លោក​អ៊ុំ​ រាត្រី​ ឲ្យ​មន្រ្តី​ពាក់ព័ន្ធ តាម​ចាប់ខ្លួន​មេខ្យល់ នាំ​ពលករ​​ខុស​ច្បាប់​​​ទៅ​ប្រទេសជិតខាង
BREAKING NEWS
Search

លោក​អ៊ុំ​ រាត្រី​ ឲ្យ​មន្រ្តី​ពាក់ព័ន្ធ តាម​ចាប់ខ្លួន​មេខ្យល់ នាំ​ពលករ​​ខុស​ច្បាប់​​​ទៅ​ប្រទេសជិតខាង

បន្ទាយមានជ័យ ៖ ក្នុង​កិច្ចប្រជុំ​បញ្ជា​ការឯកភាព​រដ្ឋបាល​ខេត្ត លោក​អ៊ុំ​ រាត្រី ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត​បន្ទាយមានជ័យ​បាន​ជំរុញ អង្គភាព​ទាំង​៣ និង​មន្ទីរ​ពាក់ព័ន្ធ​ទទួលខុសត្រូវ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​មេខ្យល់ ដែល​ចលនា​អូសទាញ​ប្រជាពលរដ្ឋ​ខ្មែរ​ ឲ្យ​ឆ្លងដែន​ខុសច្បាប់​ចូល​ទៅ​ប្រទេសជិតខាង​តាម​ច្រក​របៀង​នានា និង​ទប់ស្កាត់​ពលរដ្ឋ​ខ្មែរ កុំ​ឲ្យ​ឆ្លងដែន​ដោយ​ខុសច្បាប់​ ចូល​ទៅ​ប្រទេសជិតខាង នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០២០​នៅ​សាល​ប្រជុំ​សាលាខេត្ត​។

​ក្នុង​កិច្ចប្រជុំ​នោះ ​លោក​អ៊ុំ ​រាត្រី​ បាន​មានប្រសាសន៍​បន្ត​ថា ​ថ្មីៗ​នេះ មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន ត្រូវ​បាន​មេខ្យល់​នាំ​ឆ្លងដែន​ខុសច្បាប់​ចូល​ទៅ​ក្នុង​ប្រទេសជិតខាង​ ពេល​ដែល​ប្រទេសជិតខាង​ទាំងនោះ កំពុង​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន ដើម្បី​បង្ការ​ទប់ស្កាត់​ការ​រីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩​។​ ចំពោះ​ករណី​នេះ ដើម្បី​ពង្រឹង​នូវ​ការគ្រប់គ្រង​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ព្រំដែន​ចេញចូល​ប្រទេសជិតខាង ការ​ថែរក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ការពារ​នូវ​ផល​ប្រយោជន៍​របស់បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ និង​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ក្រសួងមហាផ្ទៃ​ បាន​ធ្វើ​ការណែនាំ​អភិបាលខេត្ត​មាន​ដូច​ជា៖

– ត្រូវ​អនុវត្ត​នូវ​វិធានការ​មួយ​ចំនួន​រួមមាន ត្រូវ​កោះ​ប្រជុំ​គណៈ​បញ្ជាការ​ឯកភាពរដ្ឋ រដ្ឋបាល​ខេត្ត​ជាបន្ទាន់ ដើម្បី​ណែនាំ​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់ ​នៅ​តាម​ព្រំដែន​ឲ្យ​ចូលរួម​សហការ​គ្នា​ ដាក់​ចេញ​នូវ​វិធានការ​ទប់ស្កាត់​ការចេញចូល​ឆ្លងដែន​ខុសច្បាប់​ តាម​ច្រក​របៀង​តាម​បណ្ដោយ​ព្រំដែន​ ជាមួយ​ប្រទេសជិតខាង​។

​- ត្រូវ​ស្រាវជ្រាវ​ស្វែងរក និង​តាម​ចាប់ខ្លួន​មេខ្យល់​ ដែល​ចលនា​អូសទាញ​ប្រជាពលរដ្ឋ​ខ្មែរ​ ឲ្យ​ឆ្លងដែន​ខុសច្បាប់​ចូល​ទៅ​ប្រទេសជិតខាង​ តាម​ច្រក​របៀង​នានា​។ ​ក្នុងករណី​ ដែល​សមត្ថកិច្ច នៃ​ប្រទេសជិតខាង ​បាន​ចាប់​ឃាត់ខ្លួន​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​បាន​ឆ្លងដែន​ខុសច្បាប់​ចូល​ទៅ​ជិត​ចូល​ទៅ​ប្រទេសជិតខាង ​តាម​ច្រក​របៀង​នានា រដ្ឋបាល​ខេត្ត ត្រូវ​ទំនាក់ទំនង និង​សម្របសម្រួល​ជាមួយ​សមត្ថកិច្ច នៃ​ប្រទេសជិតខាង ដែល​មាន​ព្រំប្រទល់​ជាប់​គ្នា​ឲ្យ​បាន​ឆាប់ ដើម្បី​ស្នើ​ឲ្យ​សមត្ថកិច្ច​នៃ​ប្រទេសជិតខាង​ចាប់​បញ្ជូន​ពួកគាត់​វិល​ត្រឡប់​មក​កម្ពុជា​វិញ និង​យកចិត្តទុកដាក់​ត្រួតពិនិត្យ​សុខភាព ការអនុវត្ត​វិធានការ​ច​ត្តា​ឡី​ស័ក និង​ការ​ដឹក​ជញ្ជូន​បងប្អូន​ទៅកាន់​លំនៅឋាន​រៀងខ្លួន​ឲ្យ​បាន​សមស្រប​។ ​សព្វថ្ងៃ​ប្រទេសជិតខាង នៅ​បន្ត​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ ហេតុនេះ​រដ្ឋបាល​ខេត្ត។

– ត្រូវ​អប់រំ​ណែនាំ និង​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន កុំ​ឲ្យ​ធ្វើដំណើរ​ទៅកាន់​ប្រទេសជិតខាង​ក្នុង​រយៈពេល​នេះ​ជាដាច់ខាត​។ ​ត្រូវ​បន្ត​យកចិត្តទុកដាក់​អនុវត្ត​វិធានការ និង​គោលការណ៍​ណែនាំ​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួងសុខាភិបាល ក្នុង​ការ​បង្ការ ទប់ស្កាត់ ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា​ឲ្យ​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់​។​

សូម​ជម្រាប​ថា វិធានការ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​ខ្មែរ ក៏ដូចជា​ពលករ​ខ្មែរ​មួយ​ចំនួន ដែល​មាន​បំណង​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ត្រូវ​ពួក​មេខ្យល់​បោកប្រាស់​យក​លុយ ហើយ​ឆ្លងកាត់​ច្រក​របៀង​ តាម​ព្រំដែន​ដោយ​ខុសច្បាប់ ដែល​នាំ​ឲ្យ​មាន​បញ្ហា​ផ្សេងៗ​ជាដើម​៕​
អត្ថបទ៖ គង្គា​
សូមចុចអាន៖ ក្រសួង​អប់រំ បន្ត​ពិនិត្យ​ឯកសារ​មេរៀន ទប់ស្កាត់​ការ​ប្រើប្រាស់​គ្រឿងញៀន​តាម​គ្រឹះស្ថានសិក្សា​