BREAKING NEWS
Search

លោក គឹម សុខា ៖ ការអនុញ្ញាតឱ្យ​​កប៉ាល់ Westerdam ចូលចត ជា​កាយវិការមនុស្សធម៌ និងដំណោះស្រាយ

យោងតាម​ទំព័រ​ហ្វេសបុក​ លោក មុត ចន្ថា ជំនួយការផ្ទាល់​លោក គឹម សុខា បាន​សរសេរ​ថា អ្នកកាសែតបរទេសម្នាក់បានសួរលោកប្រធាន កឹម សុខា ពាក់ព័ន្ធនឹងរាជរដ្ឋាភិបាលកម្ពុជា ដែលអនុញ្ញាតឲ្យកប៉ាល់ដែលដឹកអ្នកទេសចរជាង ២,០០០នាក់ ដែលជាប់គាំងនៅលើកប៉ាល់អស់រយៈពេលជាច្រើនថ្ងៃ ចូលចតនៅកំពង់ផែ នៃក្រុងព្រះសីហនុ នៅថ្ងៃនេះ។

លោក កឹម សុខា យល់ឃើញថាៈ «ការអនុញ្ញាតនេះ គឺជាកាយវិការមនុស្សធម៌ និងការចូលរួមរកដំណោះស្រាយរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះអ្នកទេសចរដែលមកពីបណ្តាប្រទេសផ្សេងៗ»។

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអនុញ្ញាតឱ្យនាវាទេសចរអាមេរិក ចូលចតនៅកម្ពុជានេះ ព្រោះចង់លុបបំបាត់ជំងឺភ័យខ្លាចជំងឺរលាកសួតនៃវីរុសកូរ៉ូណា (Covid-19) នៅទូទាំងពិភពលោក។ សម្ដេច ហ៊ុន សែន បាននិយាយថា ការផ្ដល់ទីតាំងឱ្យនាវាអាមេរិកចតនេះ គឺដើម្បីជួយសង្រ្គោះមនុស្សនៅជាប់លើនាវាដោយមិនខ្វល់ពីជាតិសាសន៍ ទោះបីជាតិសាសន៍ណាក៏ដោយ។ បើតាមនាយករដ្ឋមន្រ្តីកម្ពុជា ទង្វើរបែបនេះបង្ហាញពីការងារមនុស្សធម៌ដ៏ប្រពៃ និងសណ្តានចិត្តរបស់កម្ពុជា សម្រាប់មនុស្សលើពិភពលោក ក្នុងការយកអាសារសម្រាប់ជាតិសាសន៍ដទៃ។

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ៖«ហេតុអ្វីត្រូវសម្រេចអនុញ្ញាតឲ្យនាវានេះចូលចត តើត្រូវឲ្យពួកគេទៅណា បើគេបានបិទអស់ហើយ, ដូចដែលខ្ញុំបាននិយាយហើយថា ជំងឺពិតប្រាកដគឺភាពភ័យខ្លាច មិនមែនជាជំងឺកូរ៉ូណានោះទេ។ ការអនុញ្ញតឲ្យចូលនេះបង្ហាញពីការលុបបំបាត់នូវជំងឺភ័យខ្លាច ដែលកំពុងកើតមាននៅលើពិភពលោកយើងនេះ ហើយកម្ពុជាគ្មានឡើយការរើសអើងពូជសាសន៍ ត្រូវតែចូលរួមសង្រ្គោះក្នុងកិច្ចការមនុស្សធម៌ ខណៈពួកគេកំពុងជួបគ្រោះអាសន្ន»៕