ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ប្រាយុទ្ធ ​​មិន​អនុញ្ញាត​ឱ្យ​ទណ្ឌិត ​សម រង្ស៉ី ​ជាន់​ដី​ថៃ​ ខណៈ​ទូត​ខ្មែរ​​​ប្រចាំ​នៅ​ឥណ្ឌូណេស៊ី​​ ស្នើ​ឱ្យ​ចាប់​បញ្ជូន​​ខ្លួន​ មួរ​ សុខ​ហួរ

ទីក្រុង​បាងកក​ ៖​ លោក​ឧត្ដមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា ​នាយក​រដ្ឋមន្ត្រី​ប្រទេស​ថៃ​ បាន​បញ្ជាក់​ពី​ជំហរ​រដ្ឋាភិបាល​របស់​ខ្លួន​ថា ​សម រង្ស៉ី នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជាន់​ទឹក​ដី​ថៃ​ ដើម្បី​ធ្វើ​សកម្មភាព​ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា​នោះ​ឡើយ ​ក្នុង​នាម​ជា​ប្រទេស​សមាជិក​អាស៊ាន​ដូចគ្នា​​ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​កាសែត​បាង​កក​ប៉ុស្តិ៍​​ ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​០៦ ខែ​វិច្ឆិកា ​ឆ្នាំ២០១៩​។ ចំណែក​ស្ថាន​ទូត​ខ្មែរ​ប្រចាំ​នៅ​​ឥណ្ឌូណេស៊ី​​ ស្នើ​ឱ្យ​ចាប់​បញ្ជូន​ មួរ សុខហួរ មក​កាន់​ប្រទេស​កម្ពុជា​វិញ។

កាសែត​បាង​កកប៉ុស្តិ៍​បាន​ដក​ស្រង់​សម្តី​លោក​ឧត្ដមសេនីយ៍ ​ប្រាយុទ្ធ ​ចាន់​អូចា បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ​ដោយ​សំដៅ​ទៅ​លើ​ចំណង​មិត្តភាព​របស់​ថៃ​ជា​មួយ​កម្ពុជា​ថា ​ក្នុង​នាម​ជា​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ​(អាស៊ាន)​ ​ប្រទេស​ថៃ​ទំនង​ជា​មិន​អនុញ្ញាត​ឱ្យ​មេ​ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ឆ្លង​កាត់​ប្រទេស​ថៃ​ចូល​ប្រទេស​កម្ពុជា​នោះ​ទេ​។​ តាម​កាសែត​បាង​កក​ប៉ុស្តិ៍​បាន​បញ្ជាក់​ថា ​​​តាម​ការ​ប្ដេជ្ញា​ចិត្ត​ របស់​យើង​ចំពោះ​អាស៊ាន​​​យើង ​​នឹង​មិន​ជ្រៀត​ជ្រែក​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​គ្នា​ទៅ​វិញ​ទៅ​មក​ទេ ​ហើយ​យើង​ក៏​នឹង​មិន​អនុញ្ញាត​ឲ្យ​ក្រុម​ប្រឆាំង​ និង​រដ្ឋាភិបាល​ណា​មួយ ​ប្រើ​ប្រាស់​ប្រទេស​ថៃ​សម្រាប់​បម្រើ​សកម្មភាព​ផ្ទាល់​ខ្លួន​នោះ​ឡើយ​។ ​
លោក​នាយក​រដ្ឋមន្រ្តី​ថៃ​​បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា ​“បញ្ហា​នេះ​ខ្ញុំ​បាន​បញ្ជា​ទៅ​កាន់​មន្ត្រី​របស់​យើង​ហើយ​ ដូច្នេះ​លោក​សម ​រង្ស៊ី ប្រហែល​ជា​មិន​អាច​ចូល​ប្រទេស​ថៃ​បាន​នោះ​ទេ​”។​​​

ការ​ថ្លែង​របស់​នាយក​រដ្ឋមន្ដ្រី​ថៃ ​លោក ប្រាយុទ្ធ​ ក្នុង​នាម​ជា​ប្រធាន​ផ្លាស់​វេន​ នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៥ ហើយ​នេះ​បាន​បង្ហាញ​ពី​ទំនាក់​ទំនង​យ៉ាង​ល្អ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​នាម​ជា​សមាជិក​អាស៊ាន​ដូច​គ្នា​​។ ​សារព័ត៌មាន​ Reuters ​ក៏​បាន​​ដក​ស្រង់​សំដី​លោក​ឧត្ដមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ នៅ​ក្រុង​បាងកក ​កាល​ព្រឹក​ថ្ងៃ​ទី​០៦ ខែ​វិច្ឆិកា​ ឆ្នាំ២០១៩​ដែរ​ថា ​“​តាម​កាតព្វកិច្ច​របស់​យើង​ចំពោះ​អាស៊ាន ​យើង​នឹង​មិន​អនុញ្ញាត​ឱ្យ​មានការ​​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​នៃ​ប្រទេស​ជា​សមាជិក​នោះ​ទេ ​ហើយ​​ក៏​នឹង​មិន​អនុញ្ញាត​ឱ្យ​ក្រុម​មនុស្ស​ប្រឆាំង​រដ្ឋាភិបាល​ប្រើ​ប្រាស់​ទឹក​ដី​ថៃ ​ក្នុង​ចេតនា​នយោបាយ​នោះ​ដែរ​។​

