BREAKING NEWS
Search

លោក សុក វាសនា គ្រូប​ង្វឹក​ឈុត​យុវជន​របស់​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង ត្រូវ​តែងតាំង​ជា​គ្រូ​បង្គោល​ក្លិប​អាស៊ី​អឺរ៉ុប

នៅ​រសៀល​ថ្ងៃ​ច័ន្ទ ទី​២ ខែមករា ឆ្នាំ​២០១៧ នេះ​ថ្នាក់ដឹកនាំ​កំពូល​នៃ​ក្លិប​បាល់ទាត់​អាស៊ី​អឺរ៉ុប បានសម្រេច​ចុះ​កិច្ចសន្យា​រយៈពេល​១​រដូវ​កាល​ជាមួយ​លោក សុក វាសនា អតីត​គ្រូបង្វឹក​ថ្នាល​យុវជន​របស់​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង ដើម្បីឱ្យ​ដឹកនាំ​ក្រុម​មួយ​នេះ​ចូលរួម​ក្នុង​ពានរង្វាន់​សំខាន់ៗ ប្រចាំ​រដូវ​កាល​ឆ្នាំ​២០១៧ នេះ​។

ក្លិប​បានសម្រេច​ឱ្យ​លោក សុក វាសនា ដែលជា​បងប្រុស​បង្កើត​កីឡាករ សុក ចាន់​រស្មី និង​កីឡាករ សុក សំណាង ចេញ​យុទ្ធនា​ការជ្រើសរើស​កីឡាករ​ចូល​ហ្វឹកហាត់​ជាមួយ​ក្រុម ក្រោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​កំណត់​ថា ឱ្យ​ក្រុម​មួយ​នេះ​ជា​បេក្ខភាព​លី​គ​កំពូល​កម្ពុជា​ជា​បន្ត ព្រមទាំង​សម្រេច​បន្ថែម​ក្រុម​ឱ្យ​កើត​ចំនួន​១២​ក្រុម​ឡើងវិញ​។ កាលពី​រដូវ​កាល​មុន អាស៊ី​អឺរ៉ុប បាន​ប្រើប្រាស់​គ្រូបង្វឹក​ជា​ជនជាតិ​នី​ហ្សេ​រី​យ៉ា ហើយ​ស្ថិតនៅ​កៅអី​បាត​តារាង​លីកកំពូល​កម្ពុជា ផងដែរ​។

បើ​និយាយ​ពី​លោក សុក វាសនា ធ្លាប់​ដឹកនាំ​ក្រុម U12 របស់​ព្រះខ័ន​រាជ​ស្វាយរៀង ឈ្នះ​មេដាយ​មាស​ក្នុង​ព្រឹត្តិការណ៍​កីឡា Asian Youth Football Festa ដែល​រៀបចំ​នៅ​ប្រទេស​កូរ៉េខាងត្បូង កាលពី​ឆ្នាំ​២០១៥ ខណៈ​នៅ​ឆ្នាំ​២០១៥ ជាមួយគ្នា​ផង​ដែរ លោក​ត្រូវ​បាន​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង តែងតាំង​ឱ្យធ្វើជា​គ្រូបង្វឹក​ដឹកនាំ​កីឡាករ​យុវជន​របស់ខ្លួន​ចំនួន​៨​រូប​ទៅ​ហ្វឹកហាត់​ក្នុង​សាលា​បាល់ទាត់​Brooke House College ដែលមាន​ទីតាំង​ក្នុង​ទីក្រុង Leicester ចក្រភព​អង់គ្លេស​ផងដែរ​។

លោក សុក វាសនា ក៏​ធ្លាប់​ជា​កីឡាករ​ដែល​កាលពី​នៅ​ក្មេង​ដោយ ចាប់ផ្ដើម​លេង​បាល់ទាត់​នៅ​ឆ្នាំ​១៩៩៧ នៅ​ក្រុម​កង​រក្សា​សម្ដេចក្រុមព្រះ​នរោត្តម រណ្ណ​រិ​ទ្ធិ និង បន្ត​លេង​ឲ្យ​ក្រុម​កងរាជអាវុធហត្ថ​ដែល​បច្ចុប្បន្ន​ជា​ព្រះខ័ន​រាជ​ស្វាយរៀង រហូត​ដល់ពេល​ចូលនិវត្តន៍ ដោយសារ​បញ្ហា​របួស​ជង្គង់​នៅ​ឆ្នាំ​២០០៦​។ ក្រោយ​ចូល​បោះបង់​អាជីព​ជា​កីឡាករ​បាល់ទាត់​លោក សុក វាសនា បាន​ចូលធ្វើការ​នៅ​សណ្ឋាគារ​ណាហ្គា​វើ​លដ៍​ផង និង ជា​គ្រូបង្វឹក​យុវជន​មួយរូប​នៅ​ក្លិប​ព្រះខ័ន​រាជ​ផង​។

ពានរង្វាន់​សំខាន់ៗ​ដែល​អាស៊ី​អឺរ៉ុប ត្រូវ​ចូលរួម​ប្រកួត​មាន​ពានរង្វាន់​ជើងឯក​លីក​កំពូល​កម្ពុជា ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន និង​ពានរង្វាន់​ជើងឯក​សាកលវិទ្យាល័យ​ថ្នាក់ជាតិ ផងដែរ​។ យ៉ាងណាក្តី​លោក សុក វាសនា ត្រូវ​ជ្រើសរើស​កីឡាករ​បរទេស​ចំនួន​៥​រូប បូក​ជាមួយ​កីឡាករ​ខ្មែរ​ជាច្រើនរូប​ដើម្បី​ជំនួស​តំណែង​កីឡាករ​មួយចំនួន​ដែល​ចាកចេញ​។

សូម​រំលឹក​ថា ​កាលពី​រដូវ​កាល​មុន​អាស៊ី​អឺរ៉ុប បាន​ឈរ​លេខ​១០ ក្នុងចំណោម​១០​ក្រុម ប្រចាំ​ពានរង្វាន់​លីក​កំពូល​កម្ពុជា ក្រោយ​ប្រកួត​បាន​១៨​លើក ឈ្នះ​បាន​១​លើក ស្មើ​៣​លើក និង​ចាញ់​១៤​ល​លើក​មាន​៦​ពិន្ទុ​ក្នុង​ដៃ​។ ចំពោះ​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វិញ​ក្រុម​ដែលមាន​សាកលវិទ្យាល័យ​ឯកជន​នៅក្រោយ​ខ្នង​មួយ​នេះ​បាន​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូ​ល ក្នុង​ជុំ​ផ្ដាច់ព្រ័ត្រ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114