BREAKING NEWS
Search

លោក​ គួច ចំរើន ព្រមាន​ដល់​អ្នកមាន​ដី​ ឬ​ផ្ទះ​ជួល ​ដែល​ធ្វើ​ឯកសារ​បន្លំ​ពន្ធ អាច​ប្រឈមមុខ​នឹង ACU

ព្រះសីហនុ ​៖​ លោក​គួច ចំរើន អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​មាន​ប្រសាសន៍​ធ្ងន់ៗ​ថា អ្នក​ជួល​ផ្ទះ ឬ​ដី ឲ្យ​គេ​ ហើយ​ធ្វើ​ឯកសារ​ក្លែងក្លាយ​ដើម្បី​បន្លំ​បង់ពន្ធ​មិន​គ្រប់ ចាប់ពី​ពេលនេះ​តទៅ លោក​នឹង​ចាត់​វិធានការ​តាមផ្លូវ​ច្បាប់​ហើយ មិន​ឲ្យ​រួច​ខ្លួន​នោះ​ឡើយ ដោយឡែក​សម្រាប់​អ្នក​ពាក់ព័ន្ធ ក៏​គេច​មិន​ផុត​ពី​បញ្ជូន​សំណុំរឿង ទៅ​ACU បន្ត​នីតិ​វិធី​ពី​ផងដែរ​ ពីព្រោះ​នេះ​ជា អំពើ​ពុក​រលួយ​។​

លោក​គួច ចំរើន បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ពាក់ព័ន្ធ​ការ​គ្រប់គ្រង​ចំណូល, រដ្ឋបាល​ខេត្ត នឹងធ្វើ សេចក្ដីជូនដំណឹង​មួយ​ ​ដល់​ម្ចាស់​ផ្ទះ​ជួល​ទាំងអស់​បង់​ពន្ធ​ឲ្យ​បាន​គ្រប់​ចំនួន តាម​ការជួល​ជាក់ ស្តែង។ ប៉ុន្តែ​ក្នុងករណី​រកឃើញ​ម្ចាស់​ផ្ទះជួល​ធ្វើ​កិច្ចសន្យា​ក្លែងបន្លំ​លាក់​ពន្ធ (​គឺ​ធ្វើ​កិច្ចសន្យា​ជាមួយ អ្នក​ជួល ជាក់ស្តែង​មួយ និង​ធ្វើ​កិច្ចសន្យា​មួយទៀត​ក្នុងការ​ក្លែងបន្លំ​ពន្ធ​) បញ្ហា​នេះ ​ពាក់ព័ន្ធ​អំពើ​ពុករលួយ​ត្រូវ​ចាត់ បញ្ជូន ទៅ​ACU បន្ត​នីតិ​វិធី ផ្ទុយទៅវិញ ក្នុង​ករណី ម្ចាស់​ផ្ទះ​ជួល​មានការ​ភ្ញាក់​រឭក នឹង​មិន​ត្រូវ​បានធ្វើ​ការ​ពិន័យ​អ្វី​នោះ​ឡើយ​។​

​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ មាន​ប្រសាសន៍​បែបនេះ​គឺធ្វើឡើង​ក្នុង​ឱកាស​បើក​កិច្ច​ប្រជុំ​នា​ព្រឹក ថ្ងៃទី​៣០ ខែ​កក្កដា ​ឆ្នាំ​២០១៩ ស្ដីពី​លទ្ធផល​បូក​សរុប​ការងារ​ប្រចាំខែ​កក្កដា និង​លើក​ទិសដៅ​អនុវត្ត​បន្ត​។​

