BREAKING NEWS
Search

លោក ហ៊ុន ម៉ា​ណែ​ត ៖ ប្រទេសជាតិ​រឹងមាំ គឺ​ផ្អែក​ទៅ​លើ​វិស័យ​ការពារ​ជាតិ​ខ្លាំង ហើយ​វិស័យ​ការពារជាតិ​ខ្លាំង គឺ​ដោយសារ​កងទ័ព​យើង​ខ្លាំង

កំពង់ស្ពឺ ៖ ការ​លើក​ឡើង​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក​បែបនេះ នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​សិក្ខាកាម​វគ្គ​បណ្តុះបណ្តាល​យោធា​ចា​រ្យ​ជំនា​ន់ទី​២ បំពេញ​ក្របខណ្ឌ​ឲ្យ​សាលា​ពលទាហាន​ចំណុះ​យោធភូមិភាគ ឆ្នាំ​២០២០ មូលដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​តេ​ជោ​សែន ភ្នំ​ធំ​ម្រះព្រៅ ខេត្តកំពង់ស្ពឺ នា​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២០​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត លើកឡើង​យ៉ាងនេះ​ថា “​ប្រទេសជាតិ​រឹងមាំ គឺ​ផ្អែកទៅលើ​វិស័យ​ការពារជាតិ​ខ្លាំង ហើយ​វិស័យ​ការពារជាតិ​ខ្លាំង គឺ​ដោយសារ​កងទ័ព​យើង​ខ្លាំង​។ នាយទាហាន​ជំនាន់​មុន​បាន​បន្សល់ទុក​នូវ​ស្នាដៃ​ការពារជាតិ ដើម្បី​បុព្វហេតុ​ជាតិ មក ដល់​យើង​សព្វថ្ងៃ​នេះ ដូច្នេះ​យើង​ត្រូវ​បន្ត​ថែ រក្សា​នូវ​កេរមរតក​នេះ​ទៅ​មុខទៀត ដោយ​ឈរ លើ​មូលដ្ឋាន​នៃ​ស្មារតី ឆន្ទៈ បទពិសោធន៍ ហើយ​បូកផ្សំ​ជាមួយនឹង​សមត្ថភាព​ជាក់ស្តែង​”​។ លោក​បន្តថា ការហ្វឹកហ្វឺន​ពលទាហាន​ឱ្យមាន​មូលដ្ឋានគ្រឹះ​ច​ចបាស់លាស់ គឺជា​កត្តា​សំខាន់បំផុត​ដែល​ធ្វើឱ្យ​កងទ័ព​របស់​យើង​ខ្លាំង ហើយ​អាច​ការពារជាតិ​មាតុភូមិ​របស់​យើង​បានយូរ​អង្វែង​ទៅមុខទៀត​។ ការហ្វឹកហ្វឺន​ត្រូវ​ផ្អែកលើ​កត្តា​ពីរ ទីមួយ​គឺ​ស្មារតី​ស្នេហា​ជាតិ សាសនា ព្រះមហាក្សត្រ និង​ទី​ពីរ​គឺ​កត្តា​សមត្ថភាព​ដោយមាន​ភាពម្ចាស់ការ​លើ​ខ្លួនឯង​។ នេះហើយ​ជា​ស្មារតី​ជាតិនិយម ដើម្បី​បង្កើន​នូវ​ភាពជឿ​ទុកចិត្ត​លើ​ខ្លួនឯង​នៅក្នុង​ការធានា​ម្ចាស់ការ​លើ​អនាគត​របស់​យើង​។​

បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត យោធា​ចា​រ្យ​មាន​តួនាទី​សំខាន់​ណាស់​។ អាជីព​ជា​យោធា​ចា​រ្យ មាន​លក្ខណៈពិសេស​ពីរ​។ ទីមួយ គឺ​យើង​បាន​ចូលរួម​ដោយផ្ទាល់​ក្នុងការ​បម្រើ​ជាតិ​តាមរយៈ​កា​រប​ង្រៀ​នា ពលទាហាន​របស់​យើង​ឱ្យមាន​មូលដ្ឋាន​ក្នុងការ​ការ​ពរ​ខ្លួន ក៏ដូចជា​ការពារ​អង្គភាព ធានាបាន​នូវ​ជោគជ័យ​ក្នុងការ​បំពេញភារកិច្ច ដែលជា​មោ​ទ​ភាព​ក្នុងការ​ចូលរួមចំណែក​ការពារជាតិ​តាមរយៈ​ការបណ្តុះបណ្តាល​នូវ​វីរជន​ឆ្នើមៗ​។ ទី​ពីរ គឺ​យោធា​ចា​រ្យ​ទទួលបាន​នូវ​កិត្តិយស​មហាសាល​ដែល​ដក​ជាប់​ក្នុង​ក្រអៅ បេះដូង​របស់​សិស្ស​គ្រប់រូប ក្នុងនាម​ជា​អ្នកមានគុណ ដែល​បាន​ផ្តល់នូវ​ចំណេះដឹង​ដល់​ពួកគេ​។

ជាមួយគ្នា​នោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ស្នើឱ្យ​សិក្ខាកាម​យោធា​ចា​រ្យ​យើង​យល់​អំពី​តម្លៃ​នៃ​អាជីព​មួយ​នេះ ហើយ យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ហ្វឹកហ្វឺន និង​ចេញទៅ​បំពេញភារកិច្ច​បង្រៀន​នៅតាម​បណ្តា​សាលា ប្រកបដោយ​ឆន្ទៈ និង​មនសិកា​ខ្ពស់​ចេញពី​បេះដូង​។ ជាមួយគ្នានេះ សូម​យល់​ផងដែរ​អំពី​អត្ថប្រយោជន៍​នៃ​អាជីព​មួយ​នេះ តាមរយៈ​ការ​ចោទ​សួរថា តើ​យើង​បាន​បន្សល់ទុក​អ្វីខ្លះ​ជូន​កងទ័ព​យើង​បន្ទាប់ពី​ការចូលនិវត្តន៍​ទៅ គឺ​យោធា​ចា​រ្យ​ម្នាក់​អាច​បន្សល់ទុក​នូវ​យោធិន​រាប់ពាន់នាក់​ដែល​យើង​បាន​ចូលរួម​បណ្តុះបណ្តាល រួមទាំង​ការ​បន្សល់ទុក​នូវ​ប្រព័ន្ធ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​អប់រំ​កងទ័ព បន្ត​ទុកឱ្យ​កូនចៅ​យើង​ជំនាន់​ក្រោយៗ​ទៀត​។ ដូច្នេះហើយ​ឱកាស​ជា​យោធា​ចា​រ្យ​នេះ គឺជា​ឱកាស​ពិសេស​មួយ​ដែល​សិក្ខាកាម​យើង​អាច​ចូលរួម​ក្នុង​ការកសាង​សមិទ្ធផល​សម្រាប់​កងទ័ព​តាមរយៈ​ការកសាង​បណ្តុះបណ្តាល​ធនធានមនុស្ស​។​

នៅក្នុង​ឱកាស​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​អរគុណ​ថ្នាក់ដឹកនាំ​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ​, អង្គភាព​-​ស្ថាប័ន​ពាក់ព័ន្ធ​, គណៈ​គ្រប់គ្រង​វគ្គ​, យោធា​ចា​រ្យ ក៏ដូចជា​នាយទាហាន​, នាយទាហានរង និង​ពលទាហាន​ទាំង​អស់នៃ​កងពលតូច​លេខ​៧០ ដែល​បាន​ដែល​បាន​សហការ​ជួយ​រៀបចំ និង​បង្កលក្ខណៈ​ឱ្យ​ការហ្វឹកហ្វឺន​នេះ​ដំណើរការបាន​ល្អប្រសើរ និង​សូម​អរគុណ​ដល់​បេក្ខជន​យោធា​ចា​រ្យ​ទាំងអស់​ដែល​បាន​ស្ម័គ្រចិត្ត និង​សកម្ម​យកចិត្ត​ទុក ដាក់​ចូលរួម​នៅក្នុង​ការហ្វឹកហ្វឺន​នេះ​៕
កោះ​កែវ

    



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114