លោក អូស្មាន ហាស្សាន់ ៖ “ខ្ញុំមិនមានកើតជំងឺឆ្លងអ្វីនោះទេ ហើយបញ្ហាសុខភាពខ្ញុំ ក៏នៅតែមាំមួនជាធម្មតាទេនៅពេលនេះ”

ភ្នំពេញ ៖ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស លោក អូស្មាន ហាស្សាន់ នៅព្រឹកថ្ងៃទី៦ មេសានេះ បានបង្ហោះសារនៅលើបណ្តាញសង្គម បញ្ជាក់ថាលោកមិនបានដឹកនាំប្រជាពលរដ្ឋខ្មែរឥស្លាមចំនួន៧៩នាក់ ទៅចូលរួមពិធីបុណ្យសាសនា នៅប្រទេសម៉ាឡេស៊ីនោះទេ កាលពីចុងខែកុម្ភៈ និងដើមខែមីនា បន្ទាប់ពីមានអ្នកខ្លះបារម្ភទៅលើសុខភាពរបស់លោក។

លោក អូស្មាន ហាស្សាន់ ដែលជាមេដឹកនាំសាសនាឥស្លាមមួយរូបនៅកម្ពុជា បានឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុកលោកថា នៅថ្ងៃទី២៥-២៦ ខែកុម្ភៈ ឆ្នាំ២០២០ លោក និងប្រតិភូមានវត្តមាននៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមបើកការដ្ឋានសាងសង់សារមន្ទីរប្រវត្តិសាស្ត្រ ព្យាការី ណាពីម៉ូហាំម៉ាត់ ធំមួយ ជាមួយនឹងអតីតអនុប្រធានាធិបតីឥណ្ឌូណេស៊ី លោក Jusof kalla។ នៅថ្ងៃទី២៧ កុម្ភៈ លោក និងប្រតិភូបានចេញពីទីក្រុងហ្សាកាតា ទៅចូលរួមសន្និសីទDMDI ប្រចាំឆ្នាំ នៅទីក្រុង Pekanbaru ខេត្ត Reau ប្រទេសឥណ្ឌូណេស៊ី។ លោកបានត្រទ្បប់មកភ្នំពេញវិញ នៅថ្ងៃទី២៨ កុម្ភៈ។ លោកបានបន្ថែមថានៅថ្ងៃទី១ ខែមីនា លោក និងប្រតិភូបានទៅបំពេញបេសកកម្មការងារនៅរដ្ឋធានី Ankara និង Konya ប្រទេសទួរគីទៀត រហូតដល់ថ្ងៃទី៨ ខែមីនា ទើបត្រទ្បប់មកកម្ពុជាវិញ។

លោកបានបន្តថា ទោះបីលោកមិនបានទៅចូលរួមពិធីបុណ្យសាសនានៅម៉ាទ្បេស៊ីក៏ដោយ ក៏លោកបានស្នើគ្រូពេទ្យនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញយកសំណាករបស់លោក និងក្រុមគ្រសារ មានចៅតូចៗ២នាក់ អ្នកបើកបរ អ្នកការពារ អ្នកដាំស្លរ អ្នកនៅប្រាស្រ័យការងារជិតខ្លួន សរុបចំនួន៣២ ទៅពិនិត្យ នៅថ្ងៃទី១៨ ខែមីនា ហើយលទ្ធផលបង្ហាញថាមិនមាននរណាម្នាក់ឆ្លងវីរុសកូវីដ១៩នោះទេ។

លោក អូស្មាន ហាស្សាន់ បានសរសេរថា ៖ “ខ្ញុំសូមឱ្យបងប្អូន កូនក្មួយ រួមទាំងមិត្តភ័ក្ដិមួយចំនួន ជឿជាក់ ហើយជ្រះស្រឡះក្នងចិត្តទៅចុះ ត្បិតនៅមានការសង្ស័យខ្លះៗពីមុនមកនោះ ហើយលែងបារម្ភអ្វីទៀតផងដែរចុះ ព្រោះខ្ញុំមិនមានកើតជំងឺឆ្លងអ្វីនោះទេ ហើយបញ្ហាសុខភាពខ្ញុំ ក៏នៅតែមាំមួនជាធម្មតាទេនៅពេលនេះ…”។

លោកបានឱ្យដឹងដែរថា ក្នុងចំណោមប្រជាពលរដ្ឋខ្មែរឥស្លាមចំនួន៧៩នាក់ដែលបានទៅចូលរួមធ្វើបុណ្យសាសនា នៅវិហារ Sri Petaling នៃរដ្ឋ Selangor ប្រទេសម៉ាឡេស៊ី ពីថៃ្ងទី២៧-២៩ ខែកុម្ភៈ និងថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ មាន២៣នាក់ត្រូវបានពិនិត្យ និងរកឃើញផ្ទុកវីរុសកូវីដ១៩ ក្រោយពីបានត្រឡប់មកកម្ពុជាវិញបានប៉ុន្មានថ្ងៃក្រោយមក។ លោកបានបន្តថា ក្នុងចំណោមអ្នកទាំង២៣ មាន១៩នាក់បានជាសះស្បើយ និងត្រឡប់ទៅផ្ទះវិញចំនួន ហើយនៅសល់តែ៤នាក់ទៀតតែប៉ុណ្ណោះដែលកំពុងទទួលការព្យាបាលបន្តនៅមន្ទីរពេទ្យ៕

អត្ថបទ៖ កម្ពុជាថ្មី TV