ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​អភិបាលខណ្ឌ​ច្បារអំពៅ​ផ្តល់​គ្រឿង​ឧបភោគ​បរិភោគ​ដល់​សមត្ថកិច្ច​ខណ្ឌ

ភ្នំ​ពេ​ញ ៖ លោក​ចេង មុនី​រ៉ា អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​កាលពី​រសៀល​ថ្ងៃទី​៧​ខែវិច្ឆិកា​បាន​នាំ​យក​គ្រឿង​ឧបភោគបរិភោគ រួមទាំង​ថវិកា​ផ្តល់​ដល់​កម្លាំង​នគរបាល​និង​អាវុធហត្ថ​ខណ្ឌ​ដើម្បី​យក​ទៅ​ផ្គត់ផ្គង់​ដល់​កម្លាំង​សមត្ថកិច្ច​ដែល​ចុះ​បំពេញការងារ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អកអំបុក​និង​អុំ​ទូក​ដែល​ប្រព្រឹត្តិ​ធ្វើឡើង​នៅ​ថ្ងៃ​ខាងមុខ​។

លោក​ចេង មុនី​រ៉ា បាន​មានប្រសាសន៍ថា ​ការផ្តល់​គ្រឿងឧបភោគ​បរិភោគ​រួមទាំង​ថវិកា​មួយចំនួន​ដល់​កម្លាំង​នគរបាល​និង​កងរាជអាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ​ដើម្បី​ជួយឧបត្ថម្ភ​បន្ថែម​លើ​គោល​របប​របស់​បងប្អូន​សមត្ថកិច្ច​យើង​ទាំង​២​ស្ថាប័ន​ខាងលើ ​ដែល​ការ​ជួយឧបត្ថម្ភ​នេះ​គឺ​លោក​បាន​ធ្វើឡើង​រាល់​ពិធី​បុណ្យជាតិ​ធំៗ​មិនដែល​ខកខាន​ឡើយ​។

​លោក​ចេង មុនី​រ៉ា បាន​បញ្ជាក់​ទៀត​ថា ​សព្វ​ថ្ងៃនេះ​កម្លាំង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ​បាន​ខិតខំ​បំពេញការងារ ការពារ​សន្តិសុខ​សណ្តាប់​ធ្នាប់​ដោយ​ទទួល​បាន​ការ​កោតសរសើរ​ពី​ប្រជាពលរដ្ឋ។​ ហើយ​អ្វី​ដែល​ប្រជាពលរដ្ឋ​លោក​ពេញចិត្ត​នោះ​គឺ​កម្លាំង​សមត្ថកិច្ច​យើង​មានការ​សាមគ្គីភាព​ក្នុង​ពេល​បំពេញ​ភារកិច្ច​រួមគ្នា​ដោយ​មិនចេះ​ដណ្តើម​យក​ស្នាដៃ​នោះឡើយ​។

លោក​អភិបាលខណ្ឌ​បាន​បញ្ជាក់​ទៀត​ថា​ នា​រសៀល​ថ្ងៃនេះ​លោក​បាន​នាំ​យក​អង្ករ ភេសជ្ជៈ និង​ថវិកា​ក្នុង​មួយ​អង្គភាព​ទទួល​បាន​២​លាន​រៀល​៕
ន​រា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114