ព័ត៍មានទាន់​ហេតុការណ៏
Search

លោក កឹម សុខា មាន​គោលការណ៍ និង​គោលជំហរ​អហិង្សា សន្តិវិធី ខុសពី​ទណ្ឌិត សម រង្ស៊ី

ភ្នំពេញ​ ៖ មនុស្ស​ជំនិត​របស់​លោក កឹម សុខា បាន​អះអាង​ថា លោក កឹម សុខា មាន​គោលការណ៍ និង​គោលជំហរ​អហិង្សា សន្តិវិធី ដូច្នេះ​អ្វី​ដែល​ផ្ទុយ​នឹង​ច្បាប់ អ្វីដែល​ផ្ទុយ​គោលការណ៍​អហិង្សា និង​សន្តិវិធី គឺ​លោក​មិន​ធ្វើជា​ដាច់ខាត ខុស​ពី​លោក សម រង្ស៊ី ដែល​ចូលចិត្ត​យក​សមាជិក សមាជិកា ឬ​អ្នកគាំទ្រ​ធ្វើជា​ឈ្នាន់ ដើម្បី​អំណាច​របស់ខ្លួន​។

លោក មុត ចន្ថា អតីត​នាយក​ខុទ្ទកាល័យ​លោក កឹម សុខា អះអាង​បែបនេះ ឆ្លើយតប​សំណួរ​អ្នកសារព័ត៌មាន បន្ទាប់ពី​ជំនួប​រវាង​លោកស្រី Tina Susan Redshaw ឯកអគ្គរាជទូត​នៃ​ចក្រភព​អង់គ្លេស​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​លោក កឹម សុខា អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​គេហដ្ឋាន​ផ្ទាល់​របស់​លោក កឹម សុខា ដែល​ស្ថិត​នៅផ្ទះ​លេខ​៩៧ ផ្លូវ​៣១៣ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

លោក មុត ចន្ថា បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយពី​ជំនួប​នោះ​ថា ឯកអគ្គរាជទូត​នៃ​ចក្រភព​អង់គ្លេស​មក​ជួប​លោក កឹម សុខា នា​ព្រឹក​នេះ គឺ​ដើម្បី​សម្ដែង​នូវ​ការគួរសម និង​សួរសុខទុក្ខ ព្រមទាំង​ផ្លាស់ប្ដូរ​យោបល់​គ្នា​ទៅវិញទៅមក អំពី​បញ្ហា​ទូទៅ គឺ​អ្វី​ដែល​អន្តរជាតិ អាច​ចូលរួម​ក្នុង​ការអភិវឌ្ឍន៍​ប្រទេសជាតិ​។

ឆ្លើយ​តប​សំណួរ​អ្នកសារព័ត៌មាន​ថា តើ​លោក កឹម សុខា គាំទ្រ​សកម្មភាព​លោក សម រង្ស៊ី ដែល​កំណត់​យក​ថ្ងៃ​០៩ វិច្ឆិកា ដើម្បី​ចូល​មក​ប្រទេស​កម្ពុជា ធ្វើ​ចលនា​ផ្ដួល​រំលំ​រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ដែរឬទេ ? លោក មុត ចន្ថា បាន​អះអាង​ថា “​ឯកឧត្តម កឹម សុខា លោក​គឺជា​អ្នក​បដិបត្តិ​ច្បាប់ លោក​មាន​គោលការណ៍ និង​គោលជំហរ​មួយ​ច្បាស់លាស់ ហើយ​ជំហរ​របស់​គាត់ គឺ​អហិង្សា សន្តិវិធី អញ្ចឹង​អ្វី​ដែល​ផ្ទុយ​នឹង​ច្បាប់ អ្វី​ដែល​ផ្ទុយ​គោលការណ៍​អហិង្សា និង​សន្តិវិធី គឺ​គាត់​អត់​ធ្វើ​ទេ​ជាដាច់ខាត​។ ខ្ញុំ​សូម​បញ្ជាក់​ថា គាត់​គឺជា​អ្នក​បដិបត្តិ​ច្បាប់ ដែល​សូម្បី​នៅ​ក្នុង​សេចក្តី​សម្រេច​របស់​តុលាការ កាលពី​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ក៏​តុលាការ​បាន​ទទួល​ស្គាល់​ថា លោក កឹម សុខា បាន​គោរព​ពេញលេញ​នូវ​កាតព្វកិច្ច​របស់​តុលាការ​ផងដែរ ដូច្នេះ​គាត់​គឺជា​អ្នក​បដិបត្តិ​ច្បាប់​មាន​គោលការណ៍​ច្បាប់ គឺ​គោលការណ៍​អហិង្សា សន្តិវិធី មិន​ប្រឈម ហើយ​អ្វី​ដែល​ផ្ទុយ​ពីនេះ គឺ​គាត់​មិន​ធ្វើ​ទេ​”​។

ទាក់ទង​ទៅ​នឹង​ការ​អំពាវនាវ​របស់​ស​ម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ ដែល​រត់​ភៀសខ្លួន​ទៅកាន់​ប្រទេស​ផ្សេងៗ មាន​ប្រទេស​ថៃ​ជាដើម ដោយសារ​តែ​លង់​នៅ​ក្នុង​ចលនា​របស់​ក្រុម​លោក សម រង្ស៊ី ឲ្យ​ត្រឡប់​ចូល​មក​ប្រទេស​វិញ និង​ការ​ជំរុញ​ឲ្យ​មានការ​ដោះលែង​ជន​ត្រូវ​ចោទ ដែល​កំពុង​ជាប់ឃុំ​នោះ លោក មុត ចន្ថា បាន​អះអាង​ថា សម្រាប់​លោក​ផ្ទាល់ លោក​ពិត​ជា​មាន​ក្តី​សប្បាយ​រីករាយ​ចំពោះ​ការ​បន្ធូរបន្ថយ​សម្រាប់​អ្នក​ដែល​ពាក់ព័ន្ធ​ផ្លូវច្បាប់​នេះ គឺ​លោក​សូម​ស្វាគមន៍ និង​អបអរសាទរ​នូវ​អ្វីដែល​គាត់​ទទួល​បាន​៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114