​តាម​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​របស់​មន្ទីរ អង្គភាព​រួចមក លោក គួច ចំរើន អភិបាល ខេត្ត​ព្រះសីហនុ បាន​វាយតម្លៃ​ខ្ពស់​ការខិតខំ​ប្រឹងប្រែង​បំពេញ ការងារ​តាម​ជំនាញ តួនាទី​បាន​ល្អ​ប្រសើរ ក៏ប៉ុន្តែ​នៅមាន​បញ្ហា​មួយ​ចំនួន​ត្រូវ​រួមគ្នា​ដោះស្រាយ ដូចជា ត្រូវ​ពង្រាយ​កម្លាំង​នគរបាល​ចរាចរណ៍​នៅតាម​គោលដៅ ដើម្បី​ជួយ​សម្រួល​ការកកស្ទះ​ក្នុង​ក្រុង​ព្រះសីហនុ ម្យ៉ាងទៀត​មន្ទីរ​គមនាគមន៍ និង​មន្ទីរ​ដែនដី រក​ទីតាំង​សង់​ប៉ុស្តិ៍ ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​មន្ត្រី​នគរបាល និង​ជំរុញឲ្យ​រដ្ឋបាល​ក្រុង​បង្កើន​ការងារ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ ​ជៀសវាង​ការ​ចត​រថយន្ត​នៅលើ​ដង​ផ្លូវ​សាធារណៈ បង្ក​ការកកស្ទះ​ចរាចរណ៍។

អភិបាល ក្រុង ស្រុក​ទាំង​៥ ត្រូវ​ពង្រឹង​យន្តការ​ដោះស្រាយ​វិវាទ​ដីធ្លី​នៅ​មូលដ្ឋាន​ឲ្យ​មាន​ប្រសិទ្ធភាព ឈាន​ទៅរក​ការ​បញ្ចប់​ការវិវាទ​ដីធ្លី​នៅតាម​មូលដ្ឋាន។ ពង្រឹង​ការអនុវត្ត​ការងារ ពេលវេលា​ម៉ោង​ធ្វើការ។ រាល់​ម្ចាស់​ផ្ទះសំណាក់ ត្រូវ​រាយការណ៍​ភ្ញៀវ​ចូល​ស្នាក់នៅ ដើម្បី​គ្រប់គ្រង​ជនបរទេស​ចូល​មក​ស្នាក់នៅ​កម្ពុជា។ ពង្រឹង​សុវត្ថិភាព​សំណង់ ប្រសិនបើ​សំណង់​មិនមាន​សុំច្បាប់​សាងសង់ អគ្គិសនី និង​រដ្ឋាករ​ទឹក ត្រូវ​ចុះ​កាត់​ផ្ដាច់​ទឹក ភ្លើង ដើម្បីឲ្យ​ម្ចាស់​សំណង់​សុំច្បាប់​សាងសង់​តាម​បទដ្ឋាន​បច្ចេកទេស។​

​គួរបញ្ជាក់​ផងដែរ​ថា ប្រជាពលរដ្ឋ ខេត្ត​ព្រះសីហនុ បច្ចុប្បន្ន អ្នកមាន​ផ្ទះជួល​ឲ្យ​ជនបរទេស ជាពិសេ​ស ជនជាតិ​ចិន មិនតិចជាង៥០​ភាគរយ នោះទេ ដោយ​ផ្ទះ​ជួល​មួយ​កន្លែង មាន​តម្លៃ ចាប់ពី ៣​ពាន់ ដុល្លារ ​រហូត ទៅដល់ ១០​ម៉ឺន ២០ ម៉ឺន​ឯណោះ ក្នុង​មួយ​ខែ ហើយ​សម្រាប់ ប្រជាពលរដ្ឋ ជួល​ផ្ទះ​ស្នាក់នៅ​ធម្មតា ក៏​ក្នុង​មួយ​បន្ទប់ ក៏​តម្លៃ ចាប់​៣០០​ដុល្លារ ទៅ​៥០០​ដុល្លារ​ដែរ សរុបសេចក្តី​មក បញ្ហា​នេះ បើ​រដ្ឋបាល​ខេត្ត អនុវត្ត​ និង​គ្រប់គ្រង​បានល្អ មិនមាន​អំពើពុករលួយ នោះ​ ប្រាក់​ពន្ធ ថវិកា​ជាតិ នឹង​មាន​ចំណូល​ខ្ពស់ ក្នុង​មួយខែៗ រាប់លាន​ដុល្លារ អាចជួយ​ដល់​ការ​អភិវឌ្ឍ​ក្នុង​ខេត្ត បាន​យ៉ាង​ស្រួល៕​

ដោយ ៖ កោះពស់​​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114