លោក​ឧកញ៉ា​ហេង សំណាង ​ឧបត្ថម្ភ​ផ្លូវ​ចាក់​បេតុង​ប្រវែង​១២៤​ម ​ក្នុង​បរិវេណ​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ
BREAKING NEWS
Search

លោក​ឧកញ៉ា​ហេង សំណាង ​ឧបត្ថម្ភ​ផ្លូវ​ចាក់​បេតុង​ប្រវែង​១២៤​ម ​ក្នុង​បរិវេណ​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ

កំពង់ធំ ​៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ ទទួល​បាន​ការជួយ​ឧបត្ថម្ភ​ផ្លូវ​ចាក់​បេតុង​មួយ​ខ្សែ​ដែល​មាន​បណ្តោយ​១២៤​ម ​និង​ទទឹង​៨.៥០ម កម្រាស់​១​តឹក ពី​ លោក​ឧកញ៉ា ហេង សំណាង ប្រធាន​សភា​ពាណិជ្ជកម្ម កំពង់ធំ ព្រះវិហារ ដោយ​សកម្មភាព ​នៃ​ការ​ចាក់​បេតុង ត្រូវ​បាន​ធ្វើឡើង នៅ​រសៀល​ថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២០។​

ឧកញ៉ា​ហេង សំណាង ប្រធាន​សភា​ពាណិជ្ជកម្ម​កំពង់ធំ ព្រះវិហារ បាន​មាន​ប្រសាសន៍​ថា ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ឲ្យ​ទទួល​បាន​ល្អ​ប្រសើរ ក៏ដូចជា​ការ​តបស្នង​ នៃ​ការ​ស្នើ​សុំ​របស់ លោកស្នងការ​នគរបាល​ខេត្ត​កំពង់ធំ គឺ​បាន​ជួយ​សាងសង់​ផ្លូវ​បេតុង ចាប់ពី​ចំណត់​រថយន្ត​ពន្លត់​អគ្គិភ័យ មកដល់​ខ្លោង​ទ្វារធំ ក្នុង​គោលបំណង​សម្រួល​ដល់​ការ​ចេញ​អន្តរាគមន៍ របស់​រថយន្ត​ពន្លត់​អគ្គិភ័យ បម្រើ​ជូន​ដល់​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា និង​បាន​ចំណាយ​ថវិកា​ប្រមាណ​ជាង ១៣,០០០​ ដុល្លារ​។​

​លោក​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ បាន​ថ្លែងអំណរគុណ​ចំពោះ​ លោក​ឧកញ៉ា ហេង សំណាង ដែល​បាន​ជួយ​ដោះស្រាយ​ និង​យកចិត្តទុកដាក់​ចូលរួម​កសាង​អង្គភាព ស្នងការ​នគរបាល ខេត្ត​កំពង់ធំ ក៏ដូចជា​ជួយ​ផ្នែក​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ផង​ដែរ ហើយក៏​សូម​អគុណ​ដល់​ឯកឧត្ដម​អភិបាលខេត្ត​កំពង់ធំ និង​សម្បុរ​សជន ដែល​បាន​ចូលរួម​ឧបត្ថម្ភ​គាំទ្រ ក្នុង​វិស័យ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ នៃ​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ តែ​បើ​គ្មាន​ការ​គាំទ្រ​ និង​ជួយឧបត្ថម្ភ​ទេ ក៏​ពុំ​មាន​ថ្ងៃនេះ​ផង​ដែរ​។​

​លោក​ឧត្ដមសេនីយ៍​ទោ អ៊ុក កុសល បាន​បន្ត​ថា រាល់​ការប្រជុំ​នានា​នៅ​ក្នុង​អង្គភាព គឺ​តែងតែ​ណែនាំ​ផ្ដាំផ្ញើ ដល់​កងកម្លាំង​ទាំងអស់ ចំណុះ​ឲ្យ​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ ឲ្យ​ចាត់​ទុក​កន្លែងធ្វើការ ជា​កន្លែង​ជម្រក​ទី​២ បន្ទាប់ពី​ផ្ទះ​របស់​ខ្លួន និង​ត្រូវ​ថែរក្សា​សម្អាត​អនាម័យ ដើម្បី​សុខភាព បើកាលណា​ខ្វះ​អនាម័យ​នាំ​ឲ្យ​ខូច​សុខភាព និង​បាត់បង់​ថវិកា ក្នុង​ការ​រក្សា​ព្យាបាល​ជំងឺ​ទៀត​ផង។​

លោក​ អ៊ុក កុសល បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​ មហាជន​ទាំងអស់ កុំ​គិត​ថា​ បញ្ហា​គ្រឿងញៀន​ជា​របស់​អ្នកណាម្នាក់ គឺ​ត្រូវ​ចូលរួម​ការពារ​ទប់ស្កាត់​ទាំងអស់​គ្នា បើ​គ្មាន​ការ​សហការ ពី​បងប្អូន​ប្រជាពលរដ្ឋ​ទេ បញ្ហា​គ្រឿងញៀន​នៅតែ​ជា​បញ្ហា​ប្រឈម​ និង​កូនចៅ​របស់​លោកអ្នក​មិនខាន​ឡើយ ក្នុងនោះដែរ​ ក៏​សូម​អំពាវនាវ​ដល់​មហាជន​គ្រ​ប់​ស្រទាប់​វណ្ណៈ មេត្តា​ចូលរួម​គោរពច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា ដើម្បី​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ ពេល​បើកបរ​សូម​ពាក់​មួក​សុវត្ថិភាព ត្រួតពិនិត្យ បច្ចេកទេស​យានយន្ត គោរព​គំនូស​ស្លាកសញ្ញា​ចរាចរណ៍ ដើម្បី​សុខ​សុវត្ថិភាព​ជា​ចម្បង​។​

មន្ត្រីរាជការ កងកម្លាំង មហាជន​នៅ​ក្នុង​ខេត្ត​កំពង់ធំ បាន​កោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់ លោក អ៊ុក កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ ដែល​បាន​ប្រែក្លាយ​ទីតាំង​ស្នងការ ដែល​ពីមុន​មានតែ​ព្រៃ​ដុះ​ជុំជិត ប្រកបដោយ​ស្រះ​ទឹក និង​ផ្លូវ​អន្លង់​បាយខុម មក​ប្រែក្លាយ​ជា​កន្លែងធ្វើការ ដ៏​មាន​ផាសុកភាព ផ្លូវ​បេតុង ចាក់សាប​មុខ​បរិវេណ​ នៃ​ស្នងការ បង្កើត​សួនច្បារ​បន្ថែម​នូវ​អគារ​ថ្មីៗ​ជាច្រើន​ខ្នង មានការ​រៀបចំ​ទុកដាក់ រថយន្ត ម៉ូតូ មាន​សណ្ដាប់ធ្នាប់ និង​បាន​ធ្វើ​ឲ្យ​ក្លាយ​ជា​កន្លែង​បណ្ដុះបណ្ដាល​នូវ​ចិត្តសាស្ត្រ​សម្រាប់​ប្អូនៗ​ជា​កងកម្លាំង​យក​ជា​គំរូ​តាម នៃ​ការ​ដឹក​នាំ​នៅ​ថ្ងៃ​អនាគត​៕


​អត្ថបទ ៖ ប៊ុន រដ្ឋា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114