លោក​ស៊ុន ចាន់ថុល ៖ ក្រសួង​គ្រោង​នឹង​បំពាក់​ជញ្ជីង​ស្វ័យប្រវត្តិ (Weigh in Motion) និង​កាមេរ៉ា​ឆ្លាត​វៃ (AI Camera) តាមដាន​យានយន្ត

ភ្នំពេញ ៖ ក្រសួង​សាធារណការ និង ដឹកជញ្ជូន គ្រោង​នឹង​បំពាក់​ជញ្ជីង​ស្វ័យប្រវត្តិ (Weigh in Motion) និង កាមេរ៉ា​ឆ្លាត​វៃ (AI Camera) តាមដាន​យានយន្ត​ចូល និង​មិន​ចូល​ស្ថានីយ​ថ្លឹង រថយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ដើម្បី​ជូនដំណឹង​ទៅ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដោយ​ស្វ័យប្រវត្តិ ដើម្បី​ចាត់វិធានការ។

នេះ​គឺជា​ការ​លើកឡើង​ របស់​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ៥​កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំ​ខែមករា ឆ្នាំ​២០២០។

កិច្ចប្រជុំ​នេះ​រៀបចំឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ដោយមាន​ការចូល​រួម​ពី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃ​ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍​ផងដែរ។

លោក​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់​អំពី​សមិទ្ធផល សម្រេច​បាន​រយៈពេល​មួយ​ឆ្នាំ​កន្លងទៅ​ទាក់ទង​នឹង​កិច្ចខិតខំ​ប្រឹងប្រែង​ជួសជុល​ថែទាំ​ផ្លូវ​ដែល​ខូចខាត ការពង្រីក​ផ្លូវ​តាម​ទីប្រជុំជន ការ​ដាក់​ផ្លាក​សញ្ញា ការចែក​មួក​សុវត្ថិភាព ការ​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ថែទាំ ជួសជុល​ផ្លូវ ស្ពាន​តាមរយៈ​ការ​បង្កើត​កម្មវិធី​ថែទាំ​ផ្លូវ (ROAD CARE Mobile App) ការកែទម្រង់​ការងារ​គ្រប់គ្រង​មធ្យោបាយ​ដឹក ជញ្ជូន​បង្កលក្ខណៈ​ងាយស្រួល​ក្នុង​ការ​ទទួល​សេវា​ពាក់ព័ន្ធ​នឹង​ឯកសារ​យានយន្ត​ចុះបញ្ជី​តាម Online និង​ការ​រឹតបន្តឹង​ការដឹក​លើស​ទម្ងន់​កម្រិត​កំណត់​។

លោក​ទេសរដ្ឋមន្ត្រី ក៏បាន​លើកឡើង​អំពី​ទិសដៅ​ការងារ​អនុវត្ត​បន្ត​សម្រាប់​ឆ្នាំ​២០២០ ទាក់ទង​នឹង​ការងារ​ច្បាប់ ជាពិសេស​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ការងារ​សុវត្ថិភាព​ចរាចរណ៍​ដោយ​រៀបចំ វិធានការ​បំពាក់​ប្រព័ន្ធ GPS តាមដាន​លើ​រថយន្ត​ដឹកទំនិញ និង​ការងារ​ទប់ស្កាត់​ការ​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ដោយ​ផ្តោត​ជា​សំខាន់​លើ​ការបង្កើត​ប្រព័ន្ធ​តាមដាន និង​គ្រប់គ្រង​រថយន្ត ដែល​បាន​ពិន័យ​រួច និង​អាច​ឈាន​ទៅដល់​ការបិទ​ក្រុមហ៊ុន ឬ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ចរាចរណ៍​លើ​ផ្លូវ​ថ្នល់​ក្នុងករណី​មិន​រាងចាល​។

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​លើក​ឡើង​ថា ក្រសួង​គ្រោង​នឹង​បំពាក់​ជញ្ជីង​ស្វ័យប្រវត្តិ (Weigh in Motion) និង​កាមេរ៉ា​ឆ្លាត​វៃ (AI Camera) តាមដាន​យានយន្ត​ចូល និង​មិន​ចូល​ស្ថានីយ​ថ្លឹង រថយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ដើម្បី​ជូនដំណឹង​ទៅ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដោយ​ស្វ័យប្រវត្តិ ដើម្បី​ចាត់វិធានការ និង​រៀបចំ​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ឲ្យ​ក្រុមហ៊ុន រោងចក្រ សហគ្រាស អាច​រាយការណ៍ ជាប្រចាំ​មកកាន់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​អំពី​សកម្មភាព​បណ្តុះបណ្តាល​អប់រំ​ផ្សព្វផ្សាយ​ដល់​បុគ្គលិក កម្មករ និយោជិក​របស់​ខ្លួន​អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក។

ជាមួយគ្នា​នោះ​ផងដែរ លោក​ទេសរដ្ឋមន្ត្រី ក៏បាន​ប្តេជ្ញា​ជួសជុល​ផ្លូវ​ជង្ហុក​សំបុក​មាន់ និង​ផ្លូវ​ខូច​ឲ្យ​បាន ៥០​ភាគរយ ក្នុង​រយៈពេល ៣០​ថ្ងៃ តាមរយៈ​ការប្រើប្រាស់​កម្មវិធី​ថែទាំ​ផ្លូវ (ROAD CARE Mobile App) ដែល​អាច​ឲ្យ​ប្រជាពលរដ្ឋ​រាយការណ៍​ទៅកាន់​ក្រុមការងារ​មាន​សមត្ថកិច្ច​ដើម្បី​ចុះ​មក​ជួសជុល​បាន​ទាន់ពេលវេលា ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​អាចធ្វើ​ដំណើរ​លើ​ប្រព័ន្ធ​បណ្តាញ​ផ្លូវ​ប្រកបដោយ​សុវត្ថិភាព។

សូម​ជម្រាប​ជូន​ថា យោង​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ខែមករា ឆ្នាំ​២០២០ បាន​កើតឡើង​ចំនួន ៣៥៨​លើក បណ្តាល​ឲ្យ​ស្លាប់​ចំនួន ២០៦​នាក់ និង​របួស​ចំនួន ៥៥៨​នាក់ ប្រៀបធៀប​ខែធ្នូ ឆ្នាំ​២០១៩ ថយចុះ​ចំនួន ១២​លើក (៣៥៨ /៣៧០​លើក​) ស្មើនឹង ៣​ភាគរយ ស្លាប់​កើន​ចំនួន ២០​នាក់ (២០៦/១៨៦​នាក់​) ស្មើនឹង ១១​ភាគរយ និង​របួស កើន ៥៨​នាក់ (៥៥៨ /៥០០​នាក់​) ស្មើនឹង ១២​ភាគរយ៕
រ៉ា​វុ​ទ្ធ

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114