BREAKING NEWS
Search

លោក កឹម សុខា ការសោកស្តាយចំពោះការបាត់បង់ម្តាយក្មេកសម្តចតេជោ ហ៊ុន សែន ប្រកបដោយព្រហ្មវិហារធម៌ខ្ពស់ និងជាទីគោរពស្រឡាញ់

ភ្នំពេញ: លោក មុត ចន្ថា នាយកខុទ្ទកាល័យលោក កឹម សុខា បានប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី០៦ ខែឧសភា មុននេះបន្តិចថា កាលពីល្ងាច ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ លោក កឹម សុខា បានអញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធសពនៃអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មាតាក្មេកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាកម្ពុជា និងជាមាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅគេហដ្ឋានរបស់សម្តេច ជិតវិមានឯករាជ្យ។

លោក មុត ចន្ថា បានអះអាងថា លោក កឹម សុខា តែងតែប្រកាន់ខ្ជាប់នូវមនោសញ្ចេតនាប្រកបដោយភាតរភាព ព្រហ្មវិហារធម៌ និងស្មារតីខ្មែរតែមួយ ជាពិសេស ក្នុងកាលៈទេសៈដែលមានទុក្ខលំបាក ហើយនៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធនេះ លោកបានសម្តែងនូវសមានចិត្តដោយក្តីក្តុកក្តួល និងសោកស្តាយជាពន់ពេកជាមួយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជាសាច់ញាតិ ចំពោះការបាត់បង់មាតាក្មេក ម្តាយបង្កើត និងជីដូន ប្រកបដោយព្រហ្មវិហារធម៌ខ្ពស់ និងជាទីគោរពស្រឡាញ់។ លោកក៏បានចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំជាមួយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសាច់ញាតិផងដែរ។ លោកបានបួងសួងសូមឲ្យដួងវិញ្ញាណក្ខន្អ្នកឧញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវីវឌ្ឍនា ប៊ុន ស៊ាងលី បានអញ្ជើញទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន និង កឹម សុខា បានជួបសំណេះសំណាលគ្នាអស់រយៈពេលជិត៥០នាទី អំពីសុខទុក្ខ និងផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋខ្មែរ៕

អត្ថបទ៖ កោះកែវ

ចុចអាន​៖ សពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដង្ហែទៅបញ្ចុះនៅស្រុកកំណើត