លោក​អភិបាលខេត្ត ​ចុះ​សួរ​សុខទុក្ខ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​នៅ​ដាច់ដោយឡែក

ព្រៃវែង ​៖ នៅ​ព្រឹក​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០២០ លោក ជា សុ​មេធី អភិបាលខេត្ត បាន​នឹង​ខិតខំ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ក្នុង​ការ​ចុះ​សួរសុខទុក្ខ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​កំពុងតែ​ស្នាក់នៅ​ដាច់ដោយឡែក​រយៈពេល ១៤ ថ្ងៃ ដែល​គាត់​បាន​វិលត្រឡប់​មកពី​ក្រៅប្រទេស មាន​ដូច​ជា​ប្រទេស​ថៃ​ជាដើម មក​ស្រុកកំណើត​វិញ នៅ​ស្រុក​កំចាយមារ ស្រុក​ពោធិ៍​រៀង និង​ស្រុក​ពាម​ជរ​​។

លោក​ក៏​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​កំពុង​ស្នាក់​នៅ​ដាច់ដោយឡែក​នេះ ត្រូវ​អត់ធ្មត់ និង​កុំ​គិតថា​មានការ​រើសអើង​អ្វី​ឲ្យ​សោះ ទាំងនេះ​គឺជា​ការ​គិតគូរ​របស់​អាជ្ញាធរ ខេត្ត ស្រុក ក្នុង​ការ​ទប់ស្កាត់​មិន​ឲ្យ​មាន​រីក​រាលដាល​នៅ​ជំងឺ Covid 19 នេះ​ទៅ​អ្នក​ដទៃ​ផ្សេងទៀត​។ លោក​ក៏បាន​បន្ត​ទៀត​ថា ចំពោះ​ការ​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​នេះ​គឺ​មិនមែន​ចោទ​ថា ​បងប្អូន​មាន​ផ្ទុក​នៅ​ជំងឺ Covid19 នេះ​ទេ គឺ​សូម​ឲ្យ​បងប្អូន​នៅ​ដាច់ដោយឡែក​សិន ដើម្បី​ឲ្យ​គ្រូពេទ្យ​ពិនិត្យ​តាមដាន​រយៈពេល​១៤ សិន ថា​តើ​បងប្អូន​មាន​ផ្ទុក​ដែរ​ឬក៏​អត់ នៅ​ពេល​ដែល​គ្រប់ ១៤ ថ្ងៃ សុខភាព​បងប្អូន​មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ​គ្រូពេទ្យ ព្រមទាំង​អាជ្ញាធរ ស្រុក និង​អនុញ្ញាតិ​ឲ្យ​បងប្អូន​ទៅ​ជួប​ក្រុម​គ្រួសារ សាច់ញាតិ​វិញ​។

លោក​សូម​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ ដែល​កំពុង​នៅ​ដាច់ដោយឡែក​នេះ​ត្រូវធ្វើ​អនាម័យ​ខ្លួនប្រាណ​ឲ្យ​បានជា​ប្រចាំ ប្រសិនបើ​មាន​អាការៈ ដូចជា​ក្អក ពិបាក​ដកដង្ហើម ឬ​មាន​បញ្ហា​ផ្សេងទៀត​ត្រូវ​រាយការណ៍​ដល់​ក្រុមការងារ ឬ​ក្រុម​គ្រូពេទ្យ​ប្រចាំការ​នៅ​ទីនោះ ដើម្បី​ព្យាបាល​ឲ្យ​បាន​ទាន់ពេលវេលា​។

ក្នុង​ការ​ចុះ​សួរ​សុខ​ទុក​នោះ​ផង​ដែរ នៅ​ស្រុក​កំចាយមារ មាន​ប្រជាពលរដ្ឋ ស្នាក់នៅ​ដាច់ដោយឡែក ចំនួន ៣២ នាក់ នៅ​ស្រុក​ពោធិ៍​រៀង ចំនួន ២២​នាក់ និង​នៅ​ស្រុក​ពាម​ជរ​ចំនួន ១៧ នាក់​។​

លោក​ក៏បាន​ឧបត្ថម្ភ​សម្ភារៈ​ប្រើប្រាស់​ដល់​ស្រុក​នីមួយៗ សម្រាប់​ប្រតិបត្តិ​ការងារ ដើម្បី​ទប់ស្កាត់​នូវ​ជំងឺ Covid 19 នេះ មាន​៖- ទឹក​អាល់កុល ១០L – ម៉ាស់ ៥ ប្រអប់ =២៥០​បន្ទះ​ – សាប៊ូ ៣០​ដុំ​ – ទឹក​សុទ្ធ ២០ កេស​ – មី​យើង ៣ កេស – អង្ករ ២៥០ គីឡូក្រាម – ថវិកា​ចំនួន​៥០០​ដុល្លារ​អាមេរិក ឧបត្ថម្ភ​ដល់​គណៈកម្មការ​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ស្រុក​ពោធិ៍​រៀង។

ចំពោះ​អ្នក​នៅ​ដាច់ដោយឡែក​ក្នុង​ម្នាក់ៗ ទ​ទូល​បាន​ថវិកា ៥ ម៉ឺន​រៀល និង​គ្រូពេទ្យ​ប្រចាំការ ជំ​ទុក និង​មេ​ប៉ុស្តិ៍ ១​ក្រុមៗ ទ​ទូល​បាន​ថវិកា ចំនួន ២០ ម៉ឺន​រៀល​នោះ​ផង​ដែរ៕
សៅ​គ្រី

     



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114