BREAKING NEWS
Search

លោក ប៊ូ ឡាំ និង​លោកជំទាវ​អញ្ជើញ​ចូលរួម​បុណ្យ​បញ្ចុះ​គោល​សីមា​សា​ឡុំ ពុទ្ធា​ភិ​សេក​និង​ឆ្លង​សមិទ្ធផល​នានា​នៅ​វត្ត គិរី​រង្សី

រតនគិរី ៖ បុណ្យ​បញ្ចុះ​គោល​សីមា​សា​ឡុំ​ពុទ្ធា​ភិ​សេក និង​ឆ្លង​សមិទ្ធផល​នានា​នៅ​វត្ត​គិរី​រង្សី ដដែល​ផ្តួច​ផ្តើម​ឡើង​ដោយ​លោក ប៊ូ ឡាំ សមាជិក​រដ្ឋសភា និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​រតនគិរី និង​លោកជំទាវ រួម​ជា​មួយ​ព្រះសង្ឃ​អាចារ្យ គណៈកម្មការ​ចំណុះជើងវត្ត ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ ព្រមទាំង​មន្ត្រី រាជការ​គ្រប់​ស្ថាប័ន​នៅក្នុង​ខេត្តរតនគិរី​ធ្វើឡើង​ដើម្បី​ជា​ប្រយោជន៍​ដល់​ពុទ្ធបរិស័ទ ក្នុងការ​បំពេញ​បុណ្យ​កុសល​ផ្សេងៗ ក្នុង​ព្រះពុទ្ធសាសនា​ត្រូវបាន​ប្រារព្ធ​ពិធីសូត្រមន្ត នា​រសៀល​ថ្ងៃ សៅរ៍​១៤​កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​និង​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ ២០២០ នៅ​ទីវ​ត្ត​អារាម​ខាងលើ ស្ថិតនៅ​ភូមិ សា​យ៉ស់​ក្រោម ឃុំ​កា​ឡែ​ង ស្រុក​លំផាត់ ខេត្តរតនគិរី​។

​ពិធីបុណ្យ​នេះ​ ត្រូវ​បាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក ប៊ូ ឡាំ សមាជិក​រដ្ឋសភា និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​រតនគិរី និង​លោកជំទាវ​។ កម្មវិធី​បុណ្យ​បាន​ប្រព្រឹត្ត​ទៅតាម​លំដាប់លំដោយ​ប្រពៃណី​ព្រះពុទ្ធសាសនា មាន​ធ្វើ​បទ​នមស្សការ ព្រះ​រតនត្រ័យ សមាទានសីល​និមន្ត​ព្រះសង្ឃ​ចំរើន​ព្រះ​បរិត្ត​សូត្រ និង​ការសម្តែង​ព្រះធម៌ ទេសនា​។

ក្នុង​ឱកាស​នោះ​ លោក​និង​លោកជំទាវ ព្រមទាំង​មន្ត្រីរាជការ បាន​នាំ​យក​ទៀន​ព្រះវស្សា និង​គ្រឿង​ឧបភោគ បរិភោគ​មួយចំនួន​ទៅ​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​អស់​កាល​ត្រីមាស សម្ភារៈ​មាន ទៀន​១​គូរ អង្គរ​២០០​គីឡូ ស្ករស​៣​គីឡូ ទឹក​សុទ្ធ​២​កេស បា​កាស​១​កេស ត្រីខ​១​កេស ត្រី​១​យួរ ប៊ីចេង​៣​គីឡូ ទឹក​ស៊ី​អ៊ី​វ​១​កេស អំបិល ៥​គីឡូ ចានបាយ ចាន​សម្ល​១០០ ស្លា​ព្រា​១០០ ឆ្នាំងខ្ទះ​ធំ​មួយ វែក​២ និង​បច្ច័យ​ចំនួន ១.០០០.០០០​រៀល​។

មានប្រសាសន៍​សំណេះសំណាល​ជាមួយ​ពុទ្ធបរិស័ទ លោក ប៊ូ ឡាំ​បាន​លើកឡើងថា លោក​មាន​ក្តី​សោមនស្ស​រីករាយ​ក្រៃលែង ដោយ​បានមក​ចូលរួម​ធ្វើបុណ្យ ធ្វើ​ទាន​ទៅតាម​ប្រពៃណី​ព្រះពុទ្ធសាសនា​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​នាពេលនេះ ដែលជា​ការរួមចំណែក​ក្នុងការ​យកចិត្តទុកដាក់ គោរព​ប្រតិបត្តិ និង​លើកកម្ពស់​ព្រះពុទ្ធសាសនា​។

លោក​បាន​បន្តថា ព្រះពុទ្ធសាសនា​មាន​តួនាទី​យ៉ាងសំខាន់ ក្នុងការ​លើកកម្ពស់​កា​រ​អប់រំ​ចរិយា​ធម៌ សីលធម៌ ក្នុង​សង្គមជាតិ​ទាំងមូល ដូចនេះ​ការចូលរួម​កសាង​វិស័យ​ព្រះពុទ្ធ សាសនា​ឲ្យ​មាន​ភាព​រីកចំរើន ក៏មាន​សារៈសំខាន់​ផងដែរ ដែល​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​ពុទ្ធបរិស័ទ​ទាំងអស់​ត្រូវ​ចូលរួម​។

លោក​កោត​សរសើរ​ដល់​អាជ្ញាធរ​ស្រុក​លំផាត់ ក៏ដូចជា​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ជាពិសេស ការ​ធ្វើ​ចត្តាឡឺស័ក​ឲ្យ​បាន​ហ្មត់ចត់ ចំពោះ​បងប្អូន​ដែល​ធ្វើការ​ចំណាកស្រុក នៅពេល​ដែល​ត្រលប់​ចូលមក​ស្រុកកំណើត​​វិញ​។

លោក​បាន​បញ្ជាក់ថា បច្ចុប្បន្ន​នេះ​ប្រទេស​កម្ពុជា​នៅ​មាន​អ្នក​ផ្ទុកមេរោគ​កូ​វីដ​-១៩ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ហេតុនេះ​យើង​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​បន្ថែម​ទៀត​ក្នុងការ​ការពារ​សុខភាព និង​ធ្វើ​អនាម័យ​តាម​ការណែនាំ របស់​លោក​គ្រូពេទ្យ និង​ការ​ផ្សព្វផ្សាយ​របស់​ក្រសួងសុខាភិបាល​ជាប់​ជានិច្ច ពីព្រោះ​ជំងឺឆ្លង​កូ​វីដ​-១៩ មិនទាន់​រលាយ​បាត់​ពី​ផែនដី​នៅឡើយ​ទេ ព្រោះ​ជំងឺ​នេះ​កាច​សាហាវ​ណាស់ វា​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ និង​អាចធ្វើ​ឲ្យ​មនុស្ស​បាត់បង់ ជីវិត​ភ្លាមៗ​ផងដែរ (​យើង​ភ្លេច​កូ​វីដ​-១៩ ប៉ុន្តែ កូ​វីដ​-១៩ មិន​ភ្លេច​យើង​នោះទេ​)​។

លោក​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ត្រូវ​បង្កើន​ការផលិត​ផ្នែក​កសិកម្ម តាមរយៈ​ការដាំដុះ ការចិញ្ចឹម​សត្វ​ជាដើម ចំណែកឯ​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ពង្រឹង​ឲ្យ​មាន​ប្រសិទ្ធភាព​នូវ ភូមិ​-​ឃុំ​មាន​សុវត្ថិភាព និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​ផងដែរ​៕
វុ​ទ្ធ​ឦសាន

     



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114