លោក កឹម សុខា បានមកដល់តុលាការហើយ ដើម្បីបន្តចូលរួមសវនាការលើសំណុំរឿងក្តីរបស់ខ្លួន

ភ្នំពេញ: នៅវេលាម៉ោង៧ និង៤៤ នាទីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២០ នេះ លោក កឹម សុខា អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ (CNRP) ដែលត្រូវបានតុលាការកំពូលប្រកាសរំលាយទៅហើយនោះ បានធ្វើដំណើរមកដល់តុលាការហើយ ដើម្បីបន្តចូលរួមនៅក្នុងសវនាការលើសំណុំរឿង សន្ទិដ្ឋិភាព
ជាមួយបរទេស បន្ទាប់ពីសវនាការពេញមួយថ្ងៃកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ តែមិនទាន់ចប់។

បើតាមប្រភពពីតុលាការ សវនានោះដឹក នាំដោយលោក កូយ សៅ អនុប្រធានសាលាដំបូង និងជាប្រធានក្រុមប្រឹក្សារជំនុំជម្រះ លោកចៅក្រម សេង លាង លោក ធាម ចន្ទ័ពិសិដ្ឋ ជាចៅក្រមប្រឹក្សា និងលោក ជ័យ វាសនា ជាក្រឡាបញ្ជីសវនាការដដែល។ ក្នុងនោះ ក៏មានមេធាវីការពារក្តីលោក កឹម សុខា ចូលរួមផងដែរ ដែលរួមមានដូចជា ទី១, លោក ចាន់ ចេន, ទី២, លោក ផែង ហេង, ទី៣, លោកស្រី ម៉េង សុភារី, និងទី៤, លោក ផាន់ ច័ន្ទសក្តិ។ ចំណែកមេធាវីរបស់រាជរដ្ឋាភិបាល គឺលោក គី តិច។

ជាការកត់សម្គាល់នៅព្រឹកនេះ មិនសូវមានអ្នកគាំទ្រ ឬសមាជិកសមាជិកានៃអតីតគណបក្សសង្គ្រោះជាតិ មកគាំទ្រនៅខាងមុខតុលាការច្រើន ដូចកាលពីម្សិលមិញនោះទេ គឺមានតែកម្លាំងសមត្ថកិច្ច ដែលបានរៀបចំសណ្ដាប់ធ្នាប់តែប៉ុណ្ណោះ។

នៅក្នុងសវនាការកាលពីម្សិលមិញ លោក កឹម សុខា បានទទួលស្គាល់សំឡេង និងរូបភាព នៅលើខ្សែវីដេអូ ដែលជាភស្តុតាងសម្រាប់ចោទប្រកាន់
ប៉ុន្តែបានច្រើនចោលខ្សែវីដេអូនោះដោយសារតែជាខ្សែវីដេអូខ្លីពេក និងមានការកាត់ត ហើយបានស្នើសុំដាក់ភស្តុតាងបន្ថែម គឺជាខ្សែវីដេអូពេញទាំងមូលតែម្ដង ដែលលោកបានថ្លែងទៅកាន់ប្រជាពលរដ្ឋនៅប្រទេសអូស្ត្រាលីរយៈពេលជាង១ ម៉ោង ហើយតុលាការក៏បានសម្រេចទទួលយកសំណើនេះផងដែរ នឹងត្រូវចាក់ផ្សាយនៅសប្តាហ៍ក្រោយ។

លោក ចាន់ ចេន ជាមេធាវីមួយរូបការពារក្តីឲ្យលោក កឹម សុខា បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅមុខតុលាការដែរថា សវនាការមួយព្រឹកនេះ មិនទាន់ស៊ីជម្រៅដល់អង់សេចក្តីទេ គឺគ្រាន់តែដេញដោលលើការគាត់សំគាល់ អំពីសមាសភាពចូលរួម ជាពិសេសទាក់ទងទៅនឹងភស្តុតាង ដែលតុលាការបានដាក់ភស្តុតាងដាក់បន្ទុករយៈពេលខ្លីប្រមាណជា២នាទីប៉ុណ្ណោះ បន្ទាប់មក សហមេធាវីការពារកក្តីឲ្យលោក កឹម សុខា មានភស្តុតាងសម្រាប់ដោះបន្ទុក ដែលមានរយៈពេលជាង១ម៉ោង ហើយចុងក្រោយនេះ ខាងសាលាដំបូងរាជធានីភ្នំពេញបានសម្រេចថា ទទួលយកភស្តុតាងនេះ ប៉ុន្តែមិនទាន់បានចាក់ខ្សែវីដេអូនេះទេ ហើយនឹងចាក់នៅសប្តាហ៍ក្រោយ។ មានន័យថា អ្វីដែលសមត្ថកិច្ចបានយកភស្តុតាងមកដាក់បន្ទុកលើកូនក្តីរបស់លោក គឺជាភស្តុតាងខ្លី ឯកសារវីដេអូខ្លី ដែលមានលក្ខណៈកាត់តជាកង់ខ្លីៗ ប៉ុន្តែវីដេអូ ដែលសុំដាក់ជាភស្តុតាងនេះ គឺជាវីដេអូវែង ហើយជាវីដេអូដែលលោក កឹម សុខា បានថ្លែងទៅកាន់ប្រជាពលរដ្ឋនៅប្រទេសអូស្ត្រាលី ដែលមានរយៈពេលជាង១ម៉ោង។

