BREAKING NEWS
Search

លោក កឹម សុខា មាន​សេរីភាព​អាច​ដើរចេញ​ក្រៅ​ផ្ទះ​បាន​ហើយ

ភ្នំពេញ ​៖ លោក កឹម សុខា អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​បន្ធូរបន្ថយ​កាតព្វកិច្ច​នៃ​ការ​ដាក់​ឲ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ ហើយ​បើតាម​ការបន្ធូរបន្ថយ​នេះ លោក កឹម សុខា អាច​ចេញ​ក្រៅ​ផ្ទះ​បាន ហើយក៏​អាច​ទៅពិនិត្យ​សុខភាព ឬ​ដើរលេង​ផ្សារ​បានដែរ​។​

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១០ ខែ​វិច្ឆិកា នេះ​ថា កាលពី​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ សាលាដំបូង​រាជធានី​ភ្នំពេញ ​បានទទួល​ពាក្យស្នើសុំ​មួយច្បាប់​របស់​សហ​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា ដែលមាន​ខ្លឹមសារ​ពាក់​ព័ន្ធ​ការបិទ​បញ្ចប់​ការ​ស៊ើបសួរ​នៅក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៥៦៤២ ចុះ​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧​។​

អ្នកនាំពាក្យ​បាន​បញ្ជាក់ថា ដោយ​ពិនិត្យ​លើ​ពាក្យស្នើសុំ​របស់​សហ​មេធា​វី​ការពារ​សិទ្ធិ​ឲ្យ​ជន​ត្រូវ​ចោទ ជាពិសេស​ត្រង់ចំណុច​ពាក់ព័ន្ធ​នឹង​បញ្ហា​សុខភាព​របស់​ជន​ត្រូវ​ចោទ ដែល​ចាំបាច់​ត្រូវ​ពិនិត្យ និង​ព្យាបាល និង​ម្យ៉ាងទៀត ដោយសារ​នាពេល​កន្លងមក ក្នុងពេល​ស្ថិតនៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន ជន​ត្រូវ​ចោទ​បាន​គោរព​ត្រឹមត្រូវ​តាម​កាតព្វកិច្ច​ទៃ​ការដាក់​ឲ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ព្រមទាំង​មាន​កិច្ចសហការ​ល្អ​ក្នុង​ដំណើរការ​នីតិ​វិធី​តុលាការ​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​កែប្រែ​កាតព្វកិច្ច​មួយចំនួន​ក្នុង​ដីកា​សម្រេច​ដាក់​ជន​ត្រូវ​ចោទ​ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​លេខ​៤៩៩៦ “​គ​” ដ​.​ព​.​ស ចុះ​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៨។

យោងតាម​ដីកា​សម្រេច​កែប្រែ​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​លេខ​៨៨០៩ “​គ​” ដ​.​ព​.​ស ចុះ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សម្រេច​បន្ត​ដាក់​ឲ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ដោយ​ត្រូវ​ជាប់​កាតព្វកិច្ច​ដូចជា ទី​១, មិនត្រូវ​ចេញ​ក្រៅ​ព្រំប្រទល់​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទី​២, មិនត្រូវ​ធ្វើ​សកម្មភាព​នយោបាយ ទី​៣, ត្រូវ​ឆ្លើយតប​នឹង​ការកោះហៅ​ពី​គ្រប់​សមត្ថកិច្ច​។​

សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបាន​ឃុំខ្លួន​ដាក់ពន្ធនាគារ កាលពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ដោយ​ចោទប្រកាន់​ពីបទ​ធ្វើ​សន្ទិដ្ឋភាព​ជាមួយ​បរទេស តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​។ យោងតាម​ក្រមព្រហ្មទណ្ឌ​បទ​ធ្វើ​ស​ន្ទិ​ដ្ឋ​ភាព​ជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឲ្យ​មាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឲ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំងនឹង​ព្រះរាជាណាចក្រ​កម្ពុជា​។ បទល្មើស​នេះ ត្រូវ​ជាប់ពន្ធនាគារ​ពី​១៥ ឆ្នាំ​ដល់​៣០​ឆ្នាំ​។ តែ​ត្រូវបាន​តុលាការ​សម្រេច​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន នៅវេលា​ទៀបភ្លឺ​ឈានចូល​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ ដោយ​ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ដោយសារតែ​បញ្ហា​សុខភាព​របស់លោក បន្ទាប់ពី​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង (​ម​៣) រយៈពេល​ជាង​១​ឆ្នាំ​។​

ការដោះលែង​លោក កឹម សុខា ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន ក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​នេះ បាន​ភ្ជាប់​នូវ​លក្ខខណ្ឌ​ចាំបាច់​មួយចំនួន​សម្រាប់​អតីត​មេបក្ស​ប្រឆាំង​នេះ ដែល​រួមមាន​ដូចជា មិន​អនុញ្ញាត​ឲ្យ​ចេញ​ក្រៅពី​ព្រំប្រទល់​នៃ​ដែនដី​ដែល​ខណ្ឌ​ដោយ​ផ្លូវ​លេខ​៣១៣ ផ្លូវ​លេខ​៣១១ និង​ផ្លូវ​លេខ​៦០៨, ត្រូវ​ឆ្លើយតប​នឹង​ការកោះហៅ​ពី​គ្រប់​បុគ្គល​ដែល​ចាត់តាំង​ដោយ​ចៅក្រម​ស៊ើបសួរ​, មិនត្រូវ​ជួប​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​បុគ្គល ឬ​ជនបរទេស​ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង និង​មិនត្រូវ​ជួបជុំ​ធ្វើ​សកម្មភាព​នយោបាយ​ជាដើម​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114