BREAKING NEWS
Search

លោក ស៊ិ​ក ប៊ុន​ហុក​ ៖ គ​.​ជ​.​ប តែង​ធ្វើកំណែទម្រង់​ជា​បន្តបន្ទាប់ ដើម្បី​សាធារណជន​ទទួលស្គាល់ ហើយ​គ្មាន​ការ​តវ៉ា​ក្រោយ​ការបោះឆ្នោត

ភ្នំពេញ​ ៖ ការ​បញ្ជាក់​របស់​លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.​ជ​.​ប​) បាន​ធ្វើឡើង​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត​រាជធានី​ភ្នំពេញ (​ល​.​ធ​.​ប​) និង​លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត​ខេត្តកណ្តាល (​ល​.​ខ​.​ប​) នៅ​ទីស្តីការ គ​.​ជ​.​ប កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២០​។

មាន​ប្រសាសន៍​នៅក្នុង​ពិធី​នោះ លោក ស៊ិ​ក ប៊ុន​ហុក ពន្យល់​ថា ការ​ធ្វើ​កំណែ​ទម្រង់​នេះ គ​.​ជ​.​ប តែងតែ​ធ្វើជា​បន្តបន្ទាប់ ព្រោះ​គ្មាន​ការងារ​ណាមួយ​ធ្វើ​ល្អឥតខ្ចោះ​នោះទេ​។ ការកែទម្រង់​ការបោះឆ្នោត គឺ​ដើម្បី​ឲ្យ​សាធារណជន​ទទួលស្គាល់​ការពិត នៃ​ការបោះឆ្នោត​នៅ​កម្ពុជា ហើយ​នៅ​ពេល​នោះ នឹង​មិនអាច​បដិសេធ​បាន ជាពិសេស​នឹងមិន​មាន​ការ​ធ្វើ​បាតុកម្ម​ពេញ​ប្រទេស ដែល​នាំឲ្យ​មានការ​បែកបាក់​ផ្ទៃក្នុង​របស់​ប្រទេស​នោះទេ​។ លោក​បញ្ជាក់ថា រហូតមកដល់​ពេលនេះ មាន​ប្រទេស​មិនតិចជាង​៤០​ទេ ដែល​មិនទាន់បាន​រកឃើញ​សុខសន្តិភាព​ក្រោយពេល​មាន​បដិវត្តន៍ពណ៌។

ប្រធាន​ស្ថាប័ន គ​.​ជ​.​ប រូប​នេះ​គូស​បញ្ជាក់​ថា “​បើ​ទោះបី​ជា​ការបោះឆ្នោត​ក​ន្ល​ង​មក មាន​គេ​ទទួលស្គាល់​ហើយក៏​ដោយ គ​.​ជ​.​ប នៅតែ​បន្ត​ធ្វើ​ការកែទម្រង់​បន្ថែមទៀត ដើម្បី​ឲ្យ​មានការ​បោះឆ្នោត​កាន់តែ​ប្រសើរ​ទៅៗ ធានា​បាន​នូវ​ស្ថិរភាព សន្តិភាព​របស់​ស្រុកទេស​យើង ហើយ​វា​មិនមាន​ការ​បែកបាក់​ផ្ទៃក្នុង វា​មិន​ស្អប់ខ្ពើម​ជាតិ​សាសន៍​គ្នាឯង​”​។

លោក​បាន​ចោទ​សួរ​ថា “​បើ​អ‍ឹចឹ​ង តើ​ធ្វើ​នេះ សម្រាប់​ប្រយោជន៍​អ្នកណា​ហ្នឹង​? មិន​ប្រយោជន៍​ខ្មែរ​ទាំងអស់គ្នា​ហ្នឹង​។ ចូលរួម​ធ្វើការ​បោះឆ្នោត​បាន​ត្រឹមត្រូវ តាម​បណ្តា​គោលការណ៍​ទាំងអស់ គឺ​គ្មាន​ភាគី​ណា គេ​បដិសេធ​លទ្ធផល​របស់​យើង​ទេ​!”​។ លោក​បន្ត​ថា ការដែល​លោក​ចុះទៅ​ដោយផ្ទាល់ នៅតាម លធ​.​ខ​ប គឺ​ដើម្បី​ពង្រឹង​កោសិកា​នៃ​ការបោះឆ្នោត​នៅតាម​មូលដ្ឋាន ព្រោះថា​ការបោះឆ្នោត​ប្រព្រឹត្តទៅ​នៅ​ទីនោះ ហើយ​ការបោះឆ្នោត គឺ​គ្មាន​សាលាបង្រៀន​ទេ​។

