លោក​អភិបាលខណ្ឌ​ច្បារអំពៅ​នាំ​យក​អំណោយ​ផ្តល់​តាម​ខ្នងផ្ទះ

ភ្នំ​ពេ​ញ ៖ លោក​ចេង មុនី​រ៉ា អភិបាល​នៃ​គ​ណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​រួម​ដំណើរ​ដោយ​លោក លោកស្រី​អភិបាលរងខណ្ឌ​បាន​នាំ​យក​អំណោយ​រួមមាន​អង្ករ​និង​មី ទឹកត្រី ទឹក​ស៊ីអ៊ីវ​ព្រមទាំង​ថវិកា​ទៅ​ផ្តល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ​តាម​ខ្នង​ផ្ទះ​តែម្តង​។

ជាក់ស្តែង​នៅ​ព្រឹក​ ថ្ងៃទី​៨​ ខែមេសា​នេះ​ លោក​ចេង មុនី​រ៉ា បាន​អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ​ព្រមទាំង​នាំ​យក​អំណោយ​ទៅ​ផ្តល់​ជូន​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ព្រែក​ឯង​ និង ​បន្ត​ចុះ​ផ្តល់​ជូន​តាម​បណ្តា​សង្កាត់​ទាំង​៨​ទៀតផង​។

ក្នុង​ពេល​នោះ​ដែរ ​លោក​អភិបាលខណ្ឌ​ច្បារអំពៅ​បាន​សំណូមពរ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ចេះ​ថែរក្សា​អនាម័យ​លើ​ខ្លួនប្រាណ​ពិសេស​លាងដៃ​និង​សាប៊ូ ​ឬ ​លាងដៃ​ និង ​អាកុល​មុន​ពេល​ទទួលទាន​អាហារ​។ ធ្វើ​បែប​នេះ​ ទើប​បងប្អូន​យើង​មិន​មាន​កើតរោគ​កូ​វីដ​១៩​។

ទាក់ទិន​ទៅ​នឹង​បញ្ហា​ជីវភាព ​គឺ​លោក​អភិបាលខណ្ឌ​ច្បារអំពៅ​បាន​ណែនាំ​ដល់​លោក​មេភូមិ​និង​លោក​ចៅសង្កាត់​ត្រូវ​ចុះ​ពិនិត្យ​តាម​ខ្នង​ផ្ទះ​ ដើម្បី​ស្វែងរក​បងប្អូន​ប្រជាពលរដ្ឋ​ដែល​លោក​ជួប​កង្វះខាត​ស្បៀងអាហារ​ត្រូវ​រាយការណ៍​មក​សាលា​ខណ្ឌ​ជាបន្ទាន់​និង​រួសរាន់​នាំ​យក​អំណោយ​ទៅ​ផ្តល់ជូន​ដល់​លំនៅឋាន​ដោយ​ពុំ​ចាំបាច់​ឲ្យ​គាត់​មក​ស្នើសុំ​នោះទេ​។

ចំពោះ​សកម្មភាព​មនុស្ស​ធម៌​របស់​លោក​អភិបាលខណ្ឌ​ច្បារអំពៅ ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​លោក​មានការ​កក់ក្តៅ​ខ្លាំងណាស់​៕
ន​រា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114