BREAKING NEWS
Search

លោក គង់ គាំ ប្រកាស​គាំទ្រ​លោក សុន ឆ័យ និង​លោក អ៊ូ ច័ន្ទ​រ័ត្ន ដែល​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ

ភ្នំពេញ ៖ លោក គង់ គាំ អតីត​ទីប្រឹក្សា​ជាន់ខ្ពស់ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ដែល​រំលាយ​បាត់​ទៅហើយនោះ ប្រកាស​គាំទ្រ​លោក សុន ឆ័យ និង​លោក អ៊ូ ច័ន្ទ​រ័ត្ន ដែល​ទទួលបាន​នីតិសម្បទា ក្នុង​ការ​ធ្វើ​នយោបាយ​ឡើង​វិញ ក្រោយពី​ជាប់​បម្រាម មួយ​រយៈ​កន្លងមក ជាមួយគ្នា​នោះ លោក គង់ គាំ ក៏​ចង់​ជួបគ្នា ដើម្បី​ពិភាក្សា​ផងដែរ​។

ការប្រកាស​របស់​អ្នកនយោបាយ​ជើងចាស់​រូប​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​លោក សុន ឆ័យ អតីត​តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ និង​លោក អ៊ូ ច័ន្ទ​រ័ត្ន អតីត​តំណាងរាស្ត្រ​មណ្ឌល​ខេត្តតាកែវ ទទួល​បាន​នីតិសម្បទា ធ្វើ​នយោបាយ​ឡើងវិញ ជា​បន្តបន្ទាប់​កាលពី​ថ្មីៗ​នេះ​។

​លោក គង់ គាំ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​០៨ ខែកញ្ញា យ៉ាងនេះ​ថា “​ខ្ញុំ​សូម​សម្តែង​ការ​អបអរ និង​គាំទ្រ​ការសុំ​សិទ្ធិ ការ​ទទួលបាន​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ ពិសេស​របស់​លោក សុន ឆ័យ នៅពេល​ថ្មីៗ​នេះ​”​។

ជាមួយគ្នា​នោះ លោក​ក៏បាន​កោតសរសើរ និង​រីករាយ​ចំពោះ​បំណង​របស់​អ្នក​ទាំងពីរ អំពី​គម្រោង​ថា នឹង​បង្កើត​គណបក្សនយោបាយ​ថ្មី ដើម្បី​ចូលរួម​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​- សង្កាត់ នៅ​ឆ្នាំ​២០២២ និង​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០២៣ ដោយ​មិន​រង់ចាំ​លទ្ធផល​ពី​មេដឹកនាំ​អតីត CNRP​។

លោក គង់ គាំ ថា ការយល់ឃើញ​របស់​លោក ប្រហែល​មិន​ខុសពី​អ្នកនយោបាយ​ដែល​បានសម្រេច​សុំ​សិទ្ធិ​កន្លងមក​នោះទេ គឺ​ពិតជា​យល់​ច្បាស់​ថា ការទាមទារ​ក្រៅ​សម្លេងឆ្នោត​ឲ្យ​សម្តេច ហ៊ុន សែន ចុះ​ពី​អំណាច តាមរយៈ​ការរៀបចំ​ផែនការ​មាតុភូមិនិវត្តន៍ និង​ផែន​ការដក​សម្តេច ហ៊ុន សែន ចេញ ហើយ​ប្តូរ​ថ្មី គឺជា​ផែនការ​ដ៏​ពិសពុល និង​គ្រោះថ្នាក់​ដល់​អតីត CNRP ក៏ដូចជា​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ ហើយ​យើង​អ្នកនយោបាយ​ប្រជាធិបតេយ្យ​សុចរិត ពិសេស​អតីត​សមាជិក CNRP មិនអាច​មិន​ផ្តាច់ខ្លួន​ចេញពី​គំនិត​ដ៏​ខ្មៅ​ងងឹត​នេះឡើយ​។

​ដោយ​ការគោរព និង​ផ្តល់​តម្លៃ​ខ្ពស់​ចំពោះ​សមត្ថភាព និង​លទ្ធភាព​ទំនាក់ទំនង​ដ៏​ទូលំទូលាយ​របស់​លោក សិន ឆ័យ និង​លោក អ៊ូ ច័ន្ទ​រ័ត្ន លោក គង់ គាំ មាន បំណង​ផ្តួចផ្តើម​ឲ្យ​មានការ​ជួបពិភាក្សា​ជា​ទ្វេ​ភាគី ឬ​ពហុភាគី រវាង​ថ្នាក់ដឹកនាំ​គណបក្ស​នយោបាយ​នានា ដើម្បី​ស្វែងរក​រូបមន្ត​ណាមួយ ដែល​អាច​ទទួល​បាន​ល​ទ្ធ​ផល​នៅ​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ នា​ឆ្នាំ​២០២២ និង​នៅ​រដ្ឋសភា​ក្នុង​ឆ្នាំ​២០២៣ ខាងមុខ​។

កម្ពុ​ជាថ្មី មិនទាន់​អាច​ស្វែងរក​ការ​ឆ្លើយតប​ពី លោក សិន ឆ័យ និង​លោក អ៊ូ ច័ន្ទ​រ័ត្ន បានទេ រហូតមកដល់​រសៀល​ថ្ងៃទី​០៨ ខែកញ្ញា​នេះ ប៉ុន្តែ​ថ្មីៗ​នេះ លោក អ៊ូ ច័ន្ទ​រ័ត្ន បាន​អះអាងថា លោក​បាន​ពិភាក្សា​គ្នា​ខ្លះ​ហើយ ដើម្បី​ឈាន​ទៅ​បង្កើត​គណបក្ស​ថ្ងៃមួយ ចូលរួម​ប្រកួតប្រជែង​នៅក្នុង​ការបោះឆ្នោត​នា​ពេល​ខាងមុខ​៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114