តាមលោក ចាន់ ចេន នៅក្នុងសវនាការនេះ លោក កឹម សុខា បានឆ្លើយខ្លះៗហើយ តែមិនទាន់ស៊ីជម្រៅ ដោយគាត់បានឆ្លើយទាក់ទងទៅនឹងវីដេអូ គឺលោក កឹម សុខា បានបដិសេធវីដេអូនោះ ពីព្រោះវាជាវីដេអូខ្លី កាត់ជាកង់ៗ តែសំឡេង និងរូបភាពលោក កឹម សុខា ទទួលស្គាល់ ហេតុដូច្នេះហើយទើបលោកស្នើសុំចាក់ខ្សែវីដេអូទាំងស្រុងពេញទាំងមូលតែម្ដង ហើយតុលាការបានទទួលយក និងអះអាងថា នឹងចាក់បង្ហាញនៅសប្តាហ៍ក្រោយ។

ទោះជាយ៉ាងណាលោក ចាន់ ចេន នៅតែទម្លាក់បញ្ហាទាំងនេះថា ជារឿងនយោបាយហើយលោកអះអាងថា រឿងនេះ គឺជាទំនាស់រវាងអ្នកនយោបាយ ដូច្នេះគួរតែដោះស្រាយតាមផ្លូវនយោបាយ វាល្អជាងការដោះស្រាយតាមផ្លូវតុលាការ បើដោះស្រាយតាមផ្លូវនយោបាយនេះ លោកសង្ឃឹមច្រើន ដោយសារកន្លងមកយើងធ្លាប់មានបទពិសោធន៍ ខ្មែរយើងធ្លាប់មានជម្លោះប្រដាប់អាវុធ រហូតមានការបង្ហូរឈាមរវាងខ្មែរ និងខ្មែរ តែទីបំផុតខ្មែរនៅតែអាចជជែកគ្នា ដោះស្រាយបញ្ហាជូនជាតិបាន។ ជាមួយគ្នានោះ លោកក៏បានទាមទារឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់ទៅលើកួនក្តីរបស់លោក។

ដោយឡែកលោក គី តិច មេធាវីរាជរដ្ឋាភិបាល និងជាដើមបណ្ដឹងរដ្ឋប្បវេណី បានថ្លែងប្រាប់សារព័ត៌មានក្រោយសំរាកសវនាការថា នៅក្នុងសវនាការនាព្រឹកនេះ ក្រុមប្រឹក្សាជំនុំជម្រះបានសម្រេចចាក់ភ័ស្ដុតាង ដែលជាវីដេអូឃ្លឹបសំខាន់ និងជាអ្វីដែលជាការលើកឡើងរបស់លោក កឹម សុខា ហើយពេលនោះ លោក កឹម សុខា បានទទួលស្គាល់សំឡេង និងរូបរបស់លោកនៅក្នុងឃ្លឹប ដែលក្រុមប្រឹក្សាជំនុំជម្រះបានចាក់ជូនអង្គសវនាការមើល គឺលោកទទួលស្គាល់សំឡេង រូបរបស់គាត់ពិតប្រាកដមែន។

លោកមេធាវី គី តិច បានបញ្ជាក់ថា ការទទួលស្គាល់របស់លោក កឹម សុខា ក្រោយពីក្រុមប្រឹក្សាសម្រេចចាក់វីដេអូឃ្លឹបនេះ នៅក្នុងអង្គសវនាការ ហើយវីដេអូនេះជាភ័ស្ដុតាងសំខាន់ក្នុងសំណុំរឿង “សន្ទិដ្ឋិភាពជាមួយបរទេស”។ ទន្ទឹមនឹងការទទួលស្គាល់នេះ លោក កឹម សុខា បានបដិសេធចំណុចមួយនៅត្រង់ថា វីដេអូដែលចាក់នេះមិនគ្រប់ទេ ពោលគឺបានកាត់ជាកំណត់ ខណៈដែលចំណុចសំខាន់មួយចំនួន ជាផលប្រយោជន៍សម្រាប់គាត់ គឺត្រូវបានកាត់ចេញ។ នេះជាអ្វីដែលលោក កឹម សុខា តវ៉ានៅបន្ទាប់ពីការចាក់វីដេអូឃ្លឹប។ ជាមួយគ្នានេះ លោក កឹម សុខា ឲ្យ USB ថ្មីមួយទៅក្រុមប្រឹក្សាជំនុំជម្រះ ដោយអះអាងថា ជាវីដេអូឃ្លឹបទាំងស្រុងរបស់លោក។

សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានចាប់ និងឃុំខ្លួនដាក់ពន្ធនាគារ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទធ្វើសន
្ទិដ្ឋិភាពជាមួយបរទេស តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។យោងតាមក្រមព្រហ្មទណ្ឌបទធ្វើសន្ទិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឲ្យមានអំពើប្រទូស្តរ៉ាយ ឬឲ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។ បទល្មើសនេះ អាចជាប់ពន្ធនាគារពី១៥ ឆ្នាំដល់៣០ឆ្នាំ៕

អត្ថបទ៖ កោះកែវ