ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​ហ៊ុន ម៉ា​ណែ​ត យកចិត្តទុកដាក់​ចំពោះ​ការងារ​ប្រចាំថ្ងៃ និង​ការ​កសាង​អង្គភាព​បញ្ជាការដ្ឋាន​កាំភ្លើង​ធំ

កំពង់ឆ្នាំង ​៖ ​ស៊ីម៉ងត៍​២០​តោន ប្រេងម៉ាស៊ូត ២០០០​លីត្រ និង​សម្ភារៈ​ការិយាល័យ​មួយចំនួន ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តាមរយៈ​ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការ ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ត្រូវបាន​ក្រុមការងារ​ដឹកយក​មក​ប្រគល់ជូន​អង្គភាព​បញ្ជាការដ្ឋាន​កាំភ្លើង​ធំ​កងទ័ពជើងគោក​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៩​នេះ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ពៅ សុខា មេបញ្ជាការ​រង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ បញ្ជាការដ្ឋាន​កាំភ្លើង​ធំ បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ សម្តេច​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ដែល​បាន​ឧបត្ថម្ភ​សម្ភារៈ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នាពេលនេះ​។

លោក​បាន​បន្តថា សម្តេច​ទាំងពីរ​តែងតែ​គិតគូរ​ពី​សុខទុក្ខ​កងទ័ព ក៏ដូចជា​ការ​ទំនុកបម្រុង​គ្រួសារ​ទ័ព ការងារ​កសាង​អង្គភាព និង​កិច្ច​ការងារ​ផ្សេងៗ ដែល​សកម្មភាព​ទាំងនេះ​ បាន​ធ្វើ​ឲ្យ​កងទ័ព​ទាំងអស់​មាន​ភាព​កក់ក្តៅ និង​មាន​ស្មារតី​រឹងមាំ​អង់អាច​ក្លាហាន ដើម្បី​ឈរ​ជើង​ការពារ​បូរណភាព​ទឹកដី ការពារ​រដ្ឋធម្មនុញ្ញ និង​ការពារ​ដាច់ខាត​មិន​ឲ្យ​មាន​បដិវត្ត​ពណ៌​ដែល​ក្រុមប្រឆាំង​ក្រៅច្បាប់​ប៉ុនប៉ង​បំផ្លាញ​សន្តិភាព​ ដែល​រាជរដ្ឋាភិបាល​ខិតខំរកមក​យ៉ាង​លំបាក​នេះ​បានឡើយ​។

លោក​ក៏បាន​បញ្ជាក់ថា អង្គភាព​កង​បញ្ជាការដ្ឋាន​កាំភ្លើង​ធំ គោរព និង​អនុវត្ត​ឲ្យ​បាន​ដាច់ខាត​នូវ​បទបញ្ជា​បញ្ជា​ថ្នាក់លើ ក៏ដូចជា​ការអនុវត្ត​អភិក្រម​ទាំង​៥​គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់ រួម​ទាំង​បញ្ញត្តិ​ទាំង​១០ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ផ្កាយ​មាស​៥​ផុត​លេខ ដែល​បាន​ថ្លែង​ក្នុង​ខួប​២០​ឆ្នាំ​ថ្ងៃ​បង្កើត​បញ្ជាការដ្ឋាន​កង​ទ័ព​ជើងគោក កាលពី​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ។

សូម​រំលឹក​ថា អំណោយ​ជា​សម្ភារៈ​ការិយាល័យ និង​សម្ភារៈ​សំណង់​ខាង​លើ​នេះ ត្រូវ​បាន​លោក ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ផ្ដល់​ជូន​បន្ថែម​លើ​អំណោយ​ជា​អគារ​ស្នាក់នៅ​ទ័ព​០២​ខ្នង និង​ថវិកា​មួយចំនួនទៀត ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​បញ្ជាការ​សេនាធិការ​កាំភ្លើង​ធំ និង​កងអនុសេនាតូច​-​ធំ​ត្បាល់​DK កាលពី​ថ្ងៃ​២៧ ខែ​តុលា ឆ្នាំ​២០១៩ កន្លងទៅនេះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114