BREAKING NEWS
Search

លោក​ ស ​ប៊ុន​សឿង នាំ​យក​ថវិកា​បេឡា​មរណៈ​សង្គ្រោះ​ប្រគល់​ជូន​គ្រួសារ​សព ​លោក ​ហែ​ ថោង ​ចំនួន​៤.០០០.០០០​រៀល​

បន្ទាយមានជ័យ ៖ នា​ព្រឹក​ថ្ងៃទី​៣០ ​ខែ​ធ្នូ ឆ្នាំ​២០១៦​នោះ​ លោក​វរសេនីយ៍ឯក ស​ ប៊ុន​សឿង មេ​បញ្ជា​ការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្ដម​ ឱ​ បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ លោក​ ឃុន ​វុទ្ធី ប្រធាន​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិ​សម្បទា ខេត្ត​បន្ទាយមានជ័យ ​បាន​នាំយក​ថវិកា​របស់​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​បន្ទាយ​មាន​ជ័យ​ចំនួន​៤.០០០.០០០​រៀល ​ដែលជា​ថវិកា​របស់​បេឡា​មរណៈ​សង្គ្រោះ​របស់​សមាគម​អតីត​យុទ្ធជន​កម្ពុជា​យកទៅ​ប្រគល់ជូន​គ្រួសារ​សព ​លោក​ ហែ​ ថោង​ ជា​សមាជិក​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ខេត្ត​បន្ទាយមានជ័យ ដែល​បានទទួល​មរណភាព​កាលពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៦​ នៅ​ចំណុច​ភូមិ​គាប សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។

​ក្នុង​ពិធី​ផ្តល់​ថវិកា​មរណៈ​ដល់​ក្រុមគ្រួសារ​ពលី​មរណៈ​នោះ ​លោក​វរសេនីយ៍ឯក ​ស​ ប៊ុន​សឿង​ បាន​និយាយ​ថា​ កន្លងមក​សម្ដេច​តេ​ជោ​ ហ៊ុន សែន ​ជា​ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ទូទាំង​ប្រទេស ​សម្ដេច​តែងតែ​យកចិត្តទុកដាក់​ដល់​កូនចៅ​ដែល​ជា​អតីត​យុទ្ធជន​ជានិច្ច​ សម្ដេច​តែងតែ​រួម​សុខ ​រួមទុក្ខ​ជាមួយ​ជា​អ​តី​ត​យុទ្ធជន​ទាំងអស់​ មិន​ថា​នៅ​ទីជិត​ទី​ឆ្ងាយ​នោះទេ​ ព្រោះ​សម្ដេច​សំអាង​ថា​យុទ្ធជន​ទាំងនេះ ​កន្លងមក​ហាន​ពលី​ជីវិត​ក្នុង​ការ​ការពារ​ទឹកដី​យុទ្ធជន​ទាំងអស់​ ហាន​ប្តូរជីវិត​សាច់​ស្រស់ ​ឈាម​ស្រស់ ​ជូន​ជាតិ​ មាតុភូមិ ​ហើយ​ប្រទេស​មាន​ស្ថិរភាព​រហូតមកដល់​សព្វថ្ងៃ​នេះ ​ក៏​ដោយ​សារ​តែ​យុទ្ធជន​ច្បាំង​តតាំង​នឹង​ខ្មាំងសត្រូវ​នោះ​ផងដែរ​។

​លោក​វរសេនីយ៍ឯក ​ស ​ប៊ុន​សឿង​ បានបញ្ជាក់​ទៀតថា​ ដោយសារ​គុណបំណាច់​របស់​យុទ្ធជន​មិន​អាច​កាត់ថ្លៃ​បាន​នោះ​ហើយ​ ទើប​សម្ដេច​បង្កើត​ថវិកា​បេឡា​សង្គ្រោះ​សហគមន៍​ដល់​អ​តី​ត​យុទ្ធ​ជន​ពិការ​នោះ​ឡើង ​បើទោះបី​យុទ្ធ​ជន​នេះ​ពិការ ឬ​ស្លាប់ ​ក៏​សម្ដេច​ឧបត្ថម្ភ​ថវិកា​ដល់​យុទ្ធ​ជន​ទាំងអស់នេះ​អស់​មួយជីវិត​ផងដែរ​។

​លោក​បាន​បញ្ជាក់ទៀតថា​ គ្រួសារ​អ​តី​ត​យុទ្ធជន​នៅក្នុង​ខេត្តបន្ទាយមានជ័យ​ នៅមាន​ច្រើន​គ្រួសារ​ទៀត ​ទៅ​ថ្ងៃមុខ​ បើ​គ្រួសារ​ណាមួយ​ទទួលមរណៈភាព​នោះ​ លោក​នឹង​យក​ថវិការ​បេឡា​សង្គ្រោះ​ទៅ​ជូន​គ្រួសារ​នោះ​ផ្ទាល់ដៃ​បន្តទៀត​តែម្តង​ មិន​ឲ្យ​គ្រួសារ​ពលី​មរណៈ​នោះ​ពិបាក​ឡើយ​៕​

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114