លោក​អភិបាលខេត្ត​ ជួប​សំណេះសំណាល​កម្មករ និយោជិក​ និង ពិនិត្យ​វឌ្ឍនភាព​ការងារ​
BREAKING NEWS
Search

លោក​អភិបាលខេត្ត​ ជួប​សំណេះសំណាល​កម្មករ និយោជិក​ និង ពិនិត្យ​វឌ្ឍនភាព​ការងារ​

រតនគិរី ៖ នៅ​ព្រឹក​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០២០​នេះ លោក ថង សាវុន អភិបាល នៃ​គណៈ​អភិបាលខេត្ត​រតនគិរី អមដំណើរ​ដោយ​លោកនាយក​រដ្ឋបាល ប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ក្នុង​ខេត្ត អភិបាលស្រុក បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និ​យោគ​ជិ​ក និង​ពិនិត្យ​វឌ្ឍនភាព​ការងារ​នៅក្នុង​ក្រុមហ៊ុន​ក្រុង​បុក ស្ថិត​នៅ​ក្នុង​ឃុំ​តា​វែង​លើ ស្រុក​តា​វែង ខេត្តរតនគិរី​។

នៅ​ក្នុង​ឱកាស​នោះ​ លោក​អភិបាលខេត្ត មានប្រសាសន៍ថា ដោយសារ​បរិបទ​ប្រទេសជាតិ​កំពុង​ប្រឈម​បញ្ហា​ការ​រាតត្បាត​នៃ​មេរោគ​កូ​វីដ​-១៩ ឆ្នាំ​២០២០​នេះ​ យើង​មិនអាច​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ ១​ឧសភា​បានទេ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ​យើង​បាន​រៀប​ចំ​ពិធី​សំណេះសំណាល សួរសុខទុក្ខ​នៅ​តាម​ការដ្ឋាន ដោយ​រក្សា​បាន​នូវ​គំលាត​សុវត្ថិភាព​សង្គម ដើម្បី​បង្ការ​ការ​ចម្លង​មេរោគ​កូ​វីដ​-១៩​។

លោក​អភិបាលខេត្ត ក៏បាន​ជម្រាប​ជូន​ថ្នាក់ដឹកនាំ​ក្រុម​ហ៊ុន និង​បងប្អូន​កម្មករ​ផង​ដែរ អំពី​ស្ថាន​ការ​ចុងក្រោយ​នៃ​មេរោគ​កូ​វីដ​-១៩ នៅ​កម្ពុជា ក្នុង​នោះ​រាជរដ្ឋាភិបាល​គ្រប់គ្រង​បាន ក្នុង​រយៈពេល​ចុងក្រោយ​នេះ​ពុំ​មាន​ការ​ចម្លង​ថ្មី​ទៀត​នោះ​ទេ ដោយឡែក​អ្នកជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅសល់​ត្រឹមតែ​២​នាក់​ប៉ុណ្ណោះ​។ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ លោក​អំពាវនាវ​ដល់​ប​ង​ប្អូន​កម្មករ​រក្សា​អនាម័យ និង​មាន​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់ ពី​ព្រោះ​ថា ​ភាគរយ​ចម្លង​នៅ​តែ​មាន​អត្រា​ខ្ពស់​នៅឡើយ។

លោក ថង សាវុន បាន​សម្តែង​នូវ​ការ​កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ដែល​បាន​ខិតខំ និង​ផ្តល់​ឱកាស​ការងារ​ជាច្រើន​ដល់​បងប្អូន​កម្មករ ទោះបី​បញ្ហា​សកល​នៃ​មេរោគ​កូ​វីដ​-១៩ បាន​កើតឡើង​ក៏ដោយ ប៉ុន្តែ​នៅតែ​រក្សា​បាន​នូវ​ការងារ និង​បៀវត្ស​ជូន​បងប្អូន​កម្មករ​មិន​មាន​ការបាត់បង់​ឡើយ​។

ក្នុង​ឱកាស​នោះ​ដែរ លោក​អភិបាលខេត្ត បាន​បន្ត​នាំ​យក​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ និង​សម្ភារៈ​មួយចំនួន​ជូន​ដល់​បងប្អូន​កម្មករ​នៅតាម​ខ្នង​ផ្ទះ​ក្នុង​ការដ្ឋាន​ដែល​ក្រុមហ៊ុន​បានរៀបចំ​។ ក្នុងនោះ​ផងដែរ លោក​បាន​ជំរុញ​ណែនាំ​ដល់​បងប្អូន​កម្មករ​ឲ្យ​ឆ្លៀតពេល​ទំនេរ​ពី​ការងារ​ខិតខំ​បង្កបង្កើនផល ដាំ​ដុះ​បន្លែបង្ការ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​រស់នៅ និង​សេដ្ឋកិច្ច​គ្រួសារ ជាជាង​យក​ពេលទំនេរ​ទៅធ្វើ​រឿង​ឥតប្រយោជន៍ ឬ​លេងល្បែង​ភ្នាល់​ផ្សេងៗ​។

សូម​បញ្ជាក់​ថា ក្រុមហ៊ុន​ក្រុង​បុក បាន​វិនិយោគ​លើ​វិស័យ​កសិឧស្សាហកម្ម​ផលិតកម្ម​កៅស៊ូ ប្រមាណ​ជាង​៦,០០០​ហិកតា បច្ចុប្បន្ន​បាន​ដាំ​ដុះ​បាន​ប្រមាណ​ជាង​៥​ពាន់​ហិកតា និង​ផ្តល់ឱកាស​ការងារ​ដល់​កម្មករ និយោជិត​ប្រមាណ​ជិត​១.០០០​នាក់​៕
វុ​ទ្ធ​ឦសាន

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114