បើ​តាម​របាយការណ៍​រប​ស់លោក ស៊ីម ដូ​នី ប្រធាន​លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត​រាជធានី​ភ្នំពេញ (​ល​.​ធ​.​ប​) បាន​ឲ្យ​ដឹងថា នៅក្នុង​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ២០២០ ល​.​ធ​.​ប ភ្នំពេញ ត្រៀម​ចុះឈ្មោះ​ជូន​ប្រជាពលរដ្ឋ ចំនួន​១៥.៦០៧ នាក់​។ លោក​បន្តថា រហូតមកដល់​ពេលនេះ ល​.​ធ​.​ប ភ្នំពេញ មិនទាន់មាន​ឃ្លាំង និង​ទីស្នាក់ការ​ផ្ទាល់ខ្លួន​នៅឡើយ​ទេ គឺ​បច្ចុប្បន្នកំពុង​ប្រើប្រាស់​ផ្ទះល្វែង ដែលជា​កម្មសិទ្ធិ​របស់​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​។

ចំណែក​លោក ផាន់ ឫទ្ធិពល ប្រធាន​លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត​ខេត្តកណ្តាល (​ល​.​ខ​.​ប​) បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​បាន​ចុះឈ្មោះ​បោះឆ្នោត​សរុប​នៅក្នុង​ខេត្តកណ្តាល មាន​ចំនួន​២០.៣១៥ នាក់ ហើយ​ផែនការ​នៃ​ការ​ចុះឈ្មោះ​បោះឆ្នោត​តាម​ឃុំ សង្កាត់ ឆ្នាំនេះ មាន​ចំនួន ១៦.៤៤២ នាក់​។ លោក​បាន​បញ្ជាក់​ថា រហូតដល់​ពេលនេះ ល​.​ខ​.​ប កណ្តាល ក៏​មិន​ទាន់​មាន​ទីស្នាក់ការ និង​ដី​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​នៅឡើយ​ទេ​។

ក្រៅ​ពី​នេះ លោក​បាន​ចាត់ទុកថា ជំនួប​ផ្ទាល់​ជាមួយ​លោក​ប្រធាន​នៅពេលនេះ គឺ​បាន​ទទួល​បទពិសោធន៍ និង​ទស្សនៈ​ល្អៗ​ជាច្រើន ពិសេស​បាន​ជួយ​កសាង​សមត្ថភាព និង​អភិវឌ្ឍន៍​ខ្លួន​ឈាន​ឆ្ពោះទៅ​សម្រេចបាន​ជោគជ័យ​ក្នុង​ជីវិត និង​ជា​ត្រីវិស័យ​សម្រាប់​ការងារ​ក្នុង​វិស័យ​បោះឆ្នោត ដើម្បី​យកទៅអនុវត្ត​នៅក្នុង​ការ​បំពេញ​តួនាទី និង​ភារកិច្ច​ក្នុងនាម​ជា​អ្នកបម្រើ​សេវា​ជូន​ម្ចាស់ឆ្នោត​។

មិនតែប៉ុណ្ណោះ លោក​ក៏បាន​យល់ដឹង​បន្ថែម​នូវ​កម្មវិធី​កំណែទម្រង់​ការបោះឆ្នោត ដែលជា​ទិសដៅ​ដ៏​មុត​ស្រួច​របស់​ប្រធាន គ​.​ជ​.​ប។

ឆ្លើយតប​នឹង​បញ្ហា​ប្រឈម​របស់ លធ​.​ខ​ប ទាំងពីរ លោក ស៊ិ​ក ប៊ុន​ហុក បាន​ថ្លែងថា មិនមែន​តែ លធ​.​ខ​ប ទាំងពីរ​នេះ​ទេ ដែល​មិនទាន់មាន​ទីស្នាក់ការ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន គឺ​នៅមាន ល​.​ខ​.​ប ចំនួន​៥ ផ្សេងទៀត ក៏​មិនទាន់មាន​ដែរ ហើយ​ជាងនេះទៅទៀត គ​.​ជ​.​ប ក៏​មិនទាន់មាន​ឃ្លាំង ដែលជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ដែរ ព្រោះ គ​.​ជ​.​ប គឺជា​ស្ថាប័នរដ្ឋ ដែល​ទើបតែ​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៩៧ ប៉ុន្តែ​លោក​ជឿជាក់ថា នាពេល​ខាងមុខនេះ យើង​នឹងមាន​ទីតាំង​ផ្ទាល់ខ្លួន​នៅ​គ្រប់ លធ​.​ខ​ប ២៥ រាជធានី ខេត្ត ដើម្បី​បង្ក​ភាព​ងាយ​ស្រួយ​ក្នុងការ​បំពេញការងារ៕
កោះ​កែវ

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114