ចំណែក​​អគ្គរាជ​ទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ​នៅ​ថ្ងៃ​ទី​០៦ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៩​នេះ​ បាន​ស្នើ​ឱ្យ​អាជ្ញាធរ​ឥណ្ឌូណេស៊ី​ចាប់​ខ្លួន លោកស្រី មូរ សុខ​ហួរ ​មេ​ដឹក​នាំ​ម្នាក់​របស់​ក្រុម​ពួក​ឧទ្ទាម​ ដែល​ប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្ដួល​រំលំ​រាជ​រដ្ឋាភិបាល​កម្ពុជា។

តាម​រយៈ​សេចក្ដី​ប្រកាស​របស់​ខ្លួន ​ស្ថាន​ទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ឥណ្ឌូ​នេស៊ី ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ ​«សាធារណរដ្ឋ​ឥណ្ឌូណេស៊ី ​និង​កម្ពុជា​ គឺ​ជា​មិត្ត​ជិតស្និទ្ធ​នឹង​គ្នា​អស់​រយៈ​ពេល​៦០​ឆ្នាំ​មក​ហើយ​។ ​ដូច្នេះ​ស្ថាន​ទូត​កម្ពុជា​ប្រចាំ​នៅ​ហ្សាការតា ​សូម​ស្នើ​ឲ្យ​អាជ្ញាធរ​ឥណ្ឌូណេស៊ី​ធ្វើ​ការ​ចាប់​ខ្លួន លោក​ស្រី ​មួរ​ ​សុខហួរ ​ហើយ​បញ្ជូន​លោក​ស្រី​មក​កាន់​កម្ពុជា​ជា​បន្ទាន់​ នៅ​ក្រោម​ស្មារតី​ពិត​របស់​អាស៊ាន​»​។​

ស្ថាន​ទូត​កម្ពុជា​បាន​បញ្ជាក់​ថា ​លោក​ស្រី ​មួរ​ សុខហួរ ​គឺ​ជា​អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​កម្ពុជា​ (CNRP) ដែល​ត្រូវ​បាន​តុលាការ​កំពូល​ នៃ​ប្រទេស​កម្ពុជា ​សម្រេច​រំលាយ​ចោល​នៅ​ថ្ងៃ​ទី​១៦ ​ខែ​វិច្ឆិកា ឆ្នាំ២០១៧​។ គណបក្ស​លោក​ស្រី​សព្វ​ថ្ងៃ​ គឺ​ជា​បក្ស​ខុស​ច្បាប់​នៅ​កម្ពុជា។​ លោក​ស្រី ​គឺ​ជា​ជន​ល្មើស​ដែល​រត់​គេច​ខ្លួន ​ហើយ​ត្រូវ​បាន​សាលា​ដំបូង​រាជធានី ភ្នំពេញ​​ បាន​ចេញ​ដីកា​ចាប់​ខ្លួន​លោក​ស្រី​ កាល​ពី​ថ្ងៃ​ទី​០២ ​ខែ​តុលា ​ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ ​ពាក់​ព័ន្ធ​ការ​ប៉ុន​ប៉ង​ ផ្តួល​រំលំ​រដ្ឋាភិបាល​ដែល​ជាប់​ឆ្នោត​ស្រប​ច្បាប់​។​

ទណ្ឌិត ​សម រង្ស៉ី ​និង​បក្ខពួក​បាន​​ប្រកាស​ពី​ការ​ធ្វើ​មាតុ​ភូមិ​និវត្ត​មក​ប្រទេស​កម្ពុជា​វិញ ​នៅ​ថ្ងៃ​ទី​០៩ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៩​ ​ខាង​មុខ ​ចំ​នឹង​បុណ្យ​ឯក​រាជ្យ​ជាតិ ​ហើយ​ទន្ទឹម​នឹង​ការ​ប្រកាស​ធ្វើ​រដ្ឋប្រហារ​នេះ​ ទណ្ឌិត ​សម រង្ស៉ី ដែល​ប្រើ​ប្រាស់​តួនាទី​ជា​ប្រធាន​ស្តី​ទី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រកាស​រៀប​ចំ​ថវិកា​ដល់​កង​ទ័ព​ ​ដែល​ផ្ដាច់​ខ្លួន​ពី​រាជ​រដ្ឋាភិបាល​ ដើម្បី​ចូល​រួម​ការ​ផ្ដួល​រំលំ​នេះ​ ព្រម​ទាំង​អំពាវ​នាវ​ដល់​ព្រះមហាក្សត្រ​ឱ្យ​ដាក់​រាជ​ថែម​ទៀត​ផង​។ ​ពាក់​ព័ន្ធ​នឹង​សកម្មភាព​នេះ ​រាជរដ្ឋាភិបាល​កម្ពុជា ​ស្ថាប័ន​តុលាការ​កង​កម្លាំង​សមត្ថកិច្ច​ និង​កង​ទ័ព​គ្រប់​លំដាប់​ថ្នាក់​ បាន​​ចាត់​ទុក​ថា​ជា​អំពើ​ល្មើស​ច្បាប់​ដ៏​ធ្ងន់ធ្ងរ​បំផុត ​ដែល​បង្ក​គ្រោះ​ថ្នាក់​ ភាព​វឹកវរ​ដល់​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ ​ហើយ​​​ប្រកាស​ចាត់​វិធាន​ការ​តាមច្បាប់ ​ដើម្បី​ការពារ​សន្តិភាព​ ស្ថិរភាព​​សង្គម៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114