​របស់​អ្នកគាំទ្រ ទៅធ្វើ​អា​ជី​វកម្ម​យកលុយ​ដាក់​ហោប៉ៅ ដើរ​ចាយ​សប្បាយ​នៅក្រៅ​ប្រទេស ហើយ​បើ​មាន​អ្នក​ជឿ ឬ​អ្នកដើរ​តាម សម រង្ស៊ី ត្រូវស្លាប់​ក្នុង​ព្រឹត្តិការណ៍​បាតុកម្ម ឬ​ជាប់គុក​នោះ លោក​សម រង្ស៊ី ពិតជា​សប្បាយចិត្ត​បំផុត។

លោក សួន សេរី​រដ្ឋា បញ្ជាក់​យ៉ាងនេះ​ថា “​សម រង្ស៊ី និង​ក្រុម​អ្នកនយោបាយ​និយម សម រង្ស៊ី គឺជា​ក្រុម “​វីរជន​រត់ចោលស្រុក​” ដែល​ចូលចិត្ត​ធ្វើ​នយោបាយ​យក​ទឹកចិត្ត​ស្មោះត្រង់​របស់​អ្នកគាំទ្រ ទៅធ្វើ​អា​ជីវ​កម្ម​យកលុយ​ដាក់​ហោប៉ៅ ដើរ​ចាយ​សប្បាយ​នៅក្រៅ​ប្រទេស​។ បើ​មាន​អ្នក​ជឿ អ្នកដើរ​តាម សម រង្ស៊ី ត្រូវស្លាប់​ក្នុង​ព្រឹត្តិការណ៍​បាតុកម្ម ឬក៏​ជាប់គុក​នោះ គឺ សម រង្ស៊ី សប្បាយចិត្ត​បំផុត ព្រោះ​ខ្លួន​គាត់ សម រង្ស៊ី ដែលជា​វីរជន​រត់ចោលស្រុក​នោះ នឹង​បាន​យក​ការស្លាប់ និង​ការជាប់គុក​របស់​អ្នកគាំទ្រ​នេះ ទៅធ្វើ​បុណ្យ​រៃអង្គាស​យកលុយ​ចាយ ដោយ​គ្រាន់តែ​ផ្ញើ​ក្បាលកាក់ ក្បាល​សេន តិចតួច​មក​ឲ្យ​គ្រួសារ​ជនរងគ្រោះ រួច​ថតរូប​យក​រូប​ថត ទៅ​បោក​អ្នក​ជួយ​លុយ​ប៉ុណ្ណោះ​។ តាម​ខ្ញុំ ដឹង​ជាក់ស្តែង គឺ​ការធ្វើ​បុណ្យ​ដោយ​យកឈ្មោះ​អ្នកស្លាប់​ក្នុង​ព្រឹត្តិការណ៍​បាតុកម្ម ទៅធ្វើ​បុណ្យ ការ​រៃអង្គាស​មួយកន្លែងៗ បាន​មិន​តិច​ជាង​៥០០០$ ទៅ​១០០០០$ ទេ​។ តែ​ក្រុម សម រង្ស៊ី មិនមែន​ធ្វើ​តែមួយ​កន្លែង​នៅ​អាមេរិក កាណាដា អឺរ៉ុប និង​អូស្ត្រាលី ទេ។ ពោល គឺ​ធ្វើបុណ្យ​រៃអង្គាស​រាប់រយ​កន្លែង ដែល​ប្រមូល​លុយ រាប់រយ​ម៉ឺន​ដុល្លា បានមកពី​ការយក​ខ្មោច​ធ្វើ​អាជីវកម្ម​បុណ្យ​។ តែ​គ្រួសារ​រងគ្រោះ បាន​យ៉ាងច្រើន​១ គ្រួសារ ១០០០$ ប៉ុណ្ណោះ ! រាប់សែន រាប់រយ​ម៉ឺន​ដុល្លា ទៀត គឺ សម រង្ស៊ី យក​ចូល​ហោប៉ៅ​”​។​
​លោក សួន សេរី​រដ្ឋា បានបញ្ជាក់​ទៀតថា “​វីរជន​នយោបាយ រត់ចោលស្រុក​ដូច​សម រង្ស៊ី នេះ ក្រៅពី​ទទួល​លុយ​ពួក​យួន​សេរី និង​ពួក​ម៉ុង​តា​ញ៉ា​យួន​ហើយ នឹងធ្វើ​អាជីវកម្ម​នយោបាយ​លើ​ខ្មោច​អ្នកគាំទ្រ​ខ្លួន​នោះ នៅមាន​អាជីវកម្ម​ធ្វើ​ក្រដាស​លក់​ឲ្យ​អ្នកមាន​លុយ​ណា ដែល​ចង់បាន​សិទ្ធិ​រស់នៅ​អាមេរិក និង​អឺរ៉ុប ថែមទៀត ដោយ​ក្រុម​នេះ​ធ្វើលិខិត​ថា អ្នកនោះ​ជា​សកម្មជន​របស់ខ្លួន ដែល​រង​ការគំរាមកំហែង​ពី​អ្នកមានអំណាច​នៅ​ស្រុក​ខ្មែរ មិនអាច​វិល​ត្រឡប់មក​ស្រុក​ខ្មែរ​វិញ​បាន​… ដោយ​ធ្វើឯកសារ​លិខិត​បែបនេះ យកលុយ​ពី​អ្នកមាន​លុយ កុហក់​អាមេរិក កុហក់​អឺរ៉ុប ដើម្បី​ដាក់​សុំ​សិទ្ធិ​រស់នៅ​អាមេរិក ឬ​អឺរ៉ុប​”​។​

សូមបញ្ជាក់ថា មកដល់ពេលនេះ លោក សម រង្ស៊ី មាន​ឈ្មោះថា ជា​ជន​ក្បត់ជាតិ ដោយសារ​តែ​បាន​ចុះហត្ថលេខា​កាត់​ទឹកដី​កម្ពុជា​ចំនួន​៤​ខេត្ត​ទៅ​ឲ្យ​ជន​ជាតិ​ភាគតិច​ម៉ុង​តា​ញ៉ា ហើយ​ក្រៅពីនោះ សម រង្ស៊ី ក៏​នៅមាន​បណ្តឹង​យ៉ាងច្រើន​ទៀត ដែល​ធ្វើ​ឲ្យ​អ្នកនយោបាយ​រូបនេះ​មិនអាច​ត្រឡប់​ចូល​ស្រុក​វិញ​បានឡើយ​។ ចំណែក​គណបក្ស​ដែល​ខ្លួន​គ្រប់គ្រង​នោះ ក៏ត្រូវ​បាន​រំលាយ​ផងដែរ ដោយសារ​តែ​ស្នាដៃ​របស់ខ្លួន​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114