ព័ត៍មានទាន់​ហេតុការណ៏
Search

លោក សុខ ឥសាន បង្ហើប​ពី​វត្តមាន​របស់​អតីត​មេដឹកនាំ​បក្សប្រឆាំង​មួយរូប នៅលើ​ឆាកនយោបាយ​ឡើងវិញ​

ភ្នំពេញ​ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន កាលពី​ថ្ងៃអាទិត្យ បាន​បង្ហើប​ពី​វត្តមាន​របស់​អ្នកនយោបាយ​មួយ​រូប ដែល​ជា​អតីត​មេដឹកនាំ​បក្សប្រឆាំង នៅ​លើ​ឆាកនយោបាយ​ឡើងវិញ ខណៈ​ដែល​អតីត​អ្នកនយោបាយ​រូប​នោះ​កំពុង​រង​ការចោទប្រកាន់​ពីបទ​ស​ន្ទិ​ដ្ឋ​ភាព​ជាមួយ​បរទេស ឬ​បទ​ក្បត់ជាតិ ប៉ុន្តែ​ត្រូវ​បាន​តុលាការ​ដោះលែង និង​បន្ធូរ​បន្ថយ​កម្រិត​នៃ​ការឃ្លាំមើល ដែល​គេ​សង្ឃឹមថា នឹង​អាច​ឲ្យ​មាន​សេរីភាព​ពេញលេញ​នៅពេល​ដ៏​ឆាប់ៗ​ខាងមុខ​។

ការ​បង្ហើប​របស់​លោក សុខ ឥសាន បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃអាទិត្យ​ទី​០១ ខែធ្នូ ឆ្នាំ​២០១៩ តាមរយៈ​សា​អេ​ឡិ​ក​ត្រូ​និក​តេ​ឡេ​ក្រាម ហើយ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូបនោះ គឺ​លោក កឹម សុខា អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​ស​ន្ទិ​ដ្ឋ​ភាព​ជាមួយ​បរទេស ឬ​បទ​ក្បត់ជាតិ តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ ហើយ​បើ​តាម​បទល្មើស​នេះ អាច​ជាប់ពន្ធនាគារ​ពី​១៥ ឆ្នាំ​ដល់​៣០​ឆ្នាំ​។ បើ​តាម​លោក សុខ ឥសាន នៅ​ពេល​នោះ ជីវិត​នយោបាយ​របស់​ទណ្ឌិត សម រង្ស៊ី ដែល​ជា​មេ​ឧទ្ទាម​ក្រៅច្បាប់​នឹង​ត្រូវ​បញ្ចប់​ផងដែរ​។

លោក សុខ ឥសាន បាន​បញ្ជាក់​បែបនេះ​ថា “​ជីវិត​នយោបាយ​របស់​ទណ្ឌិត​មេ​ឧទ្ទាម​ក្រៅច្បាប់​នឹងត្រូវ​បញ្ចប់​ឆាប់ៗ​នេះ នៅ​ពេល​ដែល កឹម សុខា មាន​វត្តមាន​លើ​ឆាក​នយោបាយ​ឡើងវិញ និង​ក្រោយ​ថ្ងៃ​ទី​១២ ខែធ្នូ ដែល​អត់​មាន​ផល​ប៉ះពាល់​អី​ខ្លាំង​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA”​។ ពីព្រោះ សម រង្ស៊ី បាន​ដើរ​ភូត​កុហក​ថា ក្រោយ​ថ្ងៃ​ទី​១២ ខែធ្នូ រោងចក្រ នឹង​ត្រូវ​បិទទ្វារ ហើយ​ធ្វើ​ឲ្យ​កម្មករ​អត់​ការងារ​ធ្វើ ប៉ុន្តែ​តាមពិត​ការ​កុហក​របស់​ទណ្ឌិត​មេ​ឧទ្ទាម នឹង​គ្មាន​ប្រសិទ្ធភាព ដោយសារ​ក្រោយ​ថ្ងៃទី​១២ ខែធ្នូ គ្មាន​រោងចក្រ​ណា​ត្រូវ​បិទទ្វារ ហើយ​កម្មករ​នៅ​តែ​មាន​ការងារ​ធ្វើ​ដដែល​។ ចំណែក​ការ​នា​ចេញ​ផលិតផល​កាត់ដេរ​ចូល​អឺរ៉ុប នៅ​តែ​មាន​ដោយ​គ្រាន់តែ​បង់ពន្ធ​បន្ថែម​។ ដូច្នេះ​ជីវិត​នយោបាយ​របស់​ទ​ណ្ឌិ​ត សម រង្ស៊ី នឹងត្រូវ​បញ្ចប់ ដោយសារ​តែ​មហាជន ក៏ដូចជា​កម្មករ កម្មការិនី សមាជិក សមាជិកា ជាពិសេស​អ្នកគាំទ្រ​បាន​ដក​សេចក្តីទុកចិត្ត​។

បើ​តាម​លោក សុខ ឥសាន ករណី កឹម សុខា អាស្រ័យ​លើ​នីតិវិធី​របស់​តុលាការ ហើយ​មិនមែន​ស្ថិត​នៅ​លើ​ការ​ចង់បាន​របស់​ក្រុម​ប្រឆាំង​មួយ​ក្តាប់​តូច​ណាមួយ​នោះ​ឡើយ​។

សូម​បញ្ជាក់​ថា លោក កឹម សុខា ត្រូវ​បាន​ឃុំខ្លួន​ដាក់ពន្ធនាគារ កាលពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ដោយ​ចោទប្រកាន់​ពី​បទ​ធ្វើ​ស​ន្ទិ​ដ្ឋ​ភាព​ជាមួយ​បរទេស តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​។ តែ​ត្រូវបាន​តុលាការ​សម្រេច​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន នៅវេលា​ទៀបភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ ដោយ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ដោយសារតែ​បញ្ហា​សុខភាព បន្ទាប់ពី​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង (​ម​៣) រយៈពេល​ជាង​១​ឆ្នាំ​។ តែ​ការដោះលែង​លោក កឹម សុខា ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន ក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​នេះ បាន​ភ្ជាប់​នូវ​លក្ខខណ្ឌ​ចាំបាច់​មួយចំនួន​។

រហូតមកដល់​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​បន្ធូរបន្ថយ​កាតព្វកិច្ច​នៃ​ការ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​បន្ថែម​ទៀត ដែល​អាច​ឲ្យ​លោក កឹម សុខា ចេញ​ក្រៅ​ផ្ទះ​បាន ហើយក៏​អាច​ទៅពិនិត្យ​សុខភាព ឬ​ដើរលេង​ផ្សារ​បាន​ដែរ​។ ដោយសារ​តែមាន​បន្ធូរ​បន្ថយ​ជា​បន្តបន្ទាប់​នេះ ធ្វើ​ឲ្យ​គេ​សន្និដ្ឋានថា លោក កឹម នឹង​អាច​មាន​សេរីភាព​ពេញលេញ​នៅពេល​ឆាប់ៗ​ខាងមុខ​៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114